ព័ត៌មានជាតិ

កំពុងជួសជុលម៉ូតូសុខៗ ត្រូវរថយន្តដឹកទឹកកក បុកកិនពីលើស្លាប់មួយរំពេច

ភ្នំពេញ: បុរសម្នាក់ កំពុងជួសជុលម៉ូតូសុខៗ ស្រាប់តែត្រូវរថយន្តដឹកទឹកកក មកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបង្ក បានបើកគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ជិតផ្លូវរទេះភ្លើង ក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ ប៉ែន ស្រស់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅជិតកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិតានី ស្រុកអង្គរជ័យ ខេត្តកំពត។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល 1N-6141 ធ្វើដំណើតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះ បានខូចហើយ ជនរងគ្រោះ ក៏បានបណ្ដើរម៉ូតូអែបខាង ដើម្បីជួសជុលម៉ូតូ ស្រាប់តែមានរថយន្តទឹកកកមួយគ្រឿង មិនចាំស្លាកលេខ ធ្វើដំណើរយ៉ាងលឿនស្របទិសគ្នា ក៏រេចង្កូតទៅបុកជនរងគ្រោះ ពីក្រោយពេញទំហឹង រួចកិនពីលើស្លាប់ភ្លាមៗតែម្ដង ចំណែករថយន្តបង្កគេចបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ និងទាក់ទងជំនាញ ចុះធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវរករថយន្តបង្ក មកដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់