សុខ ជំនោរ រិះគន់ដំណឹងវិលជួប សុគន្ធ និសា

ភ្នំពេញៈ បន្ទាប់ពីស្ថាប័នមួយបានចុះផ្សាយរវាងលោក សុខ ជំនោរ និងកញ្ញា សុគន្ធ និសា នឹងវិលត្រូវគ្នាវិញ ក្នុងនាមជាប្ដីជាប្រពន្ធម្ដងទៀត គេឃើញអ្នកនិពន្ធល្បីឈ្មោះរូបនេះ ចេញមុខរិះគន់ត្រង់ៗតែម្ដង ទៅនឹងខ្លឹមសារ និងការសរសេររបស់សារព័ត៌មានមួយនោះ ដោយលោកសំដៅថា នោះជាដំណឹងដែលខ្វះមូលដ្ឋានពិតប្រាកដ។ លោកបានបញ្ជាក់ថា ខ្លួនមិនបានដឹងរឿងពាក់ព័ន្ធនឹងអ្វីដែលបានចុះផ្សាយនោះទេ ហើយលោកក៏ថា រវាងលោក និងអតីតសង្សារចាស់ គឺសុគន្ធ និសា មិនអាចនឹងឈានដល់ពេលវេលានេះនោះដែរ។

នៅលើបណ្ដាញហ្វេសប៊ុក បានសរសេរថា បើលោក និង សុគន្ធ និសា ត្រូវរ៉ូវគ្នាមែន ហេតុអ្វីដែលលោកមិនដឹង។ ក្នុងនោះ លោកវាយប្រហារចំៗ ចំពោះពាក្យថា តាមប្រភពសុំមិនបញ្ចេញឈ្មោះ ប្រភពច្បាស់ការ និងតាមអ្នកជិតស្និទ្ធិ ដែលម្ចាស់សំណេរបានសរសេរនៅក្នុងអត្ថបទពាក់ព័ន្ធនឹងលោក ដោយលោកបញ្ជាក់ថា ពាក្យពេចន៍ទាំងនោះ គ្រាន់តែការការពារនូវអ្វីដែលខ្លួនមិនបានដឹង ដើម្បីឲ្យរឿងដែលគ្មានការពិតមួយ ស្ដាប់ទៅគឺមានទម្ងន់ប៉ុណ្ណោះ។ លោកបានសំដៅថា អ្នកសរសេរថា លោក និង សុគន្ធ និសា វិលត្រលប់ត្រូវគ្នា គឺមិនខុសពីបញ្ឆេះមនុស្ស២នាក់ ឲ្យមើលមុខគ្នាកាន់តែមិនចំនោះទេ ដោយប្រកាសថា អ្វីដែលបានរំលេចឡើង គឺជារឿងបង្កឲ្យឈ្លោះគ្នានោះផងដែរ។

លោកនិយាយថា «ខ្ញុំក៏ធ្លាប់រៀនសរសេរព័ត៌មានដែរ ជិត20ឆ្នាំ ក្នុងរបរជាអ្នកនិពន្ធ ជាអ្នកដឹកនាំសម្តែង អ្នកជិតស្និទ្ធរបស់ខ្ញុំ គឺមានតែអ្នកវៃភ្លើង អ្នកថត តៃកុងឡានប៉ុណ្ណោះ ព្រោះធ្លាប់ស្រវឹងក្រោយការងារ ហើយបើអ្នកសិល្បៈវិញ គឺមានតែបងប្អូន និងអ្នករួមការងារ គឺអត់មានអ្នកជិតស្និទ្ធិជាអ្នកសិល្បៈអីទេ។ ព្រោះអ្នកសិល្បៈ ពួកគាត់រវល់ថតបណ្តាក់គ្នា ខ្ញុំក៏រវល់បែបខ្ញុំ។ ដូច្នេះព័ត៌មានដែលគេផ្សាយពីខ្ញុំ ជួយឲ្យគេឈ្លោះគ្នាហើយ តែសម្រាប់ខ្ញុំអត់អីទេ!»

នេះជាការប្រកែកយ៉ាងដាច់អហង្ការមួយ ដែលបានបញ្ជាក់ថា រវាងលោក និង សុគន្ធ និសា មិនបានត្រូវគ្នា ដូចអ្វីដែលគេរំលេចឡើងនោះទេ។ ម្យ៉ាង គេដឹងយូរមកហើយថា ក្រោយពីលោក និងនាងបែកគ្នា គឺសុគន្ធ និសា ក៏មានគូស្នេហ៍ជាម្ចាស់បេះដូងថ្មីហួងហែង ដោយសុខចិត្តទាំងដើរចេញពីហង្សមាស ដើម្បីគេចមុខពីលោក សុខ ជំនោរ ដែលមានន័យថា រវាងអ្នកទាំងពីរ មិនខុសគ្នាដូចទឹក និងភ្លើង។

ថ្មីៗនេះ សុគន្ធ និសា ទើបតែវិលចូលហង្សមាស ក្រោយពេលលោក សុខ ជំនោរ ចេញពីហង្សមាស មកបើកផលិតកម្មផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដោយអ្នកទាំងពីរ ត្រូវបានគេអះអាងថា ក្រោយការបែកបាក់ គឺមិនមានទំនាក់ទំនងគ្នាដូចគ្នានឹងគូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក យុត្ថារ៉ា ឆានី ឬរវាងលោក ពេជ្រ ភិរុណ និងអ្នកនាង អម្ពរ ទេវី នោះឡើយ។

លោកសុខ ជំនោរ ត្រូវបានគេអះអាងថា មិនទាន់មានកំណាន់ចិត្តថ្មីឡើយ ប៉ុន្តែមិនមានន័យថា លោករង់ចាំ សុគន្ធ និសា នោះទេ គឺមកពីលោកខ្លាចរអារនឹងស្នេហាអតីតកាលប៉ុណ្ណោះ ទើបមិនទាន់ជ្រើសថ្មី៕

photo_2016-07-29_23-37-36photo_2016-07-29_23-37-46photo_2016-07-29_23-37-49photo_2016-07-29_23-37-52photo_2016-07-29_23-37-55photo_2016-07-29_23-37-58photo_2016-07-29_23-38-01photo_2016-07-29_23-38-04photo_2016-07-29_23-38-07photo_2016-07-29_23-38-11photo_2016-07-29_23-38-14photo_2016-07-29_23-38-17

 

 

photo_2016-07-29_23-38-36

មតិយោបល់