ព័ត៌មានសិល្បៈ និងកម្សាន្ត

នៅតែរំភើប ពេលរំឭកទទួលមកុដ របស់ បវរកញ្ញាសមត្ថភាពរូបនេះ

ខុសពីការប្រគល់មកុដ ដោយសម្គាល់ថា ជានារីស្រស់ស្អាត និងវ័យក្មេង កាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៩ អ្នកស្រី ចែម សេរីរក្ស វ័យប្រមាណជាង៥០ទៅហើយ បែរជាត្រូវគណកម្មការអន្តរជាតិនៅក្នុងប្រទេស បំពាក់មកុដជាបវរកញ្ញាឆ្នើមលើផ្នែកសមត្ថភាព នៅក្នុងពិធីដែលមាននារីឆ្នើមៗ មកពីពិភពលោកជាង១០ប្រទេសចូលរួម។ អ្នកស្រីនៅតែរំភើប នៅពេលនឹកដល់ពិធីដ៏កិត្តិយសនោះ។

បវរកញ្ញាវ័យចាស់ ដែលគេអោយពិន្ទុទៅលើសមត្ថភាព គឺ អ្នកស្រី ចែម សេរីរក្ស បានអះអាងថា អ្នកស្រីនៅតែរំភើបក្នុងពេលដែលអ្នកស្រី គ្រាន់តែជាមន្ត្រីយោធា ផ្នែកទំនាក់ទំនង នៅច្រកព្រំដែនជប់-គគីរ ខេត្តឩត្តរមានជ័យ តែបានទទួលពានជាស្រ្តីឆ្នើម Miss Global Ecotourism Univere 2019 នៅក្នុងប្រទេសថៃ។ អ្នកស្រីត្រូវបានគណកម្មការ វាយតម្លៃថាជាស្ត្រីឆ្នើមរបស់កម្ពុជា ដោយសារតែមានស្នាដៃ ក្នុងការជួយសង្គ្រោះ ជនរងគ្រោះ និងទំនាក់ទំនងរវាងមន្ត្រីយោធាខ្មែរ និងថៃ បានល្អ ក្នុងការបំពេញតួនាទីជាមន្ត្រីនៅច្រកជប់គគីរ និងជាស្រ្តីយោធានៅកម្ពុជា ដែលមានជំនាញលោតឆ័ត្រយោងបានស្ទាត់ជំនាញមិនចាញ់បុរស។ អ្នកស្រី បានបង្ហាញអារម្មណ៍រំភើបជាថ្មី ក្នុងពិធីជប់លៀងអបអរការទទួលមកុដរបស់ខ្លួនជាផ្លូវការ ផ្គួបនឹងពិធីខួបកំណើត កាលពីថ្ងៃទី២៥ ធ្នូ មុននេះ ដែលក្នុងកម្មវិធីនោះ ក៏មានវត្តមានមន្ត្រីថ្នាក់ដឹកនាំ និងភរិយាមន្ត្រីយោធាចូលរួមផងដែរ។

អ្នកស្រីថា គឺជារឿងរំភើបណាស់ ដែលគណកម្មការប្រទេសថៃ ចុះមកស្រាវជ្រាវពីស្នាដៃពីជំនាញលោតឆ័ត្រយោង និងការងារផ្នែកទំនាក់ទំនងរបស់អ្នកស្រី នៅច្រកជប់-គគីររហូតដល់៤ឆ្នាំ ហើយបានអញ្ជើញអ្នកស្រីអោយទៅទទួលមកុដនារីឆ្នើម ដោយមាននារូឆ្នើមៗមកពីប្រទេសជាង១០ នៅលើពិភពលោកចូលរួម។ អ្នកស្រីថា កម្មវិធូនោះ នារីចូលរួមមិនសុទ្ធតែបានទទួលពាន និងមកុដឆ្នើមនោះទេ ប៉ុន្តែសម្រាប់កម្ពុជា មាននារី៣នាក់ទទួល ដោយក្នុងនោះម្នាក់ គឺអ្នកស្រី។ ភ្លាមៗបន្ទាប់ពីបានមកុដនៅថៃ គណកម្មការវាយតម្លៃនារីឆ្នើមប្រចាំតំបន់ ដែលមានមូលដ្ឋាននៅហ្វីលីពីន ក៏បានអញ្ជើញអ្នកស្រី អោយទទួលមកុដបែបនេះមួយទៀត កាលពីពេលថ្មីៗផងដែរ៕

មតិយោបល់