ព័ត៌មានសិល្បៈ និងកម្សាន្ត

យស បូវណ្ណៈ សុខចិត្តខាតការងារ មកទស្សនារឿង”លោកឪពុក” ដល់ស្រុកខ្មែរ

បើទោះជាគេឃើញលោក បានដឹកនាំបេក្ខនារីខ្មែរម្នាក់ មកចូលរួមប្រកួតប្រជែង ក្នុងមហោស្រពចម្រៀងជាតិ តែលោក យស បូវណ្ណ: បានអះអាងថា ហេតុផលដែលលោក សុខចិត្តសុំច្បាប់ការងារ២សប្ដាហ៍ ចុះមកកម្ពុជានេះ គឺដើម្បីមកទស្សនាភាពយន្តរឿង “លោកឪពុក” ដែលលោកបានសម្ដែងតែម្ដង។ លោកក៏ទទូចឲ្យចូលរួមគាំទ្រភាពយន្តនេះ ឲ្យកាន់តែច្រើនជាងនេះផងដែរ ដើម្បីផ្ដល់កម្លាំងចិត្ត ដែលលោកសម្រេចចិត្ត ត្រលប់មកកាន់ការសម្ដែងនៅកម្ពុជាវិញ ទាំងលោកមមាញឹកនៅអាមេរិក។

ថ្លែងក្នុងពិធីបង្ហាញខ្លួន នៅផ្សារទំនើបអ៊ីអន២ លោក យស បូវណ្ណ: និយាយថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលផលិតកម្មមហាហង្ស រៀបចំពិធីស្វាគមន៍ លោកយ៉ាងកក់ក្ដៅ ដោយវត្តមានទាំងតារាល្បីចាស់ក្មេងចូលរួមនោះ។ មិនខុសពីការ លើកឡើង ក្នុងពិធីទាំងមូលត្រូវគេរៀបចំតុភ្ញៀវ កន្លែងថតរូបអមដោយភ្លើងពណ៌ និងមានអ្នកសារព័ត៌ មានច្រូងច្រាង ធ្វើឲ្យលោក យស បូវណ្ណ: មានកិត្តិយសតែម្ដង មុនពេលលោក និងភ្ញៀវកិត្តិយសកុះករ ចូលទស្សនារឿង។

លោក យស បូវណ្ណ: បញ្ជាក់ថា គោលបំណងធំបំផុត ដែលលោកចុះមកកម្ពុជា គឺមកទស្សនារឿង ដែលលោកសម្ដែងដោយផ្ទាល់ ដោយលោកសុខចិត្ត បង់ខាតការងាររហូតពីរសប្ដាហ៍ ដើម្បីចំណាយពេលមកសម្ពោធលើកទី២ និងជួបហ្វេនដល់ផ្ទាល់តែម្ដង។ លោកថា សប្បាយចិត្ត ដែលមានការស្វាគមន៍ លើសពីការស្មានពីសំណាក់ ផលិតករមហាហង្ស ដើម្បីលើកមុខលើកមាត់របស់លោក ឲ្យមហាជនចាប់អារម្មណ៍។ លោកកាន់តែរំភើបចិត្ត នៅពេលមានអ្នកប្រាប់ថា ភាពយន្តរឿង”លោកឪពុក” ដែលលោកបានថត ទទួលបានការគាំទ្រ ហើយបើទោះជាដាក់បញ្ចាំងច្រើនថ្ងៃ ទៅហើយក្ដី នៅតែមានអ្នកទស្សនាពេញសាល។

លោកទទូចឲ្យទស្សនាភាពយន្តនេះ ឲ្យបានច្រើន ដើម្បីដឹងពីការលះបង់ របស់ឪពុក និងដូចជាគាំទ្រស្នាដៃរបស់លោក។ ក្នុងនោះលោក ក៏សោកស្ដាយណាស់ដែរ ដែលសុំច្បាប់បានតែ២សប្ដាហ៍ ហើយមិនអាចទទួល ថតរឿងបាន នៅពេលមានការទាក់ទងពីផលិតកម្មមហាហង្ស និងផលិតករផ្សេងទៀត តាំងពីមុនលោកចុះមក៕

មតិយោបល់