ព័ត៌មានសិល្បៈ និងកម្សាន្ត

Miss Grand International ចាប់អារម្មណ៍មន្ទីរពេទ្យគន្ធបុប្ផា

ក្នុងដំណើរទស្សនកិច្ចមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី៩ ធ្នូ ឆ្នាំ២០១៩ បវរកញ្ញា Miss Grand International 2019 ចំណាត់ថ្នាក់លេខ១ និងលេខ៣ ដែលដឹកនាំកម្មភាព ដោយលោក អ៉ិន ម្ចាស់ផលិតកម្មមហាហង្ស បានបង្ហាញការចាប់អារម្មណ៍ យ៉ាងខ្លាំង ចំពោះមន្ទីរពេទ្យកុមារមួយនេះ បន្ទាប់ពីបានចូលសួរសុខទុក្ខកុមារៗ មួយចំនួនកំពុងសម្រាកព្យាបាល និង បានដឹងថា មន្ទីរពេទ្យនេះ ដំណើរការ ដោយជំនួយពីគ្រប់ទិសទី។ កញ្ញាឯកទងពីរ ក៏សន្យាពាំនាំតម្រូវការ របស់មន្ទីរពេទ្យគន្ធបុប្ផា ទៅកាន់បណ្ដាសប្បុរសជនទូទាំងពិភពលោក ដែលអ្នកទាំងពីរ នឹងធ្វើទស្សនកិច្ចបន្តនោះផង។

លោក អ៉ិន និយាយថា ក្រោយដំណើរទស្សនកិច្ចបវរកញ្ញាទាំង២រូប នឹងមានគម្រោងពិភាក្សាថា គួរផ្សព្វផ្សាយបែបណា ដើម្បីអាចជួយកុមារកម្ពុជា តាមរយ:មន្ទីរពេទ្យមួយនេះ ឲ្យបានកាន់តែច្រើន។ ទោះមិនទាន់ដឹងថា នឹងមានគម្រោងផ្សព្វផ្សាយបែបណា តែក្នុងពេលកញ្ញាឯកទាំងពីរ ធ្វើទស្សន:កិច្ច ក្នុងប្រទេសជាបន្តបន្ទាប់ គឺនាង និងលើកមកបង្ហាញពីអ្វី ដែលពួកនាង បានឃើញនៅមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងដំណើរនោះ នាង និង ផលិតកម្មមហាហង្ស ក៏បានប្រគល់អំណោយ៤លានរៀល ជូនដល់មូលនិធិគន្ធបុប្ផា បង្ហាញពីទឹកចិត្ត សប្បុរសធម៌ផងដែរ។

កញ្ញាឯកលេខ១ មកពីប្រទេសវេណេហ្ស៊ូអេឡា និងលេខ៣ មកពីប្រទេសថៃ បញ្ជាក់ស្របគ្នាថា ពួកខ្លួនសប្បាយចិត្តយ៉ាងខ្លាំង ដែលបានមកទស្សនកិច្ចនៅកម្ពុជា និងបានចូលសួរសុខទុក្ខ ដោយផ្ទាល់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ ពួកនាងថា ការផ្សព្វផ្សាយ ដើម្បីឲ្យមានការចាប់អារម្មណ៍ជួយមន្ទីរពេទ្យនេះ គឺជាកាតព្វកិច្ចរបស់ពួកនាង ខណ:ដែលក្រោយបញ្ចប់ទស្សនកិច្ច នៅប្រទេសផ្សេងៗកន្លងមក ក៏ធ្លាប់បានធ្វើសកម្មភាពបែបនេះស្រាប់ហើយ៕

មតិយោបល់