ព័ត៌មានសិល្បៈ និងកម្សាន្ត

ដេនី ក្វាន់ ធ្វើឲ្យផ្អើលដល់ក្រសួងវប្បធម៌

ឆ្លើយតបនឹងការបង្ហោះរូបថតស្រគត់ស្រគំ ជាពិសេសរូបថតជារបៀបសម្អាងការលក្ខណៈបុរាណខ្មែរនៅលើហ្វេសប៊ុកក្នុងរយៈពេលចុងក្រោយ តារាសម្ដែងល្បីឈ្មោះខាងស៊ិចស៊ីកញ្ញា ដេនី ក្វាន់ បានអះអាងថាហេតុផលដែលនាងឈប់បង្ហោះរូបភាពស៊ិចស៊ីដូចមុន គឺដោយសារតែនាងប្រកាន់ជំហរលែងចង់ល្បីនឹងភាពស៊ិចស៊ីទៀតហើយ ដើម្បីលួងចិត្តឲ្យក្រសួងវប្បធម៌ពិចារណាជុំវិញការផ្ដល់ឱកាសឲ្យនាងបានចូលសិល្បៈជាថ្មី។ ជំហររបស់នាងត្រូវគេកត់សម្គាល់ថាខុសគ្នាដូចមេឃ និងដី បើធៀបនឹងមុនពេលក្រសួងវប្បធម៌ដាក់ចេញលិខិតបិទផ្លូវសិល្បៈ និងក្រោយពេលទើបនឹងចេញលិខិតនេះភ្លាមៗ។មន្ត្រីក្រសួងវប្បធម៌បានបង្ហាញការភ្ញាក់ផ្អើលចំពោះជំហររបស់នាង បើទោះជាបានហៅការប្រែប្រួលរបស់នាងថាយឺតពេលបន្តិចក្ដី។

ដេនី ក្វាន់ និយាយថា ចាប់ពីពេលនេះតទៅអ្នកលេងហ្វេសប៊ុកនឹងលែងបានឃើញរូបថតស៊ិចស៊ី ឬរូបភាពមិនសមភ្នែកថ្មីៗរបស់នាងត្រូវបានបង្ហោះ ឬបង្ហាញជាសាធារណៈនៅលើហ្វេសប៊ុកទៀតទេ ដោយសារតែនាងយល់ថាបម្រាមរបស់ក្រសួងដែលបានប្រកាសឲ្យផលិតករឈប់ទទួលយកនាងឲ្យសម្ដែងដល់ទៅ១២ខែកាលពីថ្ងៃ ២៥ មេសា គឺជារឿងដែលធ្វើឲ្យនាងខាតប្រយោជន៍។ នាងថាខ្លួននៅចង់បន្តការងារសិល្បៈ ទើបសម្រេចចិត្តលាលែងនូវភាពស៊ិចស៊ី ហើយជម្រើសយកការតែងខ្លួនឲ្យសមជានារីខ្មែរឡើងវិញស្របតាមការចង់បានក្រសួង ដើម្បីឲ្យក្រសួងមើលឃើញ និងផ្ដល់ការយោគយល់ជាថ្មី។ នាងថាភាពល្បីដែលបានប្រឡូកប្រឡាក់ដោយភាពស៊ិចស៊ី បានធ្វើឲ្យនាងរងការរិះគន់សមល្មមនឹងឲ្យនាងទទួលយកហើយ ទើបនាងដាច់ខាតត្រូវតែបោះបង់នូវសញ្ញាអវិជ្ជមាននោះឲ្យបានដាច់ខាត ហើយទទួលយកសំណើររបស់ក្រសួងវប្បធម៌ និងការលើកឡើងរបស់រៀមច្បង ដើម្បីឲ្យក្រសួងផ្ដល់សិទ្ធិឲ្យនាងបានក្លាយជាតារាសិល្បៈដូចដើម។

លោកថៃ នរសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ បានបង្ហាញការភ្ញាក់ផ្អើលចំពោះជំហររបស់នាង តែបានបដិសេធលុបចោលបម្រាមហាមរឿងមិនឲ្យនាងឡើងទូរទស្សន៍ និងរឿងមិនផ្ដល់ទិដ្ឋាការចំពោះបណ្ដាផលិតកម្មដែលហ៊ានយកនាងឲ្យសម្ដែងក្រោយចេញសេចក្ដីប្រកាសកាលពីថ្ងៃ២៥ មេសា ក្នុងឆ្នាំ២០១៧ រយៈពេលមួយឆ្នាំ ដោយលើកហេតុផលថាក្រសួងមិនចង់ចេញលិខិតហាមប្រាមហើយ ក៏លុបចោលវិញដែលអាចនឹងធ្វើឲ្យកើតឡើងនូវគំរូអាក្រក់នោះទេ។ លោកថាក្រសួងពិតជាភ្ញាក់ផ្អើលដែលដេនី ក្វាន់ ប្រកាសជាថ្មីបែបនេះ តែក្រសួងស្នើសុំឲ្យនាងទទួលយកបម្រាមឲ្យចប់រយៈពេលដែលបានកំហិតសិន។

ដេនី ក្វាន់ បន្តថាបើទោះជាគ្មានការលុបចោលមុនរយៈពេលកំណត់ ក៏នាងនឹងឈប់ស៊ិចស៊ី និងគ្មានការបង្ហោះរូបភាពមិនសមភ្នែកណាមួយទៀតដែរ ដើម្បីឲ្យផុតរយៈពេលពិន័យនាងមិនមានចេញលិខិតបិទផ្លូវនាងជាលើកទី២ ក្រោយលិខិតក្នុងឆ្នាំទី១ត្រូវផុតកំណត់។ នាងថាខ្លួនលែងចង់ល្បីឈ្មោះក្នុងរឿងស៊ិចស៊ីទៀតហើយ ហើយក៏ចាប់ផ្ដើមស្រឡាញ់ការតុបតែងខ្លួនឲ្យសមនឹងភ្នែកផងដែរ ដើម្បីកុំឲ្យមានការរិះគន់ជាថ្មីណាមួយកើតឡើង។ ដេនី ក្វាន់ ត្រូវបានលោកថៃ នរសត្យា បញ្ជាក់ថានឹងបើកសិទ្ធិឲ្យមានបណ្ដាទូរទស្សន៍ និងផលិតករទទួលនាងជាតារាសិល្បៈដូចដើម បន្ទាប់ពីនាងធ្វើឲ្យក្រសួងភ្ញាក់ផ្អើល ក្រោយពីលិខិតហាមប្រាមផុតសុពលភាព៕

មតិយោបល់