ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត លើកដំបូង តារា...

លើកដំបូង តារាចម្រៀងល្បីឈ្មោះ លោក ម៉ានិត ក្លាយជា Brand Ambassador

0

ប្រឡូកក្នុងអាជីពសិល្ប:ក្នុងតំណែងជាអ្នកនិពន្ធសៀវភៅផង និពន្ធបទភ្លេងផង និងច្រៀងផង គេចាត់ទុកថាជាលើកទី១ ដែលលោក ម៉ានិត ត្រូវបានតែងតាំងជា Brand Ambassador។ មូលហេតុមួយចំនួន ត្រូវបានម្ចាស់ក្រុមហ៊ុនលាតត្រដាង ពីមូលហេតុដែលនាំឲ្យតារារូបនេះ ត្រូវបានជ្រើសយក។

លោក អ៊ី ហុក សហស្ថាបនិកផលិតផលម៉ាក អ៊ីកូ បានថ្លែងបញ្ជាក់ថា មុនពេលជ្រើសយកម៉ានិត ឲ្យក្លាយជាអ្នកតំណាង គឺមានតារាចម្រៀងល្បីល្បាញ និង ពិធីករល្បីឈ្មោះមួយរូប ស្ថិតក្នុងជម្រើស ប៉ុន្តែមកពី លោក ម៉ានិត មិនគ្រាន់តែជាតារាចម្រៀង ដោយលោកចេះនិពន្ធសៀវភៅ និងជាអ្នកនិពន្ធបទភ្លេង ដែលតែងបង្កើតស្នាដៃថ្មីៗរបស់ខ្លួន ដូចគ្នានឹងម៉ាកយីហោ អ៊ីកូ ដែលជាម៉ាកយីហោថ្មីរបស់ខ្មែរ ទើបលោកក្លាយជាជម្រើស។ លោកថា រយ:ពេលមួយឆ្នាំ ក្នុងតំណែងជា Brand Ambassador លោក ម៉ានិត នឹងត្រូវបានក្រុមហ៊ុនរបស់លោកផលិតជាវីដេអូខ្លីៗ និងធ្វើសកម្មភាពជាច្រើនទៀត ដើម្បីឲ្យម៉ាកយីហោអ៊ីកូ កាន់តែមានការទទួលស្គាល់។

លោក ម៉ានិត បានបង្ហាញអារម្មណ៍រំភើប ដែលត្រូវបានផលិតផលម៉ាកអ៊ីកូ ជ្រើសជាអ្នកតំណាងពេញមួយឆ្នាំ ដោយលោកប្រកាសថា នឹងផលិតស្នាដៃថ្មីៗឲ្យបានច្រើន ដើម្បីឲ្យម៉ាកយីហោរបស់ខ្មែរមួយនេះ ក្លាយជាម៉ាកយីហោល្បីមួយ។ ក្នុងនោះលោក ក៏ប្រកាសពីការផលិតស្នាដៃថ្មីៗ នៅក្នុងវិស័យចម្រៀង និងជាអ្នកនិពន្ធសៀវភៅផងដែរ។

គួរបញ្ជាក់ផងដែរថា ផលិតផលម៉ាកអ៊ីកូ គឺម៉ាកយីហោ ដែលបង្កើតឡើងដោយប្រទេសកម្ពុជា ដោយរួមមានសំលៀកបំពាក់ ស្បែកជើង កាបូប ខ្សែក្រវាត់ និងគ្រឿងលម្អជាដើម ដែលផលិតផលទាំងនេះ មានអ្នកឌីហ្សាញជាជនជាតិបរទេស និងជនជាតិកម្ពុជា ហើយចំពោះការផលិត គឺផលិតពីរោងក្រជាដៃគូ នៅក្នុងប្រទេសទំនើបមួយចំនួន៕

មតិយោបល់