ព័ត៌មានសិល្បៈ និងកម្សាន្ត

ករុណា ពេជ្រ និង យឹម តាស្រង់ ខ្វែងគំនិតគ្នារឿងការចែកភាគលាភពីតារាចម្រៀង

តារាចម្រៀងលោក ករុណា ពេជ្រ និងអ្នកនិពន្ធបទចម្រៀងលោក យឹម តាស្រង់ បានខ្វែងគំនិតគ្នា ពាក់ព័ន្ធទៅនឹងការចែកភាគលាភរវាងតារាចម្រៀង និងអ្នកនិពន្ធ បន្ទាប់ពីព័ត៌មាននេះ បានក្លាយជាការចាប់អារម្មណ៍។ ការខ្វែងគំនិតគ្នា នាពេលនេះ បានកើតឡើង បន្ទាប់ពីលោក យឹម តាស្រង់ ដែលបានដើរចេញពីផលិតថោន មកចូលរួមជាមួយផលិតឡេងណាវ៉ាត្រា ហើយបានបង្ហាញជាសាធារណ:ពីការព្រមព្រៀងគ្នា ក្នុងការចែកភាគលាភគ្នាជាមួយតារាចម្រៀងកញ្ញា តន់ ចន្ទសីម៉ា ហើយលោក ករុណា ពេជ្រ យល់ឃើញខុសពីនេះ។

លោក យឹម តាស្រង់ បានសសេរបង្ហោះនៅលើបណ្តាញសង្គមថា រំភើបបំផុតមួយជីវិតនេះ ខ្ញុំទើបជួបម្តងទេ ដែលតារាចម្រៀងម្នាក់ ហ៊ានចែកផ្តល់ចំណូលមកខ្ញុំជាអ្នកនិពន្ធ 20% ពីការចេញច្រៀងគ្រប់កម្មវិធីប្រគុំតន្ត្រី និងស្ពតពាណិជ្ជកម្មទាំងអស់ ក្នុងរយ:ពេលដ៏វែងដោយភាពពេញចិត្ត។ អរគុណណាស់នូវការយល់ពីតម្លៃនៃអ្នកនិពន្ធ ហើយមួយរយ:នេះ បងលើកប្អូនស្រីពិតជាមិនខកបំណងមែន អរគុណនូវទឹកចិត្តដឹងគុណរបស់ប្អូនមកលើបង។ លោកបញ្ជាក់ថា ប្រហែលជាអ្នកចម្រៀងទី១ ហើយបងក៏ប្រហែល ជាអ្នកនិពន្ធទី១ផងដែរ ដែលបានទទួលការចែកភាគលាភបែបនេះ ពីតារាចម្រៀងកំពុងល្បីម្នាក់បែបនេះ បង នឹងខិតខំព្យាយាមបន្តទៀតដើម្បីប្អូន។ ហើយក៏អរគុណផងដែរ ដល់បងប្អូនក្រុមមេធាវី និងសាក្សី ហើយជាពិសេសនោះ អរគុណដល់អគ្គនាយកផលិតកម្ម Galaxy Navatra ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចូលរួមជាកិត្តិយស ដឹងឮក្នុងកិច្ចសន្យានេះ។

ជាការកត់សម្គាល់នៅពេលដែលបានឃើញនៅបញ្ហានេះ តារាចម្រៀងលោក ករុណា ពេជ្រ ក៏បានបញ្ចេញនូវប្រតិកម្មភ្លាមៗ យល់ឃើញផ្ទុយពីអ្វីដែលលោក យឹម តាស្រង់ បានធ្វើនាពេលនេះ។ តាមរយ:សំណេរដែលតារាចម្រៀងរូបនេះ បានសសេរបង្ហោះនៅលើគណនេយ្យហ្វេសប៊ុករបស់លោក បញ្ជាក់ថា ខ្ញុំចូលសិល្បះទេីបជិត១៦ ឆ្នាំទេ ។
ខ្ញុំសូមបញ្ចេញ យោបល់សម្រាប់គំនិតខ្ញុំ តាមអ្វីដែលខ្ញុំមិនសូវចេះថា បេីកម្រៃខ្ញុំរកបានពីសិល្បះ នៅកន្លែងផលិតកម្មដែលបណ្តុះបណ្តាលខ្ញុំ ហេីយផលិតកម្មនោះ ទាមទារ ឲ្យកាត់ភាគរយ 10-30% ក៏ខ្ញុំសប្បាយចិត្តនឹងជូនដោយក្តីរីករាយ … ព្រោះផលិតកម្មបានចំណាយថវិកា លេីបុគ្គលិកគ្រប់ជាន់ថ្នាក់ មានទាំងអ្នកនិពន្ធ ក្រុមបច្ចេកទេស បុគ្គលិកទីផ្សារ និងសម្ភារ:ផ្សេងៗ ទេីបអាចបណ្តាលឲ្យអ្នកចម្រៀងមានកេរ្ត៏ឈ្មោះ ហេីយកេរ្ត៏ឈ្មោះអ្នកចម្រៀងល្បី បទចម្រៀល្បី ក៏បានឲ្យក្រុមការងារគ្រប់ជាន់ថ្នាក់ សប្បាយចិត្ត តាមស្នាដៃរៀងៗខ្លួនដូចគ្នា។ ប៉ុន្តែបេីមានបុគ្គលិកណា ក្នុងផលិតកម្ម ដែលចង់សុីប្រាក់ភាគរយពីការងារសិល្ប: លើលាភសក្ការ: លេីការងារពីសិល្ប:របស់ខ្ញុំនោះ គឺ ខ្ញុំមិនឲ្យជាដាច់ខាត សូម្បីតែ 0,1% ក៏ខ្ញុំមិនឲ្យជាដាច់ខាត ប៉ុន្តែបេីជាមនោសញ្ចតនា យូរៗម្តង ឬដោយទឹកចិត្ត ខ្ញុំនឹងព្យាយាមធ្វេីតាមអ្វីដែលមាន តាមមនោសញ្ចេតនា ព្រោះក្រុមការងារគ្រប់ផ្នែកទាំងអស់ ក្នុងផលិតកម្មមួយ គឺជាកាតព្វកិច្ចរបស់គាត់រៀងខ្លួន ដេីម្បីបំពេញការងារ បញ្ចេញសមត្ថភាពល្អ ដេីម្បីបង្ហាញយកស្នាដៃជូនផលិតកម្ម និងដេីម្បីថៅកែ ហេីយគាត់ទទួលបានការលេីកទឹកពីថៅកែ ចំពោះគាត់ រាល់ស្នាដៃដែលគាត់បានសាង នេះជារឿងរបស់បុគ្គលិកតាមផ្នែក ជាមួយថៅកែ មិនមែនជាមួយអ្នកចម្រៀងទេ ព្រោះអ្នកចម្រៀងក៏ជាបុគ្គលិក ក្រោមការគ្រប់គ្រងរបស់ផលិតកម្ម ដែលមានថៅកែជាមេដូចគ្នា ប៉ុន្តែអរគុណផលិតកម្ម មិនដែលកាត់ភាគរយគ្រប់តារាចម្រៀងទាំងអស់។

បើតាមលោក ករុណា ពេជ្រ អ្នកចម្រៀង អ្នកនិពន្ធ ក្រុមបចេ្ចកទេស ក្រុមការងារផ្សេងទៀត គឺមានភារកិច្ចទទួលបំពេញការងារឲ្យបានល្អរៀងខ្លួន ដេីម្បីជូនថៅកែផលិតកម្ម ដែលគាត់បានចំណាយរាប់មុឺនក្នុងមួយខែ ជូនបុគ្គលិកគ្រប់ជាន់ថ្នាក់។ ជាមួយនឹងការបញ្ចេញយោបល់ជំទាស់ លោកក៏ហាក់ប្រកាសពីការតតាំងប្រសិនបើភាគី លោក យឹម តាស្រង់ ចង់តបតនោះផងដែរ។ លោកករុណា ពេជ្រ បន្ថែមថា អ្នកប៉ះពាល់ច្រេីនហេីយ លេីផ្នែកដទៃ ប៉ុន្តែលេីកនេះ ប៉ះកិត្តិយសអ្នកចម្រៀង ដូច្នេះក្នុងនាមខ្ញុំជាអ្នកចម្រៀងម្នាក់ សូមបញ្ចេញយោបល់ប៉ុណ្ណេះ បេីមានខុសឆ្គងខ្ញុំសូមអភយ័ ទោស ប៉ុន្តែខ្ញុំនឹងព្យាយាមកំដរទៀត បេីអ្នកនៅតែនិយាយប៉ះពាល់កិត្តិយស អ្នកចម្រៀង៕

មតិយោបល់