ក្នុងវេទិកាសន្និសីទ កាលពីល្ងាចថ្ងៃទី២៣ មេសា តារាកំប្លែង នាយតាក់សុី នៅតែប្រកាសជំហរ ទៅបួសអស់មួយជីវិត ដោយទុកអោយប្រពន្ធ និងកូន ដោះស្រាយស្ថានភាពរស់នៅដោយខ្លួនឯង។ អ្នកនាងភីមជាភរិយា បានអះអាងថា ខ្លួននិងស្វាមីអត់មានទំនាស់ នឹងគ្នាពីមុនសូម្បីតែបន្តិច ប៉ុន្តែហេតុផលដែលប្ដីសុំបួស គឺបណ្ដាលមកពីអស់និស្ស័យ នឹងមនុស្សលោក ដែលនាងចង់ឃាត់យ៉ាងណា ក៏ឃាត់លែងបានតែម្ដង។ យ៉ាងណាមិញនាងអះអាង ខ្លួនមិនភ័យក្រោយប្ដីទុកអោយចិញ្ចឹមកូនតែឯងនោះទេ ដោយសារទី១នាងនឹងបន្តការងារសិល្បៈ និងទី២ដោយសម្អាងថា បានបងធម៍ជាម្ចាស់ហាងមីស៑ុបកូនកាត់ និងប៑ុហ្វេសាច់អាំងសមុទ្របៃតង ជួយរ៉ាប់រង ក្រោយអស់ពីប្ដី។
អ្នកនាងភីម និយាយថា តារាកំប្លែងនាយតាក់សុីចេះតែមានគំនិត សុំទៅបួសបែបនេះជាយូរមកហើយ ប៉ុន្តែដោយនាង និងគ្រួសារចេះតែអង្វរខ្លាំងពេក ទើបឃាត់បានដល់ពេលនេះ។ អ្នកនាងថា លោកមានតែគំនិតចង់បួស និងថាបើនាងអោយលោកទៅបួស គឺទោះជាបួសបានតែមួយថ្ងៃ ហើយស្លាប់ក៏លោកអស់ចិត្ត។ អ្នកនាងថា ប្ដីប្រពន្ធរបស់នាងកម្សត់កម្រ នឹងគ្នា១៥ឆ្នាំហើយ ប៉ុន្តែអ្នកនាងនៅតែមិនអាចឃាត់ប្ដីបាន ទើបមានតែតាមដំណើរ ហើយសុខចិត បីបាច់កូនវ័យ១៣ឆ្នាំតែម្នាក់ឯង។ ក្នុងវេទិការសន្និសីទសារព័ត៍មាន នៅក្នុងហាងមីស៑ុបកូនកាត់ ស្ថិតនៅក្បែរចេញពីកោះពេជ្រ ខណៈដែលម្ចាស់ហាងដែលជាអ្នកដទៃសុទ្ធសាធប្រកាសថា នឹងជួយផ្គត់ផ្គង់តម្រូវការនាយតាក់សុី ក្នុងពេលបួស និងទទួលខុសត្រូវទាំងស្រុង លើស្ថានភាពរស់នៅរបស់អ្នកនាងភីម និងកូនប្រុស ដើម្បីកុំអោយលោកមានការបារម្ភ ក្នុងពេលថ្វាយខ្លួនព្រះពុទ្ធសាសនា។
អ្នកស្រី គង់ វណ្ណា ម្ចាស់ហាងមីស៑ុបកូនកាត់កោះពេជ្រ និងហាងប៑ុបហ្វេសមុទ្របៃតងកោះពេជ្រ បានថ្លែងប្រាប់សារព័ត៍មានថា ដោយសារតែនាយតាក់សុី សម្រេចចិត្តទៅបួស ដោយឃាត់លេងជាប់ទៅហើយ ដូច្នេះក្នុងនាមអ្នកស្រី ដែលធ្លាប់រាប់អាន និងស្រទ្បាញ់ គ្រួសារនាយតាក់សុី និងភរិយា មិនខុសពីសាច់ញាតិម្នាក់ គឺមានតែជួយបំពេញបំណងប៉ុណ្ណោះ ដោយអ្នកស្រីសម្រេចចិត្តទិញគ្រឿងឧបភោគបរិភោគទុកអោយនាយតាក់សុីទៅបួស និងធានាផ្គត់ផ្គង់សម្រួលជីវភាពរបស់អ្នកនាងភីម ប្រសិនបើសិល្បៈដើរលេងទៅ ដើម្បីអោយកូនប្រុសតែមួយ របស់នាយតាក់សុីបានសិក្សាចប់ចុងចប់ដើម។
អ្នកស្រីថាខ្លួននឹងបង្រៀនអ្នកនាងភីមអោយចេះរកសុី ឬ មកធ្វើការប្រចាំហាងអោយខ្លួន ដោយអ្នកស្រីធានា មិនអោយអ្នកនាងភីម ពិបាកជីវភាពក្រោយពេលស្វាមី បួសជាព្រះសង្ឃ ហើយឈប់រវល់នឹងការផ្គត់ផ្គង់ប្រពន្ធនោះឡើយ។ អ្នកស្រីមានគម្រោងបើកហាងមីស៑ុបកូនកាត់ និងហាងប៑ុបហ្វេសមុទ្របៃតង ហើយអោយអ្នកនាងភីម មើលការខុសត្រូវ ប៉ុន្តែបើអ្នកនាងភីម ចង់តែរឿងសិល្បៈ ដោយមិនចង់រកសុី នោះអ្នកស្រី នឹងជួយផ្គត់ផ្គង់តម្រូវការមិនអោយនាយតាក់សុីពិបាក់ខ្វល់។
នាយតាក់សុី បញ្ជាក់ថា ហេតុផលដែលលោកបួស ហើយសម្រេចចិត្តបោះបង់ប្រពន្ធកូន គឺដោយសារតែលោក ចាប់ផ្ដើមមានអារម្មណ៍លែងសុខ ប្រសិនបើមិនបានទៅបួសនៅក្នុងពេលនេះ ដោយលោកនិយាយថា អ្វីៗវាហាក់ដូចជាការអស់កិលេស អស់និស្ស័យ ហើយនឹងបួសមិនសឹកវិញទេ។ លោកបើកផ្លូវអោយភរិយាចង់យកស្វាមីថ្មីក៍បាន ឬចង់ឡើងចុះមើលលោកម្ដងម្កាលក៍បាន
ហើយអ្វីដែលជំរុញចិត្តលោកអោយស្ងប់ នៅក្នុងការបួសនៅក្នុងពេលនេះ គឺដោយសារតែប្អូនធម៍ ជាម្ចាស់ហាងមីស៑ុបកូនកាត់ធានា ជួយមើលខុសត្រូវប្រពន្ធកូន។ ជាមួយនឹងជំហររបស់ប្ដី អ្នកនាងភីមបានថ្លែងប្រាប់ថា អ្នកនាងមិនមានបំណងយកប្ដីមួយទៀត តាមការចង់បានរបស់នាយតាក់សុីនោះទេ ដោយនាងនឹងតស៑ូចិញ្ចឹមកូន ក្រោមការជ្រោមជ្រែងរបស់អ្នកស្រីមីស៑ុបកូនកាត់កោះពេជ្ររហូតដល់ចប់៕



















មតិយោបល់