ព័ត៌មានសិល្បៈ និងកម្សាន្ត

គឹម ចាន់រតនា និងភរិយា តស៑ូតាំងពីជាតន្ត្រីករ និងជាអ្នកចម្រៀងអកកេស ក្លាយជាថៅកែ

មិនខុសពាក្យចាស់ថា វាសនាមនុស្សពិតជាមើលមិនឃើញ អតីតតន្ត្រីករ និងជាអ្នកចម្រៀង តាមវង់អកកេសពីរនាក់ប្ដីប្រពន្ធ ដែលធ្លាប់តែកម្សត់ ក្នុងសិល្បៈ កាលពីជិត១០ឆ្នាំមុន បានក្លាយជាសេដ្ឋី ជាម្ចាស់ក្រុមហ៑ុនដែលមានដើមទុន រាប់សែនដុល្លារនឹកស្មានមិនដល់។ លោក គឹម ចាន់រតនា និងភរិយា ដែលធ្លាប់អះអាងថា គ្រាន់តែជាអ្នកសិល្បៈរកព្រឹកខ្វះល្ងាច ក្នុងវង់តន្ត្រីមួយ នៅខេត្តកំពង់ចាម បានរៀបរាប់ពីជីវិត ក្រោយផ្លាស់ប្ដូរខ្លួន ក្លាយជាអ្នកជំនួញ ទ្រព្យស្តុកនៅក្នុងពេលនេះ។

លោក គឹម ចាន់រតនា បញ្ជាក់ថាប្រមាណជា១០ឆ្នាំមុន លោកគ្រាន់តែជាអ្នកលេង ឧបករណ៍សូឡូ និងព្យាណូ ខណៈដែលភរិយារបស់លោក គឺអ្នកស្រី ជិន វណ្ណារី គឹជាអ្នកចម្រៀង ក្នុងវង់អកកេសមួយប្រចាំ នៅខេត្តកំពង់ចាមរកព្រឹកខ្វះល្ងាចប៉ុណ្ណោះ ដោយក្នុងពេលនោះ ដ្បិតថា លោកជាអ្នកកំពង់ចាមមែន តែសូម្បីតែផ្ទះ នៅស្រុកកំណើត ក៏គ្មានរស់នៅសមរម្យនឹងគេ។

លោកត្រូវប្រើជីវិតជាអ្នកដើរលេងភ្លេង តាំងពីមុនឆ្នាំ២០០៨ ខណៈភរិយាត្រូវដើរច្រៀង កាត់ទឹកកាត់ព្រៃដេកផ្លូវជាមួយលោក ប្រកបដោយការតស៑ូ ដើម្បីរកលុយមកបង់ ឈ្នួលផ្ទះ នៅខេត្តកំពង់ចាម។ នៅក្នុងពេលនោះជីវិតប្ដីប្រពន្ធរបស់លោក មិនខុសពីសិល្បករមិនល្បី ភាគច្រើនដែលល្អតែមើលនោះទេ ដោយត្រូវឌុបប្ដី ឌុបប្រពន្ធចេញតាមវង់ភ្លេង ហើយបើនិយាយពីការឆ្លងកាត់ពាក្យសម្ដីប្រមាថមាក់ងាយ គឺអាចនិយាយបានថារាប់មិនអស់។

សមនឹងប្ដីប្រពន្ធលោក មិនហ៑ានចំណាយលើសម្ភារៈនិយម និងម្នាក់ៗ មើលថា មិនសុីវិល័យសម នឹងអ្នកសិល្បៈដែលលូយឆាយផ្សេងផង គឺរឹតតែមានការ មើលស្រាល។ យ៉ាងណាមិញ លោកថា នៅក្នុងពេលនោះ ពីរនាក់ប្ដីប្រពន្ធលោក មិនមែនរិះថាំ ឬជំពាក់គេខ្លះ អត់មានមូលហេតុនោះទេ ដោយលោក និងភរិយា សន្សំសំចៃលុយកាក់ ដែលរកបានពីវង់តន្ត្រីដ៏លំបាក ទៅទិញបានដីស្រែ តាមការណែនាំរបស់មិត្តភ័ក្ត្រ និងអ្នកស្គាល់គ្នា បានជាហូរហែរ នៅម្ដុំជម្ពូរវ័ន្ត និងនៅម្ដុំវត្តព្រះធាតុផ្លូវគួរស្រូវ ច្រកទៅតាកែវសព្វថ្ងៃ ក្នុងពេលតំបន់ទាំងនោះ មិនទាន់អភិវឌ្ឍន៍ហើយតម្លៃដីនៅថោក ។

លោកថាតម្លៃដីផ្លាស់ប្ដូរ នៅក្នុងតំបន់នោះ បានជួយអោយលោកលក់បានតម្លៃខ្ពស់ ហើយជួយអោយលោក និងភរិយា ទិញបានដីស្រែធំៗ នៅតាមបណ្ដោយផ្លូវជាតិ លេខ៣ ម្ដុំស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ និងនៅតំបន់មួយចំនួនទៀត ដែលធ្វើអោយលោកមានលទ្ធភាពក្លាយជាថៅ កែពុះដីឡូតិ៍នឹកស្មានមិនដល់ ក្នុងរង្វង់បីបួនឆ្នាំចុងក្រោយ។

មកទល់ពេលនេះ អតីតតន្ត្រីករ និងអ្នកចម្រៀងកម្សត់លោក គឹម ចាន់រនតា និងភរិយា មិនត្រឹមតែជាម្ចាស់ក្រុមហ៑ុន LYK គឹមចាន់រតនា ហ្សាណា ដែលជាក្រុមហ៑ុន ពុះលក់ដីឡូតិ៍ធំមួយ នៅស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ ប៉ុណ្ណោះទេ អ្នកទាំងពីរក៏ក្លាយ ជាអ្នកមានទ្រព្យស្ដុកស្តម្ភ និងមានគម្រោងដីឡូតិ៍បណ្ដាក់គ្នា ដោយក្រុមហ៑ុនរបស់លោក ក៏ត្រូវគេដឹងថាមានការចាប់ដៃ ជាមួយអតីតពិធីករល្បី ឈ្មោះនៅទូរទស្សន៍ My TV គឺលោក វីជេ រតនា និងមានការចូលរួមពីសិល្បករ មួយចំនួន ផងដែរ។ មកទល់ពេលនេះ បើទោះលោកបានក្លាយជាថៅកែ ប្រើសុទ្ធតែរថយន្តឡិចសុីស ៥៧០ ស៑េរី២០១៩ តម្លៃជាង២៤មុឺនដុល្លារ ប៉ុន្តែលោក និងភរិយា នៅតែមើលទៅសាមញ្ញ ខណៈដែលលោកប្រាប់ថា អតីតកាលធ្លាប់ជាតន្ត្រីករ នៅតែធ្វើអោយលោកដក់អារម្មណ៍ក្នុងចិត្ត ដែលនឹងធ្វើអោយលោកត្រៀមរៀបចំក្រុមការងារផលិតបទចម្រៀងក្នុងពេលឆាប់ៗ អោយតារាក្មេងៗ ជំនាន់ក្រោយ បានបញ្ខេញសមត្ថភាពច្រៀង។

លោក និង ក្រុមមិត្តភ័ក្ត្រ នៅតែជួបជុំប្រគំតន្ត្រីលេងកម្សាន្តជារឿយៗ បើទោះជាការប្រគំ ក្នុងប៉ុន្មានឆ្នាំនេះ មិនមែនដើម្បីរកកម្រៃដូចមុន។ លោកថា ក្នុងពេលក្រុមចម្រៀងរបស់លោក លេចចេញរូបរាង លោក និងភរិយា ក៏នឹងអាចចេញបទចម្រៀងមួយចំនួន ដើម្បីរំលឹកអតីតកាលដែលធ្លាប់តស៑ូក្នុងវង់តន្ត្រី មុនពេលជោគជ័យផងដែរ ដើម្បីបំពេញចំណូលចិត្ត និងអោយកូនស្រីរបស់លោក ទាំងពីរដឹងថា មុនពេលលោកមានលទ្ធភាពក្លាយជាម្ចាស់ក្រុមហ៑ុន គឺច្រៀង និង លេងភ្លេងកណ្ដាលភ្លៀង ហើយត្រូវគេស្ដី គេថារាប់មិនអស់។ លោក និងភរិយា រមែងធ្វើសកម្មភាពសប្បុរសធម៌ ចែករំលែកធនធានដល់អ្នកក្រខ្សត់ជារឿយៗ ដោយសារតែដក់ជាប់នូវអតីតកាលដែលធ្លាប់កម្សត់មុនពេលជោគជ័យ។

ជាមួយនឹងការលាតត្រដាងពីអតីតកាលរបស់លោក ត្រូវបានគេមើលឃើញថា កំពុងក្លាយជាបទពិសោធន៍មួយដ៏ប្រសើរ សម្រាប់មនុស្សទូទៅដែលមិនទាន់ជោគជ័យ មានកម្លាំងតស៑ូ៕

មតិយោបល់