ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យ ផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា គ្រូពេទ្យគ្មានជំនាញពិតប្រាកដ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការខេត្តពោធិ៍សាត់ បន្ទាប់ពីចាក់ថ្នាំ បណ្តាលឲ្យអ្នកជំងឺម្នាក់ស្លាប់ ក្នុងរយៈពេលតែ១០នាទីប៉ុណ្ណោះ។
ហេតុការណ៍ហេតុនេះ កើតឡើងកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ជនរងគ្រោះ ឈ្មោះ គាត ម៉ៅ ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមគ្រួសារ បានចេញពីភូមិ មកស្នាក់នៅក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ មានបំណងទៅចាំចំការរបស់ខ្លួន តែខណៈនោះ ស្រាប់តែមានអាការចុកដើមទ្រូង ទើបក្រុមគ្រួសារ បានបញ្ជូនមកព្យាបាល នៅផ្ទះគ្រូពេទ្យឈ្មោះ ឈុំ វណ្ណី។
ដោយគ្រូពេទ្យរូបនេះ បានសម្រេចទទួលការពិនិត្យព្យាបាល ជាមួយការចាក់ថ្នាំចំនួន៤ម្ជុល ទៅក្នុងខ្លួនជនរងគ្រោះ បានរយៈពេលប្រមាណជា១០នាទីក្រោយមក ជនរងគ្រោះស្រាប់តែឡើងស្លេះពេញបំពង់ករ ដាច់ខ្យល់ស្លាប់មួយរំពេច។ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ព្រឹក ក៏បែកធ្លាយរឿងនេះ ដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុតែម្តង ។
បើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ម៉ូ លីដា ស្នងការរងទទួលបន្ទុកការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការស្លាប់របស់ជនរងគ្រោះ បណ្តាលមកពីគ្រូពេទ្យទទួលព្យាបាល គ្មានច្បាប់អនុញ្ញាត ឲ្យព្យាបាលជំងឺពីក្រសួងសុខាភិបាល និងគ្មានសញ្ញាប័ត្រត្រឹមត្រូវ ក្នុងការព្យាបាល ទើបបណ្តាលឲ្យជនរងគ្រោះ ស្លាប់បែបនេះ ។
លោកម៉ូ លីដា បានបន្តថា ក្រោយពីសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច្ឆ័យយ៉ាងយកចិត្តទុកដាក់ឃើញថា ជនរងគ្រោះ ពិតជាស្លាប់ដោយករណីគ្រូពេទ្យ ព្យាបាលដោយចាក់ថ្នាំ បណ្តាលឲ្យស្លាប់មែន។ បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕
មតិយោបល់