ភ្នំពេញៈ នៅថ្ងៃទី២៤ ខែមិថុនានេះ ញត្តិថ្កោលទោសពាក់ព័ន្ធនឹងករណីបង្ហោះរូបអាក្រាតរបស់តារាចម្រៀង វ៉ាន់ នីឡា ត្រូវបានទម្លាយហើយ បន្ទាប់ពីតារាសិល្បៈស្រុសគ្នាផ្ដិតមេដៃអស់រយៈពេលជិតមួយសប្ដាហ៍។ មកទល់ពេលនេះ មានស្នាមដៃរហូតដល់ជាង៣០០មេដៃ ដើម្បីជំរុញឲ្យក្រសួងវប្បធម៌ និងបណ្ដាស្ថាប័នពាក់ព័ន្ធជួយជំរុញផ្លូវច្បាប់ក្នុងការវែកមុខរកជនល្មើស ដែលបានបង្ហោះរូបអាក្រាត វ៉ាន់ នីឡា ដែលខ្លឹមសារក្នុងញត្តិបញ្ជាក់ថា ជាទង្វើប៉ះពាល់ធ្ងន់ធ្ងរ។
យោងតាមទម្លាយចេញពីតំណាងក្រុម «គ្រួសារតារាកម្ពុជា» បានអះអាងថា នេះជាញត្តិដែលបានធ្វើឡើងដែលបានរួមកម្លាំងតារាសិល្បៈ ដោយមានតាំងពីតារាចាស់តារាថ្មី និងអ្នកគាំទ្រ ដែលពួកគេសុទ្ធតែយល់ឃើញថា សកម្មភាពបង្ហោះរូបអាក្រាតទាំងនោះ ធ្វើឲ្យអាប់ឱនដល់តម្លៃវប្បធម៌ និងសីលធម៌នៅក្នុងសង្គមកម្ពុជា។
លោក រដ្ឋ តារា ស្ថាបនិកក្រុម «គ្រួសារតារាកម្ពុជា» បានអះអាងថា គោលបំណងនៃការធ្វើញត្តិអត់មានអ្វីក្រៅពីរួមកម្លាំងតារាសិល្បៈ ជួយដល់តារាសិល្បៈក្នុងពេលទទួលរងនូវភាពអយុត្តិធម៌នោះទេ ហើយបំណងសំខាន់បំផុត គឺចង់ឲ្យក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន ជួយជំរុញខាងផ្លូវច្បាប់ ដើម្បីឲ្យការវែកមុខរកជនអនាមិកទទួលបានផ្លែផ្កា។ លោកថា ញត្តិនេះ ទទួលបានមេដៃអាចដល់៤០០មេដៃ ឬលើសហ្នឹង ដោយតែត្រឹមល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ដែលមិនទាន់ដល់កំណត់យកញត្តិប្រគល់ជូនក្រសួងទាំង២ នៅសប្ដាហ៍ក្រោយផង ទទួលបានស្នាមមេដៃពីតារាសិល្បៈ និងអ្នកគាំទ្រចំនួន៣៤៨មេដៃហើយ។
លោក សុះ ម៉ាច ប្រធានសិល្បករខ្មែរ បានអះអាងថា តារាសិល្បៈ នឹងជួបជុំគ្នាប្រគល់ញត្តិនេះឲ្យក្រសួងវប្បធម៌ នៅអំឡុងថ្ងៃច័ន្ទ ឬថ្ងៃអង្គារ ដើមសប្ដាហ៍ខាងមុខ ដោយការប្រគល់ញត្តិអត់មានសកម្មភាពដង្ហែញត្តិនោះទេ គឺគ្រាន់តែជួបជុំគ្នានៅក្នុងបរិវេណក្រសួង រួចប្រគល់ជូនក្រសួងប៉ុណ្ណោះ។ នេះជាលើកទី១ ដែលតារាសិល្បៈបានរួមដៃគ្នាថ្កោលទោស លើករណីទម្លាក់តម្លៃសិល្បៈ បន្ទាប់ពីរូបអាក្រាតកាយរបស់តារាចម្រៀង កញ្ញា វ៉ាន់ នីឡា ត្រូវបានបង្ហោះឡើង។ ទោះរឿងរ៉ាវនោះ ជាបញ្ហាឯកជន ប៉ុន្តែលោកថា វ៉ាន់ នីឡា គឺជាតារាមហាជន និងតំណាងសិល្បករខ្មែរ។ ដូច្នេះចំពោះការបង្ខូចឈ្មោះទៅលើនាង គឺមិនខុសពីមានបំណងមាក់ងាយវប្បធម៌ និងសីលធម៌របស់សង្គមនោះទេ។
តែទោះជាយ៉ាងណា លោក សុះ ម៉ាច មិនទាន់ច្បាស់ពីវត្តមានតារាសិល្បៈក្នុងថ្ងៃប្រគល់ញត្តិនោះទេ ដោយគ្រាន់តែអះអាងថា តារាភាគច្រើនមិនអស់ចិត្ត ដោយសារតែក្រសួងសុំឲ្យទៅតែតំណាងតិចតួច។ លោកថា នៅពេលអ្នកសិល្បៈមានរឿងតារាសិល្បៈ ត្រូវតែចាប់ដៃគ្នា ប៉ុន្តែបើគ្មានការលើកទឹកចិត្តពីក្រសួង នោះជារឿងគួរឲ្យសោកស្ដាយ ប្រសិនបើគ្រាន់តែតារាសិល្បៈជួបគ្នាធម្មតាៗយកញត្តិទៅប្រគល់ជូនក្រសួង ហើយត្រូវបានក្រសួងជំទាស់។
ករណីនេះដែរ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ លោក ថៃ រនៈសត្យា បានអះអាងថា ហេតុផលដែលក្រសួងមិនចង់ឲ្យទៅគ្នាច្រើន គឺដោយសារតែនោះជារឿងតូចតាច និងដើម្បីកុំឲ្យមានការយល់ច្រលំថា ជារឿងដាក់ញត្តិផ្ដេសផ្ដាស់នាំឲ្យកើតបញ្ហាប៉ុណ្ណោះ៕
មតិយោបល់