តាកែវៈ កាលពីវេលាម៉ោង ១១ និង២៣នាទីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវខ្នងព្រែកខាងជើងភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូសណ្ដោងរ៉ឺម៉ក បើកធ្លាក់ព្រែកជម្រៅ ៣ម៉ែត្រ បង្កទ្បើងដោយខ្លួនឯង។
ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៦ គ្មានស្លាកលេខ សណ្ដោងកន្ទុយរ៉ឺម៉ក ពីក្រោយ ដឹកស្បោងកំប៉ុងអេតចាយពីលើ បើកបរដោយឈ្មោះ ញឹប គួន ភេទស្រី អាយុ ៤១ មុខរបរ ដើរទិញអេតចាយ រស់នៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ រងគ្រោះថ្នាក់ស្លាប់នៅនឹងកន្លែង។
អ្នករួមដំណើរទី១ឈ្មោះ មុត សម្បត្តិ ភេទបុ្រស អាយុ ៦ឆ្នាំ មុខរបរសិស្ស ត្រូវជាកូនបង្កើត រស់នៅភូមិឃុំជាមួយគ្នា ស្លាប់នៅនឹងកន្លែង ទីឈ្មោះ ហឿន ស្រីណេត អាយុ ៤ឆ្នាំ មុខរបរស្ថិតក្នុងបន្ទុកគ្រួសារ រស់នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស រងរបួសសន្លប់ ត្រូវបានបញ្ជូនទៅពេទ្យបង្អែកស្រុកព្រៃកប្បាស និងទី៣ ឈ្មោះ ហឿន ស្រីលាភ ភេទស្រី អាយុ ៣ ឆ្នាំ មុខរបរស្ថិតក្នុងបន្ទុកគ្រួសារ រស់នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស រងរបួសស្រាល។
ករណីនេះ កម្លាំងជំនាញ បានចុះដល់ទីតាំងខាងលើ និងកសាងសំណុំរឿង ទៅតាមនិតីវិធី រីឯវត្ថុតាង ម៉ូតូសណ្ដោងរ៉ឺម៉ក បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ចំណែកសពប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់