ព័ត៌មានសិល្បៈ និងកម្សាន្ត

ដើម២០២០ ឆាយ វីរៈយុទ្ធ បោះទុនវិនិយោគជិត៣លានដុល្លារ

ស្ងាត់ៗ ស្រាប់តែពេលនេះ គេបានដឹងថា តារាចម្រៀងជួរមុខលោក ឆាយ វីរ:យុទ្ធ បាននិងកំពុងបោះទុនវិនិយោគប្រមាណ២លាន៦សែនដុល្លារ ដែលធ្វើឲ្យមហាជនផ្ទុះការ កោតសរសើរថា ជោគជ័យទាំងសិល្ប: និងមុខជំនួញ។

នៅពេលផ្តើមនិយាយដល់ការបោះទុនវិនិយោគដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានធ្វើមហាជនងឿងឆ្ងល់មិនតិចទេថា តើតារារូបនេះ បោះទុនរកស៊ីអ្វីបានជាប្រើដើមទុនធំសម្បើមម្លេះ? ប៉ុន្តែយ៉ាងណាចម្ងល់នេះ ត្រូវបានបកស្រាយនៅព្រឹកថ្ងៃទី១១ មករា ២០២០ ដោយតារារូបនេះ បានប្រើដើមទុនវិនិយោគលើគម្រោងមីនីវីឡា ដែលមានទីតាំងនៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ចំពោះព័ត៌មាននៃការបោះទុនដ៏ធំសម្បើមនាដើមឆ្នាំ២០២០នេះ លោក ឆាយ វីរ:យុទ្ធ បានឲ្យដឹងថា តាមពិតទៅគម្រោងវិនិយោគនេះ ពិតជាចំណាយជិត៣លានដុល្លារមែន ប៉ុន្តែជាការចាប់ដៃគ្នាវិនិយោគ រវាងរូបលោក និងលោកឧកញ៉ា ម៉េន កានី ដោយរូបលោកផ្ទាល់មានទុន២៥ភាគរយ រីឯលោកឧកញ៉ា ម៉េន កានី មានដើមទុនធំរហូត៧៥ភាគរយ។

លោកឧកញ៉ា មេន កានី ប្រធានក្រុមហ៊ុន ជី អឹម ត្រេឌីង ក៏បានបញ្ជាក់ផងដែរថា រូបលោកពិតជាជឿជាក់ចំពោះការវិនិយោគ រួមគ្នាជាមួយនឹងលោក ឆាយ វីរ:យុទ្ធ ហើយគិតថា គម្រោង Style Mini Villa GM Residence Baseth នឹងទទួលបានជោគជ័យខ្ពស់ ដោយសារគម្រោង ស្ថិតនៅលើទីតាំងល្អ ហើយប្រកបដោយសោភ័ណ្ឌភាពខ្ពស់៕

មតិយោបល់