ភ្នំពេញៈ អគ្គិភ័យឆាបឆេះផ្ទះអាជីវករ ចំនួន៤ល្វែងជាប់គ្នា ផ្តើមចេញពីទុស្សេខ្សែភ្លើង នៅលើបង្គោលភ្លើងខាងក្រៅផ្ទះ ឆេះរាលចូលដល់ក្នុងផ្ទះ ជាបន្តបន្ទាប់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង៥០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ តាមផ្លូវចោមចៅ ទល់មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមអាជ្ញាធរបានឲ្យដឹងថា ផ្ទះអាជីវករទាំង៤ល្វែង មាន៣ម្ចាស់ មួយល្វែងលក់ពូក គ្រែ មួយល្វែងលក់គ្រឿងម៉ូតូ ជួសជុលម៉ូតូ និង២ល្វែងជាប់មានម្ចាស់តែមួយ បើកលក់ម៉ូតូ ។
តាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ នៅលើបង្គោលភ្លើងខាងមុខផ្ទះ កើតមានទុស្សេខ្សែភ្លើង បង្កជាអគ្គិភ័យឆេះខ្សែភ្លើង នៅលើបង្គោល ពេលនោះពួកគាត់ បាននាំគ្នាទៅដាស់ម្ចាស់ផ្ទះលក់ពូក តែមិនងើបបើកទ្វារទេ ធ្វើឲ្យភ្លើងឆេះរាលចូលដល់ក្នុងផ្ទះលក់ពូក ទើបផ្អើលឆោឡោកាន់តែខ្លាំងឡើង ទោះជាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ ក៏មិនអាចទប់ឈ្នះ ភ្លើងកាន់តែខ្លាំងឡើង រាលចូលដល់ផ្ទះ ជួសជុលម៉ូតូ និងបន្តទៅផ្ទះលក់ម៉ូតូថែមទៀត។
ក្នុងហេតុការណ៍ខាងលើ ត្រូវបានរថយន្តពន្លត់អគ្គិភ័យ ចេញទៅអន្តរាគមន៍ជាបន្តបន្ទាប់ សរុប១៩គ្រឿង មកពីអង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៣គ្រឿង អាវុធហត្ថក្រុង ១គ្រឿង ស្នងការក្រុង និងរថយន្តឯកជនចំនួន១៥គ្រឿង រួមសហការបាញ់ទឹកពន្លត់ភ្លើង រហូតដល់វេលាម៉ោង ៧និង៥០នាទី ទើបគ្រប់គ្រងស្ថានការបាន។
ករណីនេះ បង្កឲ្យខូចខាត ទ្រព្យសម្បត្តិ ក្នុងផ្ទះទាំង៤ល្វែងអស់ជាច្រើន ម៉ូតូច្រើនគ្រឿង ក្លាយជាចំណីអគ្គិ។
ទោះជាយ៉ាងណាក្តី ក្រោយពីភ្លើងបានរលត់ទៅវិញ កម្លាំងសមត្ថកិច្ច អាជ្ញាធរ ធ្វើការហុំព័ទ្ធ ចំណុចផ្ទះកើតហេតុ ដើម្បីធ្វើកំណត់ហេតុ និងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត៕
មតិយោបល់