កាលពីយប់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២០ កម្ពុជារៀបចំកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ ស្តីពីកម្មវិធីកញ្ញាឯកភពផែនដី Miss Planet Cambodia 2020ក្រោមការចូលរួមពីសំណាក់បេក្ខភាពស្រីស្អាតជាច្រើន ដោយកញ្ញាឯក ប៉ុន សុរ៉ាវត្តី មកពីខេត្តកំពង់ស្ពឺ បានក្លាយជាអ្នកគ្រងមកុដ។ក្នុងពិធីប្រគល់មកុដកញ្ញា រី ចំណានកល្យាណ ជាបវរកញ្ញាឯកភពផែនដី២០១៩ បានអះអាងថា ខ្លួនពិតជាបានបំពេញការងារ អស់រយៈពេលពេញមួយឆ្នាំហើយ ខណៈបានរកឃើញម្ចាស់មកុដថ្មី ខ្លួនពិតជារំភើប និងស្ញប់ស្ញែង ចំពោះទេពកោសល្យ និងរូបសម្រស់ដ៏ស្អាតរបស់ម្ចាស់មកុដឆ្នាំ២០២០។
នៅក្នុងកម្មវិធីនោះ ក៏មានគណកម្មការរំដួលលិចទឹក អគ្គនាយិកា Miss Planet Cambodiaលោក សុឹម មាស ប្រធានសមាគមគ្រឿងសម្អាងកម្ពុជា អ្នកស្រី សរ កេសារ៉ា អគ្គនាយិកាកេសារ៉ាតារាសួគ៍ លោក ផាត់ តារារដ្ ឋពីគ្រួសារតារាកម្ពុជា និងគណកម្មការកិត្តិយស ដាក់ពិន្ទុវិនិច្ឆ័យជាច្រើនរូបផងដែរ បានផ្ដល់ពិន្ទុរយ៉ាងសុគ្រិតយុត្តិធម៌។កញ្ញារំដួលលិចទឹក ប្រកាសថា ក្រោយបញ្ចប់បេសកម្មស្វែងរកឃើញ អ្នកទទួលមកុដ និងចំណាត់ថ្នាក់ពីលេខ២ ដល់លេខ៥ កញ្ញាដែលជាអ្នករៀបចំការប្រកួត បានលើកសរសើរថា កញ្ញាលេខ១ ដែលគ្រងមកុដ គឺមានភាពវាងវៃជាងគេ ទាំងដំណើរ និងបុគ្គលិកលក្ខណៈផ្សេងៗទៀត បូករួមទាំងការក្លាហាន គឺមានចេញពីក្នុងខ្លួនមិនត្រឹមតែស្អាតទេ។ យើងនិងព្យាយាមបង្វឹកនាង ឱ្យល្អបន្តទៀត ដើម្បីឆ្ពោះទៅកាន់ឆាកអន្តរជាតិខាងមុខ ដែលកម្ពុជាយើងជាអ្នករៀបចំ។
សូមជម្រាបដែរថា បវរកញ្ញាបេក្ខភាពលេខ១ កញ្ញា ប៉ុន សុរ៉ាវត្តី ត្រូវបានគ្រងម្កុដ និងជាប់ជាកញ្ញាឯកភពផែនដីឆ្នាំ ២០២០ ដែលមកពីខេត្តកំពង់ស្ពឺ មានកម្ពស់១៧០ សង់ទីម៉ែត្រ និងតំណាងជាតិឱ្យកម្ពុជា ក្នុងការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ Miss Planet Internationalនឹងទទួលស្វាគមន៍បេក្ខភាពបវរកញ្ញា ដែលមកពីជុំវិញពិភពលោកជាង ៧០ប្រទេសទៀត ក្នុងការធ្វេីជាម្ចាស់ផ្ទះការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ Miss Planet International នៅខែមេសាដេីមឆ្នាំ2020នេះ៕











មតិយោបល់