ព័ត៌មានសិល្បៈ និងកម្សាន្ត

គណកម្មការអន្តរជាតិ ទម្លាយមូលហេតុដកសិទ្ធិ Miss Grand Cambodia ពីដៃគូចាស់

វេទិកាសន្និសីទកាសែត នៅភូមិគ្រឹះលោក អ៉ិន កាលពីថ្ងៃទី៩ ធ្នូ ឆ្នាំ២០១៩ មុននេះ ប្រធានគណកម្មការ Miss Grand ពិភពលោក បានប្រកាសផ្ដល់សិទ្ធិ ឲ្យក្រុមហ៊ុនមហាហង្ស ជាអ្នករៀបចម្ការប្រកួត Miss Grand Cambodia រយ:ពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២០។ ក្នុងនោះអ្នករៀបចំកម្មវិធីធំក៏ប្រាប់ពីមូលហេតុ ដែលឲ្យលោកសម្រេចចិត្តដោះដូរពីក្រុមហ៊ុនចាស់ មកប្រគល់សិទ្ធិឲ្យក្រុមហ៊ុន មហាហង្សក្នុងពេលនេះផងដែរ។

លោក Nawat ប្រធាន Miss Grand International បានថ្លែងបញ្ជាក់ថា ហេតុផលដែលលោក សម្រេចចិត្តដកសិទ្ធិពីក្រុមហ៊ុនចាស់ មកឲ្យក្រុមហ៊ុន មហាហង្ស គឺដោយសារតែក្រុមចាស់ខកខាន មិនបានបញ្ជូនកញ្ញាឯក Miss Grand ឆ្នាំ២០១៩ ទៅប្រកួត នៅប្រទេសវេណេហ្ស៊ូអេណា ធ្វើឲ្យលោកខកចិត្ត។

ម្យ៉ាងមកពីលោកបានដឹងជាយូរមកហើយថា ក្រុមហ៊ុនមហាហង្ស មានស្នាដៃច្រើន លើការផលិតភាពយន្ត និងធ្វើសកម្មភាពសប្បុរសធម៌កន្លងមកផង ទើបលោកមានទំនុកចិត្ត។ លោកថា ក្រុមហ៊ុនមហាហង្សពូកែទីផ្សារ និង ការផ្សព្វផ្សាយ គឺរឹតតែធ្វើឲ្យលោកមានទំនុកចិត្ត។

លោកចកុងត្រាប្រគល់សិទ្ធិឲ្យលោក អ៉ិន មានសិទ្ធិផលិតកម្មវិធីបវរកញ្ញា Miss Grand Cambodia រយ:ពេល៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២០តទៅ ដោយលោករំពឹងថា ដៃគូថ្មីនេះ នឹងស្វែងរកធនធានកញ្ញាឯកកម្ពុជា ដែលស័ក្តសម ដើម្បីចូលរួមដណ្ដើមមកុដ។

ជាមួយនឹងអារម្មណ៍រំភើប លោក អ៉ិន បញ្ជាក់ថា ដ្បិតថា គ្មានបទពិសោធន៍ លើការប្រទ្បងជ្រើសរើសនេះ តែផ្នែកតាមបទពិសោធន៍ការងារកន្លងមក និងសម្អាងថា គណកម្មការអន្តរជាតិ នឹងបញ្ជូនអ្នកជំនាញឲ្យមកបង្វឹកក្នុងពេលរៀបចំ លោកជឿជាក់ថា កាតព្វកិច្ចរបស់ខ្លួន នឹងទទួលជោគជ័យ។ លោកថា ការប្រកួតជ្រើសរើស នឹងចាប់ផ្ដើមពីខែកុម្ភ: ដើមឆ្នាំ២០២០តទៅ ដោយនឹងជ្រើសយកអ្នកលេខ១ តំណាងខេត្តក្រុងនីមួយៗរួចហើយ ទើបប្រទ្បងជ្រើសធំ ដើម្បីស្វែងរកស្រីស្អាតម្នាក់ ដែលស្អាត មានចំណេះដឹង ឲ្យចេញតំណាងកម្ពុជា។

ក្នុងពិធីនោះ ក៏មានការចូលរួមពីសំណាក់តារាជាច្រើនរូបផងដែរ៕

មតិយោបល់