ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយ ធុង ប៉េត្រូ ធ្វើខួបធំក្រោយខ្ទរខ្ទារ ក្នុងសិល្បៈ

ទើបតែចូលប្រឡូកការងារសិល្បៈប្រមាណជាងកន្លះឆ្នាំប៉ុណ្ណោះ ប៉ុន្តែតារាកំប្លែង នាយ ធុង ប៉េត្រូ ទទួលបានផ្លែផ្កាមិនណយនោះទេ ទាំងផ្នែកកំប្លែង សម្ដែង និងពិធីករ។ អ៊ីចឹងហើយទើបក្នុងពិធីខួបកំណើតធំដុំរបស់លោកកាលពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២០ នៅម្ដុំគៀនស្វាយ គេឃើញមានវត្តមានតារាជាច្រើនចូលរួមអបអរ ដែលបង្ហាញពីកេរ្តិ៍ឈ្មោះរបស់លោកក្នុងពិភពសិល្បៈ បើទោះជាបោះជំហានរយៈពេលខ្លី។

នាយ ធុង ប៉េត្រូ បានអះអាងថាលោកធ្វើខួបធំដុំបែបនេះ ៣លើកមកហើយ ប៉ុន្តែលោកចាត់ទុកថានេះជាខួបទី១ ដែលមានអ្នកសិល្បៈល្បីៗចូលរួម ខណៈដែលខួបឆ្នាំនេះ គឺធ្វើនៅឆ្ងាយក្រុង ប៉ុន្តែទាំងភ្ញៀវកិត្តិយស និងតារាសិល្បៈ សុទ្ធតែស្កាត់មកគ្មានបាត់មុខ។ លោកថាសប្បាយចិត្ត ដែលក្រុមតារាសិល្បៈ ដែលរួមទាំងផលិតករផង បានផ្ដល់កិត្តិយសអោយខ្លួនសូម្បីតែលោកគឺជាតារាទើបរះបានជាងកន្លះឆ្នាំ។ លោកកាន់តែសប្បាយចិត្ត ដែលការងារសិល្បៈក៏មានការទទួលស្គាល់ព្រមគ្នា ទើបធ្វើឲ្យលោកមានឱកាសបានធ្វើការជាមួយតារាល្បីៗ ហើយមានមុខបានស្គាល់រៀមច្បងទាំងនោះ នាពេលចុងក្រោយ។ ក្នុងពិធីខួបឆ្នាំនេះ លោកថារៀបចំបែបសាមញ្ញប៉ុណ្ណោះ ប៉ុន្តែទាំងអ្នកចូលរួម ជាពិសេសគឺសិល្បករសុទ្ធតែសប្បាយរីករាយ ដោយអាចនិយាយបានថា បណ្ដាលមកពីក្រុម សិល្បករមានការស្រឡាញ់រាប់អានចំពោះលោក។

នាយ ធុង ប៉េត្រូ ខួបដែលបានធ្វើឡើង គឺគម្រប់វ័យ៣០ឆ្នាំឈានចូល៣១ឆ្នាំ ដោយពិធីទាំងមូល មានភ្ញៀវចូលរួមពេញតុដែលបានគ្រោងទុក។ លោកក៏រំពឹងថាក្រោយជំនួបសិល្បករ និងមិត្តភ័ក្ដិ ដែលបានធ្វើឡើងក្នុងថ្ងៃឡើងអាយុនោះ ក៏ពិតជាធ្វើឲ្យលោកកាន់តែមានរាសី និងទទួលបានការចាប់អារម្មណ៍នៅក្នុងការងារសិល្បៈច្រើនជាងមុនផងដែរ៕

មតិយោបល់