ព័ត៌មានសិល្បៈ និងកម្សាន្ត

សិល្បករល្ខោនបាសាក់ លោក អ៑ុល សំអាង ត្រូវបានតែងតាំងជាឯកឧត្តម

ចាត់ទុកថា ជាការចាប់អារម្មណ៍មួយផងដែរ ដែលក្នុងចំណោមទីប្រឹក្សាក្រសួងព័ត៍មាន១០៦រូប ទើបតែងតាំងថ្មី គឺ លោក អ៑ុល សំអាង ដែលត្រូវគេស្គាល់ថា ជាតួឯកល្ខោន និងជាថៅកែវង់ល្ខោនបាសាក់អ៑ុល សំអាង រាជធានីភ្នំពេញ ក៍មានឈ្មោះ នៅក្នុងបញ្ជីនោះដែរ។ លោកអាចជាសិល្បករ ផ្នែកល្ខោនបាសាក់តែម្នាក់ ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ជាទីប្រឹក្សាក្រសួងព័ត៍មាន មានឋានៈស្មើនឹងអគ្គនាយក ហើយមានគោរមងារជាឯកឧត្តម។

យោងតាមព្រះរាជក្រឹត្យនស/រកត/០៧១៩/១១៦២ ចុះព្រហស្ថលេខាក្ដៅៗ បានត្រាស់បង្គាប់តែងតាំង លោក អ៑ុល សំអាង ជាអ្នកសិល្បៈផ្នែកល្ខោនបាសាក់ ឲ្យក្លាយជាទីប្រឹក្សា ខណៈដែលតួនាទីជាឯកឧត្តម របស់លោកត្រូវគេមើលឃើញថា ជាការលើកទឹកចិត្តចំពោះអ្នកសិល្បៈល្ខោនបាសាក់ ដែលត្រូវបានគេមើលរំលង និងជាការជំរុញឲ្យសិល្បៈមួយនេះ មានសំឡេងឡើងវិញក្នុងកិច្ចការធំៗរបស់ក្រសួងព័ត៍មាន។

លោក អ៑ុល សំអាង បានថ្លែងបញ្ជាក់ថា លោកពិតជាមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដែលលោកត្រូវបានព្រះមហាក្សត្រសម្រេចតែងតាំង ជាទីប្រឹក្សាក្រសួងព័ត៍មាន ដើម្បីឲ្យលោក បានរួមចំណែកក្នុងកិច្ចការសង្គម និងជួយដល់កិច្ចការរបស់ក្រសួងព័ត៍មាន។

លោកថាខ្លួនបានបម្រើវិស័យសិល្បៈ ក្នុងជំនាញល្ខោនបាសាក់ និងចម្រៀងជាយូរមកហើយ ប៉ុន្តែមិនបានដឹងថា ខ្លួនមានកិត្តិយសដូចអ្វី ដែលមហាជនទើបបានដឹងឮនោះឡើយ។ ជាមួយនឹងតំណែងជាឯកឧត្តមនេះ លោកថាសប្បាយចិត្ត ហើយក៏កាន់តែមានកម្លាំងចិត្តផងដែរ បើទោះជាពេលកន្លងមកអាជីពល្ខោនបាសាក់ និងការតស៑ូបើកវង់ល្ខោនអ៑ុលសំអាង ធ្វើឲ្យលោករារែកម្ដងៗ ព្រោះតែការគាំទ្រធ្លាក់ចុះក្ដី។ លោកប្រកាសថា ខ្លួននឹងបន្តបំផុសឲ្យមានការយកចិត្តទុកដាក់លើល្ខោន បាសាក់ឡើងវិញ ដើម្បីអភិរក្សសិល្បៈរបស់ខ្មែរមួយនេះ កុំឲ្យបាត់បង់៕

មតិយោបល់