ព័ត៌មានសិល្បៈ និងកម្សាន្ត

បេក្ខភាពកម្ពុជា ដណ្ដើមបានតំណែង២ពីប្រទេសថៃ

ក្រោយពីចាកចេញពីកម្ពុជា ទៅប្រកួត Mister Working Man International 2019 នៅក្នុងប្រទេសថៃ តារាសម្ដែង និង ជាតារាម៉ូដែលកម្ពុជា លោក ណារ៉ុង រ៉ាត់ ត្រលប់មកកាន់មាតុប្រទេសយើងវិញហើយ កាលពីយប់ថ្ងៃទី២២ តុលា ដោយលោកនាំយកជ័យជម្នះ២ត្រលប់មកវិញ ខណ:ដែលបវរកញ្ញាថៃ ដែលជូនលោកទៅ ក៏អមដំណើរលោកត្រលប់មកវិញ។

បេក្ខភាពតំណាងកម្ពុជា លោក ញ៉េប តូនិច ដែលក្នុងសិល្ប:ស្គាល់ភាគច្រើនថា ឈ្មោះ ណារ៉ុង រ៉ាត់ បានអះអាងថា ការប្រកួតដែលបានធ្វើឡើង នៅក្នុងទីក្រុងបាងកក ប្រទេសថៃនោះ មានបេក្ខជន១៥ប្រទេសចូលរួម ដូចជាថៃ វៀតណាម សហរដ្ឋអាមេរិក កូឡំប៊ី និងហ្វីលីពីនជាដើម។

ការប្រកួតដែលមានវិញ្ញាសារ និងការប្រកួតជម្រុះច្រើនដំណាក់កាលនោះ លោកទទួល បានចំណាត់ថ្នាក់លេខ៤ ខណ:ម្ចាស់ផ្ទះបានតែចំណាត់ថ្នាក់លេខ៥ប៉ុណ្ណោះ និងទទួលបានពានជាបុរសឯកថតរូបស្អាត។ នៅក្នុងការប្រកួតនោះ លោកក៏មានមោទនភាព មិនតិចដែរ ដែលបានគ្រងឈុតព្រះបាទសុរិយវរ្ម័នទី២ ក្រោមស្នាដៃច្នៃប្រឌិត របស់លោក នូ សុភេន ដែលនេះជាឈុតបុរាណមួយ ដែលលោកថា ទោះមិនទទួលបានពានក្នុងឈុតតំណាងជាតិ តែបានជួយ ឲ្យពិភពលោក កាន់តែស្គាល់ពីវប្បធម៏របស់កម្ពុជា។ បុរសឯកលេខ៤ពិភពលោក Mister Working Man International 2019 រូបនេះបន្តថា ក្រោយទទួលបាន ចំណាត់ថ្នាក់នេះ គណកម្មការអន្តរជាតិ គ្រោងនឹងយកលោក ទៅប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងទៀត តែលោកនៅមិនទាន់បានទទួលដំណឹងច្បាស់។ ក្នុងនោះលោក ក៏ប្រកាសទទួលការសម្ដែង និងច្រៀងដើម្បីឲ្យទីផ្សារ សិល្ប:ហក់ឡើងក្នុងស្រុកផងដែរ។

កញ្ញា Phannaporn Soogchod បវរកញ្ញាលេខ១ DEVI SRI SIAM 2019 ដែលជាគណកម្មការផ្ដល់ពិន្ទុមួយរូប និងជាតំណាងថៃអមដំណើរមក សរសើរថា បេក្ខភាពកម្ពុជា លោក ណារ៉ុង រ៉ាត់ ពិតជាមានសមត្ថភាព និងស័ក្តសម សម្រាប់ចំណាត់ថ្នាក់ដែលទទួលបាន។ តែនាងថា បើលោកស្ថិតក្នុងចំណាត់ថ្នាក់ បុរសឯកល្អជាងនេះ គឺរឹតតែស័ក្តសម។ ការប្រកួតនេះ ហ្វីលីពីនលេខ១ សហរដ្ឋអាមេរិកលេខ២ កូឡុំប៊ីលេខ៣ កម្ពុជាលេខ៤ និងថៃម្ចាស់ផ្ទះលេខ៥៕

មតិយោបល់