ព័ត៌មានសិល្បៈ និងកម្សាន្ត

សិល្បកររួមគ្នា បំផុសកុំឲ្យរើសអើងកុមារខ្សោយសតិបញ្ញា គួរឲ្យសរសើរ

កាលពីថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៩ សិល្បករមួយក្រុមរាប់បញ្ចូលទាំងសប្បុរសជនផង មានគ្នាប្រមាណជាង៤០នាក់ បានរួមគ្នាចែករំលែកក្ដីស្រទ្បាញ់ និង ប្រគល់អំណោយជូនដល់អង្គការ HHC និង កុមារខ្សោយសតិបញ្ញា គួរឲ្យសរសើរ នៅក្រុងតាខ្មៅ។ សិល្បករទាំងនេះ ត្រូវបានប្រកាសថា មកពីក្រុមរបស់កញ្ញា ឌួង ហ្សូរីដា និង ក្រុមគ្រួសារតារាកម្ពុជា។

កញ្ញា ឌួង ហ្សូរីដា ដែលជាអ្នកស្វះស្វែងរកថវិកាយកទៅប្រគល់ជូនអង្គការមួយនេះ បានអះអាងថា នាងបានកៀរគរសប្បុរសជនឲ្យបរិច្ចាគថវិកា ជួយសាងសង់បន្ទប់ទឹក និងផ្ដល់ជាអង្ករ គ្រឿងឧបភោគបរិភោគ សរុបជាទឹកប្រាក់ប្រមាណជាង៥ពាន់ដុល្លារ ដើម្បីទៅទ្រទ្រង់ដល់អង្គការមួយនេះ ក្នុងនាមដែលនាង គឺជាទូតសុច្ឆន្ទ: និង ចង់ឲ្យក្មេងៗទាំងនោះ មិនមានអារម្មណ៍ឯកោ។

កញ្ញាថា ក្មេងៗទាំងនោះពិតជាគួរឲ្យអាណិតណាស់ ដោយត្រូវដឹងក្ដីជាមួយនឹងស្មារតី មិនប្រក្រតី និងកាយសម្បទាមិនពេញលេញ ដែលត្រូវបានគេចាត់ទុកថា ជាជនពិការដែរ។ នាងថាជំនួយ និងអំណោយដែលបានដឹកនាំយកទៅចាត់ចែងនោះ មួយភាគធំបានពីលោកអគ្គនាយកបុរី វីអាយភី និង លោកស្រី និង មួយចំនួន បានពីការបរិច្ចាគពីក្រុមហ៊ុនរបស់នាង និង ពីសប្បុរសជនផ្សេងទៀត។ នាងបានថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសសិល្បកររបស់គ្រួសារតារាកម្ពុជា ដែលបានចំណាយពេលមកបង្កើតបរិយាសឲ្យក្មេងៗ បានសប្បាយរីករាយ និង ស្គាល់ពីភាពកក់ក្ដៅ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានថ្លែងបញ្ជាក់ថា ដើម្បីបំផុសឲ្យមានការយកចិត្តទុកដាក់ ចំពោះកុមារពិការផ្នែកសតិបញ្ញា និង សរីរាង្គ ទើបលោកសម្រេចដឹកនាំសិល្បករ ជាសមាជិកប្រមាណជាង២០នាក់ ឲ្យចូលរួម។ លោកថាជាសកម្មភាព ដែលគ្រួសារតារាកម្ពុជា រមែងប្រកាន់ភ្ជាប់ ដើម្បីបំផុសឲ្យសិល្បករ ដែលជាសមាជិកឲ្យចែករំលែកក្ដីស្រទ្បាញ់ និងជួយសង្គម។ លោកក៏គម្រោង នឹងចូលរួមក្នុងសកម្មភាពលើកស្ទួយជនពិការបែបនេះ ឲ្យបានកាន់តែច្រើនផងដែរ៕

មតិយោបល់