ព័ត៌មានសិល្បៈ និងកម្សាន្ត

តួអង្គខ្មោចល្បីៗក្នុងរឿងព្រេងខ្មែរ ធ្វើឲ្យកក្រើកផ្សារកុងតឺន័រ នៅជិតកោះពេជ្រ

កាលពីយប់ថ្ងៃទី១៦ កញ្ញា នៅផ្សារ Jet’s Container បានប្រារព្ធពិធី «ភ្ជុំមហាគ្រួសារខ្មែរ» យ៉ាងកក្រើកជាមួយនឹងវត្តមានឆាកតន្ត្រីកណ្ដាលផ្សារជាង៥០ម៉ែត្រ អមដោយវត្តមានតារាល្បីៗ និងភ្ញៀវចូលលេងក្នុងផ្សារយ៉ាងកក្រឹកគគ្រេងរហូតកន្លែងខ្លះអត់មានតុអង្គុយ។

មនុស្សរហូតដល់រាប់ពាន់ត្រូវគេអះអាងថាទៅលេងកម្សាន្តនៅក្នុងកម្មវិធីនោះ ខណ:ដែលវេទិកានោះក៏បានរំលេចតួអង្គខ្មោចសំខាន់ៗក្នុងរឿងនិទានខ្មែរ ដែលកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ទ្វេដង។

តួអង្គខ្មោចដែលបានបង្ហាញខ្លួនដើរលើពីសយ៉ាងវែងនៅក្នុងពិធីនោះរួមមាន តួអង្គនាងនាថ និងប្ដី តួអង្គខ្មោចសម័យលោកម្ចាស់ និងតួអង្គខ្មោចជាច្រើនផ្សេងទៀត ក្នុងពេលដែលភ្ញៀវកិត្តិយសមួយចំនួនក៏បានតុបតែងខ្លួនប្លែកៗដើម្បីឲ្យទាក់ទាញនៅក្នុងពិធី។

ក្នុងនោះតួអង្គនាថ ដែលបង្ហាញដោយតារាចម្រៀង នីនិច្ច ត្រូវបានគេរោមសុំថតជាងគេ ខណ:ដែលតួអង្គខ្មោចសំខាន់ៗផ្សេងទៀត ដែលបង្ហាញដោយតារាចម្រៀងអ្នកនាងមាស អាលីស លោកស៊ឹម ស៊ីណាត លោកដួង តារាផាឌីន តារាបង្ហាញម៉ូដមាស សៀវប៉ាយ លោកសាក់ ស៊ីឌី និងតារាសម្ដែងលោកម៉ែន អម្រុងរ័ត្ន ដែលសុទ្ធតែជាសមាជិករបស់គ្រួសារតារាកម្ពុជាក៏បានពញាក់អារម្មណ៍របស់អ្នកចូលកម្សាន្តក្នុងផ្សារឲ្យចាប់អារម្មណ៍មិនតិចដូចគ្នា។

ក្រៅពីវត្តមានតារាចម្រៀង Original Song រួមមានលោក P-Sand លោក Yanin កញ្ញាពេជ្រ នីតា ក្រុមកំប្លែងយ៉េយ៉េ ដែលអមដោយកញ្ញាសុភ័ក្រ កុសុម៉ា និងនាយព្រែក ក៏រឹតតែធ្វើឲ្យការប្រគំតន្ត្រីនោះកក្រើកដោយពាក់កណ្ដាលអធ្រាត្រផងដែរ។

ដោយឡែកសម្រាប់តារាៗដែលបានបង្ហាញទៅកំដរបរិយាកាសនៅទីនោះក៏ច្រើនណាស់ដែរ ដូចជាឌីជេកណ្ដុរ លោកម៉ារ៉ា ប៊ុណ្ណា លោកសុគន្ធ ដេវីត លោកព្រហ្ម ប្រសិទ្ធី លោកពិសាលស័ក្ដ លោកម៉ឺន ឯកសុភារិទ្ធ លោកស៊ិន សុគន្ធារិទ្ធិ និងតារាល្បីៗវ័យក្មេងជាច្រើនរូបទៀត។

លោក ប៉ានី វិរ:រិទ្ធ ហៅពៅ ជាអ្នករៀបចំព្រឹត្តិការណ៍ប្រចាំក្រុមហ៊ុន Clips Media និងជាអ្នកចាត់ចែងព្រឹត្តិការណ៍នេះបានអះអាងថា គោលបំណងដែលនាំឲ្យមានព្រឹត្តិការណ៍ «ភ្ជុំមហាគ្រួសារខ្មែរ» កើតឡើងកាលពីថ្ងៃសៅរ៍ទី១៦ កញ្ញា គឺមានគោលបំណងតែមួយគត់ ចង់ឲ្យបងប្អូនអ្នករស់នៅភ្នំពេញបានរាំលេងសប្បាយ និងទស្សនាការប្រគំតន្ត្រី អមដោយការដើរម៉ូតរបស់តួអង្គខ្មោចល្បីៗនៅក្នុងរឿងនិទានខ្មែរ មុនពេលភ្ជុំធំមកដល់ ដែលតម្រូវឲ្យបងប្អូនទាំងនោះត្រូវចាកចេញទៅស្រុកកំណើត។

ម្យ៉ាងមកពីលោកមើលឃើញថាបងប្អូនអ្នករស់នៅភ្នំពេញភាគច្រើនមិនសូវមានកន្លែងទៅកម្សាន្តជុំគ្នាមុនថ្ងៃភ្ជុំមកដល់នោះទេ ទើបសហការជាមួយផ្សារជេតកុងតឺន័ររៀបចំកម្មវិធីនេះឡើង។

លោកថាតារាសិល្ប:ដែលបានបង្ហាញខ្លួនសុទ្ធតែបានស្ម័គ្រចិត្តជួយឲ្យកម្មវិធីមានភាពអធឹកអធ័ម ដោយលោកបើកកម្មវិធីគ្មានការរំខានដោយដំណក់ភ្លៀងរលឹមខ្លះៗទេ គឺរឹតតែកក្រើកជាងនេះនោះផង។

មិនខុសគ្នាដែរលោក កែវ សាស្រ្តា អនុប្រធានបច្ចេកទេសនៅផ្សារJet’s Container ក៏បានសម្ដែងនូវអារម្មណ៍ក្រោយពីការរៀបចំព្រឹត្តិការណ៍មួយនេះមានអ្នកមកចូលរួមកកកុញតាមការគ្រោងទុកនោះដែរ បើទោះជាប៉ាន់ប្រមាណនៅមិនទាន់ច្បាស់ថាមានចំនួនឲ្យប្រាកដប៉ុណ្ណា។ លោកថា​ព្រឹត្តការណ៍នេះដ្បិតថាមានការរៀបចំបែបតក់ក្រហក់ ប៉ុន្តែក្រោយពេលដំណើរការគឺហុចផ្លែផ្កាល្អប្រសើរគួរជាទីមោទន: ជាពិសេសសម្រាប់ការសហការពីដៃគូគ្រប់ផ្នែក បូករួមទាំងតារាសិល្ប:ដែលបានលះបង់ជួយរហូតដល់ចប់ពិធីនោះផង៕

មតិយោបល់