រយៈពេលច្រើនថ្ងៃមកហើយ ដែលតារាចម្រៀង និងជាតារាកំប្លែងល្បីឈ្មោះ កញ្ញា លន់ ដាណេ បានចេញទៅសម្ដែង នៅក្នុងប្រទេសអូស្ត្រាលី។ បើទោះអំឡុងទៅដល់ មានការសម្ដែងរបស់សិល្បករច្រើនក្រុម តែគេនៅកត់សម្គាល់ថា សន្ទុះគាំទ្ររបស់កញ្ញា ដែលបានចាប់ដៃជាមួយនាយពែកមី គឺនៅតែខ្លាំង។
ការចេញសម្ដែងរបស់ ដាណេ នៅក្នុងប្រទេសអូស្ត្រាលីលើកនេះ គឺជាលើកទី២ បន្ទាប់ពីធ្លាប់បានទៅសម្ដែងយ៉ាងជោគជ័យ កាលពីឆ្នាំ២០០៤ម្ដងហើយ។ កញ្ញា និងនាយពែកមី នឹងត្រូវត្រលប់មកវិញ នៅថ្ងៃទី១៩ ខែ១១ ដោយតាមគម្រោង នឹងមិនមានការពន្យារពេលសម្ដែងនោះទេ បើទោះជាមានការស្នើសុំពីខាងស្ពុនស័រ។
លន់ ដាណេ និយាយថា នាងត្រូវបានគេអញ្ជើញ អោយចេញសម្ដែងក្រៅស្រុក ជាយូរមកហើយ ប៉ុន្តែមកពីរកពេលទទួលមិនបានសោះ ទើបនាងទើបតែ បានទទួលការសម្ដែងនៅអូស្ត្រាលីនៅក្នុងពេលនេះ។ នាងថាមកដល់អូស្រា្តលី ទទួលបានការស្វាគមន៍មិនតិចទេ ដោយការចេញសម្ដែងម្ដងៗ គឺមានបងប្អូនខ្មែរច្រើន មកទិញសំបុត្រទស្សនា ហើយរាំលេងសប្បាយៗជាមួយក្រុមនាង។
ពាក់ព័ន្ធនឹងការលើកឡើងថា លន់ ដាណេ បើទោះជាកើនវ័យពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែកាន់តែស្រស់ស្អាត សាច់ឈាមភ្លឺថ្លា នាងបញ្ជាក់ថា មិនបានទៅសំងំ កែកុននោះទេ ប៉ុន្តែបណ្ដាលមកពីនាងសប្បាយចិត្ត នឹងការងារសិល្បៈកាក់កបជាងមុន ហើយមានរបៀបថែទាំសម្រស់ផង ទើបមើលទៅគេថា នាងស្អាតដោយសារកែកុន។
នាងក៏ប្រកែកថា មិនទាន់មានបុរសបណ្ដូលចិត្តឃុំគ្រងបេះដូងនៅឡើយដែរ ដោយនាងបង្ហើបថា មានអ្នកស្រទ្បាញ់ច្រើន តែស្ថិតក្នុងការពិចារណា មិនទាន់ជ្រើស៕
មតិយោបល់