ព័ត៌មានជាតិ

Updated៖ ជនរងគ្រោះក្នុងឧប្បត្តិហេតុឆក់ត្រី បណ្ដាលឲ្យឆក់ខ្លួនឯងបានស្លាប់បាត់ទៅហើយ

ភ្នំពេញ: បុរសម្នាក់រងគ្រោះរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍ឆក់ត្រី ភ្លាត់ស្នៀតបែរជាឆក់ខ្លួនឯង កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅត្រពាំងទឹក ក្រោយផ្ទះជួល ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានអ្នកជិតខាង ក្រុមគ្រួសារដឹកបញ្ជូនតាមរថយន្តផ្ទាល់ខ្លួនយកទៅគ្លីនិកឯកជន ជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ នៅយប់ថ្ងៃដដែល ។

ជនរងគ្រោះឈ្មោះ ឌី ណា ហៅបុត្រ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ មានប្រពន្ធឈ្មោះ វី អាយុ ២៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ និងមានទីលំនៅភូមិត្រពាំងចក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

ជនរងគ្រោះជួបនូវហេតុការណ៍ គ្រាដែលតរាយខ្សែភ្លើងយកទៅឆក់ត្រី នៅខាងក្រោយផ្ទះ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ដោយសារការធ្វេសប្រហែសឆ្លងចរន្តឆក់ខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ អ្នកជិតខាង ក្រុមគ្រួសារ ដឹកតាមរថយន្តផ្ទាល់ខ្លួនយកទៅគ្លីនិកឯកជន តែជាអកុសល ជនរងគ្រោះបានស្លាប់នៅវេលាយប់ ថ្ងៃដដែលនោះ ។

ជនរងគ្រោះបន្ទាប់ពីជួបគ្រោះអកុសល ស្លាប់បាត់ជីវិត ក្រុមគ្រួសារ បានត្រឹមសោកស្តាយ ដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯសង្កាត់គោករកា ៕

មតិយោបល់