រតនគិរីៈ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ យុវជនម្នាក់ប្រើសារធាតុញៀនលើសកម្រិត គ្រប់គ្រងខ្លួនឯងលែងបាន ត្រូវអាណាព្យាបាលប្ដឹងប៉ូលិស ដើម្បីយកទៅដាក់មណ្ឌលកែប្រែខេត្តបន្ទាយមានជ័យ ហេតុការណ៍នេះ កើតឡើងក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
យុវជនប្រើសារធាតុញៀនលើសកម្រិតមានឈ្មោះ អីម បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ តាមសំណូមពររបស់ប្អូនស្រីបង្កើតឈ្មោះ អីម វណ្ណា ភេទស្រី អាយុ ២៣ឆ្នាំ។
ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីស្របតាមមាត្រា១០៧ និង១០៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ការិយាល័យជំនាញបានធ្វើនីតិវិធីសុំការឯកភាពពីអយ្យកាអមសាលាដំបូងខេត្តរតនគិរីដើម្បីសម្រេច។
សូមបញ្ជាក់៖ ជននោះប្រើសារធាតុញៀន រហូតបំផ្លាញទ្រព្យសម្បតិ្តក្នុងគ្រួសារ ថ្ងៃមុខទៅអាចនិងឈានដល់ប្រព្រឹត្តបទល្មើសផ្សេងៗ ហើយបច្ចុប្បន្នយុវជនខាងលើ ត្រូវបានដឹកបញ្ជូនទៅកែប្រែព្យាបាលស្តារនិតិសម្បទារនៅមណ្ឌលជីវិតថ្មី ភ្នំបាក់ ឯខេត្តបន្ទាយមានជ័យ៕
មតិយោបល់