ខណៈដែលគេមើលឃើញថា តារាហ្វេសប៊ុក និងជាតារាសម្ដែងមួយរូបផង លោក ចៅខ្មែរ គឺជាបុគ្គលជោគជ័យ ក្នុងវិស័យលក់អនឡាញ បន្ទាប់ពីនាំចូលប្រេន CK Magic មកកាន់ទីផ្សារកម្ពុជានោះ ម្ចាស់ផលិតផលរូបនេះ បែរជាប្រកាសថា ខ្លួននឹងឈប់Live លក់ផលិតផល និងប្រហែលជាឈប់សម្ដែងរហូតផងក៏មិនដឹង ដែលធ្វើអោយម្នាក់ៗភ្ញាក់ផ្អើល។ យ៉ាងណាមិញលោកមិនបោះចោលអាជីពទាំងពីរបានទេ បើទោះជាលោកជោគជ័យ។
ចៅខ្មែរ និយាយថា លោកពិតជាប្រកាន់ជំហរមិនឆ្លេរឆ្លារការសម្ដែង បើទោះជាមានសំណើរមែន បន្ទាប់ពីលោកយល់ថា បើទទួលការសម្ដែង នឹងខាតពេលពេញមួយថ្ងៃ ហើយអាចអោយលោកពិបាក ក្នុងការដាក់អារម្មណ៍ តាមការតម្រូវរបស់ផលិតករ អោយអស់ពីចិត្តពីថ្លើម។ ក្នុងនោះសូម្បីតែការ Live លក់ផលិតផល CK Magic និងការ like លក់ផលិតផលផ្សេងទៀត ក៏លោកស្ទើរតែឈប់អស់ដែរ បន្ទាប់ពីលោកកសាង បានតំណាងចែកចាយ នៅទូទាំងប្រទេស ហើយយល់ឃើញថា បើនៅតែបន្ត Live លក់ នោះនឹងធ្វើអោយតំណាងចែកចាយលក់មិនដាច់។
លោកថាយុទ្ធសាស្ត្រមុខជំនួញរបស់លោក នៅក្នុងពេលនេះ គឺលោកកសាងកេរ្តិ៍ឈ្មោះផលិតផល CK Magic អោយកូនក្រុម និងព្យាយាមពន្យល់កូនក្រុម ដើម្បីអោយកូនក្រុមក្លាយ ជាអ្នកជំនាញផ្នែកលក់ជាជំនួសវិញ។ លោកថា ខ្លួនមិនដកខ្លួនពីអាជីពអនឡាញទេ តែត្រូវពង្រឹងទីផ្សារ និងកូនក្រុមអោយខ្លាំង ដោយលោកយល់ថា អ្វីដែលលោកអនុវត្ត នឹងធ្វើអោយជំនាញខ្លួន រឹងមាំល្អជាង។ យ៉ាងណាមិញ លោក និង គូស្នេហ៍ ភេទដូចគ្នា មិនមានគម្រោង បើកជំនួញផ្សេងនោះទេ បើទោះជាក្នុងពេលនេះ លោកទំនេរជាងមុន៕
មតិយោបល់