ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់ វិសាល កាន់តែជោគជ័យ ក្រោយលើកពានផលិតករឆ្នើម ពីអាណាចក្រតារា

គ្មានអ្នកណាមិនដឹងនោះទេ ថា លោក គង់ វិសាល ធ្លាប់បានលើកពាន ជាផលិតករឆ្នើមពីអាណាចក្រតារាកាលពីឆ្នាំ២០១២។ អ្វីដែលមហាជនកត់សម្គាល់ នៅក្នុងពេលនេះ គឺលោកនៅតែជាផលិតករ ដែលមានស្នាដៃ ក្នុងចំណោមអ្នករៀប ចំកម្មវិធីដែលមានកេរ្តិ៍ឈ្មោះបោះសំទ្បេង ដែលអាចឈរជើងរឹងមាំ។ លោកមានកម្មវិធីធំៗ ថ្មីៗជាបន្តបន្ទាប់ នៅទូរទស្សន៍បាយ័ន ខុសពីផលិតករខ្លះ ដែលចាប់ផ្ដើមបាត់បង់កម្មវិធីល្អៗ ម្ដងបន្តិចៗ ស្របពេលដែលជីវិតឯកជន របស់លោកក៏ជោគជ័យ។

២១ឆ្នាំ បន្ទាប់ពីប្រែក្លាយខ្លួនពីជំនួយការកម្មវិធីលោក ហ្វៃ សំអាង លោក គង់ វិសាល គឺជាអ្នកគ្រប់គ្រង និងផលិតកម្មវិធីយ៉ាងជោគជ័យម្នាក់។ ក្រៅពីល្បីក្នុងការរៀបចំ កម្មវិធីតន្ត្រី កម្មវិធីសំណើច និងកម្មវិធីហ្គេមរួមមានកម្មវិធី “ផ្ទះសំណើច” និង “មេក្រូដោះបំណុល” របស់លោកក៏ល្បីមិនណយដែរ ពោលគឺស័ក្តសម នឹងពានអាណាចក្រតារា ដែលលោកទទួលបាន កាលពីឆ្នាំ២០១២ ថាជាផលិតករលេចធ្លោ និងមានគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការផលិតកម្មវិធីនោះ។

លោកត្រូវគេកត់សម្គាល់ថា មានមុខបង្កើតកម្មវិធីថ្មីៗជាហូរហែរ ក្នុងចំណោមផលិតករ ដែលមានឥទ្ធិពលក្នុងស្រុក។ លោកក៏ជោគជ័យណាស់ដែរ ក្នុងអាជីពរៀបចម្ការ ប្រគំតន្ត្រីធំៗ ក្រៅឆាក ដែលជួយឲ្យលោកក្ដោបចំណូល បានរាប់ម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ បន្ថែមពីលើតួនាទីជាមន្ត្រី PM ដែលលោកម្របង្ហាញ។ បច្ចុប្បន្ន លោកប្រើរថយន្ត Range Rover ស៊េរីទំនើបតម្លៃជាង១២ម៉ឺនដុល្លារ និងរស់នៅផ្ទះតម្លៃសែនដុល្លារ យ៉ាងកាលីបមិនអន់ជាងផលិតករជោគជ័យមុនជំនាន់។

ក្រឡេកទៅមើលជីវិតគ្រួសារក៏ផលិតកររូបនេះ កក់ក្ដៅណាស់ដែរ បន្ទាប់ពីរៀបការ និងកសាងគ្រួសារហើយ ទទួលបានចំណងដៃកូន២នាក់ ប្រុស១ស្រី១។ លោក និង ភរិយា នៅតែបង្ហាញចំណងស្នេហ៍ផ្អែមល្ហែម មិនខុសពីទើបរៀបការថ្មីៗ កាលពីឆ្នាំ២០១២នោះផង។

លោក គង់ វិសាល និយាយថា លោកសប្បាយចិត្ត ដែលត្រូវបានមហាជនសរសើរថា ជាផលិតករជោគជ័យ ប៉ុន្តែលោកក៏ភ័យណាស់ដែរ ប្រសិនបើលោក មិនអាចផលិត កម្មវិធីណាមួយឲ្យល្អសមនឹងការសរសើរ។ ជាមួយគ្នានោះ លោកក៏ស្នើ មិនបរិយាយពីជោគជ័យ ដែលមហាជនកត់សម្គាល់នោះដែរ ដោយលោក បញ្ជាក់ថា បងប្អូនយើងមើលឃើញយ៉ាងមិចយ៉ាងនឹងទៅ ព្រោះខ្លាចគេថាលោកអួត។ លោកបង្ហើបថា ខ្លួននឹងមានគម្រោងផលិតកម្មវិធីថ្មីៗ និងបើកជំនួញក្រៅសិល្ប:ផងដែរ តែសុំលាក់សិន៕

មតិយោបល់