ភ្នំពេញៈ នៅលើផេកផ្លូវការរបស់ផលិតកម្មរ៉ុក បានប្រកាសគួរឲ្យភ្ញាក់ផ្អើលថា ខ្លួននឹងបើកដំណើរឡើងវិញក្នុងពេលដ៏ខ្លី។ អមដោយការបញ្ជាក់នោះ ផេករបស់ផលិតកម្មរ៉ុក ក៏បានបង្ហាញឲ្យឃើញនូវក្រុមតារាចម្រៀងថ្មី និងបានបញ្ជាក់ថាផលិតកម្មនឹងរៀបចំការប្រលងចម្រៀងក្នុងទ្រង់ទ្រាយធំមុនដូចមុន ដើម្បីស្វែងរកអ្នកមានសំឡេងល្អឲ្យកុងត្រាធ្វើជាតារាចម្រៀងនោះផង។ នេះជាដំណឹងគួរឲ្យភ្ញាក់ផ្អើល ខណៈដែលផលិតនេះត្រូវគេស្គាល់យូរមកហើយថា ជាផលិតកម្មដំបូងដែលចេញលក់តែបទថ្មីមិនចម្លង ហើយការដំណើរជាថ្មីក៏បានប្រកាសថានឹងបន្តចេញបទ Original Song ប្រកួតប្រជែង។
នៅលើហ្វេសប៊ុកមានការបង្ហោះថា «ដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយ ផលិតកម្មដ៏ធំមួយដែលធ្លាប់ជាដៃគូរប្រជែងយ៉ាងស្វិតស្វាញជាមួយផលិតកម្មហង្សមាសពីមុន គឺផលិតកម្មRock ពេលនេះដំណើរការសារឡើងវិញហើយជាមួយបទ Original Song ។ សំរាប់កូនខ្មែរ Share ពីមោទនភាពដ៏អស្ចារ្យដែលផលិតកម្មដែលមិនចម្លងបទពីបរទេសមួយនេះបានកើតសារឡើងវិញ។ លឺថានឹងមានការប្រលងចំរៀងជ្រើសរើសតារាចម្រៀងថែមទៀតផងបាន»។
នេះជាសារលើកឡើង បន្ទាប់ពីលើផេករបស់ផលិតកម្មរ៉ុក ក៏បានបង្ហោះថា«តើអ្នកចង់ឲ្យមានបទចម្រៀងទៀតទេ Coming Soon»។ ផេកដដែលក៏បានបន្តថាផលិតរ៉ុកបានត្រៀមក្រុមការងារ ដើម្បីត្រលប់មកវិញរួចរាល់អស់ហើយ ដែលនេះគឺជាដំណឹងបណ្ដាលឲ្យមានការអបអរសាទរខ្លាំងក្លាពីក្រុមមហាជន។
នោះគឺដោយសារតែផលិតកម្មរ៉ុក គឺជាអតីតផលិតកម្មធំមួយដែលបានរំលេចស្នាដៃបទថ្មី មិនចម្លងពីបរទេស និងជាការបង្ហាញខ្លួននៅក្នុងបរិបទដែលពលរដ្ឋខ្មែរងាកមកផ្ដល់តម្លៃលើOriginal Song ខុសពីមុន។ មន្ត្រីបម្រើនៅក្នុងផលិតកម្មរ៉ុកមួយរូបបានអះអាងថា ការបើកសម្ពោធជាថ្មីរបស់ផលិតកម្មរ៉ុកនៅមិនទាន់កំណត់ថ្ងៃពិតប្រាកដនៅឡើយទេ។
ប៉ុន្តែសម្រាប់ក្រុមការងារបូករួមទាំងអ្នកចម្រៀងផង គឺរ៉ុករកបានអស់ហើយ។ ប៉ុន្តែរ៉ុកនឹងធ្វើការផ្ដល់ឱកាសឲ្យតារាដែលមានសមត្ថភាពហើយចង់ក្លាយជាតារាចម្រៀងកុងត្រាបន្ថែមទៀត តាមរយៈដែលរ៉ុកនឹងធ្វើការប្រលងចម្រៀងដោយសហការជាមួយទូរទស្សន៍CTN និង MY TV ។ ការទម្លាយឲ្យដឹងដំណឹងនេះ ហាក់ធ្វើឲ្យមានចំណុចគួរឲ្យចាប់អារម្មណ៍ដោយសារផលិតរ៉ុក ត្រូវគេស្គាល់រួចមកហើយថាជាផលិតកម្មដែលមានដើមទុន និងមានទូរទស្សន៍ប្រូម៉ូតមិនធម្មតាដូចគ្នានឹងផលិតកម្មហង្សមាសដែរ៕
មតិយោបល់