ព័ត៌មានសិល្បៈ និងកម្សាន្ត

យ៉ែម ស្រីពេជ្រ និង ពីង រ៉ូហ្សា ថាខ្មែរគួរមានម៉ាកយីហោរបស់ខ្លួន វាយលុកទីផ្សារ

តារាសម្ដែងស្រី២រូប គឺ កញ្ញា យ៉ែម ស្រីពេជ្រ និង ពីង រ៉ូហ្សា បង្ហាញអារម្មណ៍ រីករាយយ៉ាងខ្លាំង ខណៈដែលផលិតផលស្បែកជើង និងកាបូប ម៉ាក SL ដែលត្រូវបានប្រកាសឡើង កាលពីថ្ងៃទី១២ ធ្នូ ឆ្នាំ២០១៩ នៅផ្សារទួលទំពូង គឺជាម៉ាកយីហោ ដែលខ្មែរបង្កើតដោយខ្លួនឯង។ អ្នកទាំងពីរទទូច អោយម្ចាស់ផលិតផលធំៗ បន្តចំណាយទុនបង្កើត នូវម៉ាកយីហោ ដែលជារបស់ខ្មែរ អោយបានកាន់តែច្រើន ដើម្បីអោយទីផ្សារក្នុងស្រុកមានម៉ាកយីហោរបស់ខ្លួន។

កញ្ញា យ៉ែម ស្រីពេជ្រ និយាយថា ប្រសិនបើនៅកម្ពុជា មានផលិតផល ជាប្រេនម៉ាកយីហោរបស់ខ្លួនច្រើនឡើងចរាចរនៅកម្ពុជា នោះគឺជាការប្រសើរបំផុត។ នាងថ្លែងកោតសរសើរ ចំពោះម៉ាកយីហោSL ដែលជាគំនិតច្នៃប្រឌិតរបស់កូនខ្មែរ ដែលគ្រាន់តែកុម្ម៉ង់ការផលិតស្បែកជើង និង កាបូប ពីរោងចក្របរទេស ប៉ុន្តែរាល់ការ ចេញម៉ូត និង ការរចនាផ្សេងៗ គឺរបស់កូនខ្មែរពិតៗ ហើយអាចធ្វើអោយ ផលិតផលនេះ មានការទទួលស្គាល់។ នាងថាខ្លួនស្គាល់ម៉ាកយីហោនេះ តាំងពីមុនបើកសម្ភោធយូរហើយ ដោយចាត់ទុកថា ទាំងម៉ូដ និងគុណភាព គឺល្អជាងផលិតផលជាប្រេនបរទេសនោះផង។

មិនខុសគ្នាដែរ តារាសម្ដែង កញ្ញា ពីង រ៉ូហ្សា ក៏ចាត់ទុកថា ការបង្កើតប្រេនជារបស់ខ្មែរ នៅទីតាំងផ្សារទួលទំពូងនោះ គឺជាការទទួល បានអត្ថប្រយោជន៍ក្នុងស្រុកនោះផងដែរ។ ជាពិសេសនៅពេលផលិតផលនោះ មានការទទួលស្គាល់ គឺពិតជាមានទីផ្សារក្រៅស្រុក ដែលអាចអោយម៉ាកយីហោ របស់ខ្មែរ មានមុខប្រកួតប្រជែង។

លោកស្រី ទៀង ស្រីលក្ខណ៍ ម្ចាស់ក្រុមហ៊ុន SL Footwear ដែលជាម្ចាស់ប្រេន SL របស់ខ្មែរ បានថ្លែងបញ្ជាក់ថា ដោយសារតែលោកស្រីយល់ថា វាដល់ពេលហើយ ដែលខ្មែរ គួរតែមានផលិតផលជាម៉ាកយីហោរបស់ខ្លួន ទើបលោកស្រី សម្រេចបោះទុនប្រមាណ ២០ម៉ឺនដុល្លារ ដើម្បីផលិតម៉ាកយីហោមួយនេះ និងបើកហាងលក់ផលិតផលស្បែកជើង និងកាបូប ដែលជាម៉ាកដែលខ្មែរបង្កើត ដោយផ្ទាល់ដៃ។

អ្នកស្រីថាមិនខ្លាចប្រឈមរឿងខ្វះការគាំទ្រនោះទេ ដោយសារតែម៉ាកយីហោ ដែលលោកស្រីបង្កើតឡើង ដើម្បីអោយក្នុងស្រុក មានផលិតផលជាម៉ាកយីហោ របស់ខ្មែរចរាចរនេះ ក្រុមហ៊ុនលោកស្រី មានអ្នកជំនាញច្បាស់លាស់ ក្នុងការឌីហ្សាញចេញម៉ូត និង មានអ្នកឯកទេសត្រួតពិនិត្យគុណភាព ដោយមានការទទួលស្គាល់ ពីអ្នកវាតតម្លៃគុណភាព។ លោកស្រីមានមហិច្ឆតា គៀរគរអ្នកមានដើមច្រើន បង្កើតជារោងចក្រផលិតក្នុងស្រុក ជំនួសអោយការកុម្ម៉ង់ពីរោងចក្រក្រៅស្រុក ប្រសិនបើផលិតផលស្បែកជើង និងកាបូប ម៉ាកល្បីដែលអ្នកស្រីបោះទុននេះ ទទួលបានការគាំទ្រលើទីផ្សារ។

លោកស្រីពន្យល់ថា ការបង្កើតប្រេនផលិតផលមួយ ជារបស់ខ្លួនដ្បិតថា ចំណាយដើមច្រើន ព្រោះទាមទារអោយមានការរត់ច្បាប់ និងមានកុងត្រាច្រើន ជាមួយរោងចក្រ ប៉ុន្តែជាទូទៅ គឺផលិតផលដែលផលិតបានគឺជាតម្លៃដើម ហើយមានតម្លៃទាបជាងផលិតផល ដែលមានគុណភាពប្រហែលគ្នា ដែលជាម៉ាកយីហោស្រាប់ៗ របស់បរទេស។

លោកស្រីក៏ទទូចអោយម្ចាស់អាជីវកម្មទាំងឡាយ ងាកមកបង្កើតម៉ាកយីហោ ជារបស់ខ្មែរអោយបានកាន់តែច្រើនផងដែរ ដើម្បីអោយក្នុងទីផ្សារស្រុកខ្មែរ កាត់បន្ថយម៉ាកយីហោបរទេស និងដើម្បីងាយស្រួលវាយលុកទីផ្សារ ពេលផលិតផលនេះ ល្បីឈ្មោះ។ ក្នុងពិធីនោះ លោកស្រី ក៏បានអញ្ជើញភ្ញៀវកិត្តិយស និងសិល្បករ ជាពិសេសតារាម៉ូដែល សរុបប្រមាណជាង១០០នាក់ អោយចូលរួមផងដែរ៕

មតិយោបល់