មកទល់នឹងថ្ងៃ១៦ កុម្ភៈ ឆ្នាំ២០២០ នេះ ការព្យាបាលជំងឺឈាមកកក្នុងលលាដ៍ក្បាល ដោយសារគ្រោះថ្នាក់ចរាចរណ៍េពេលចេញពីរត់តុក្នុងក្លិប របស់តារាសម្ដែងលោក មាស សៀវប៉ាយ ចំណាយអស់ជាង៤ពាន់ដុល្លារហើយ ដោយស្ថានភាពជំងឺរបស់លោក ប្រសិនបើគ្មានជំនួយបន្ត គឺពិតអស់លទ្ធភាពព្យាបាលកណ្ដាលទី។ ប្រភពពីផ្លូវការបញ្ជាក់ថា លោក មាស សៀវប៉ាយ ទើបតែអាចបើកភ្នែក កម្រើកដៃជើងបានប៉ុណ្ណោះ ប៉ុន្តែសម្រាប់លទ្ធភាពព្យាបាល គឺអស់ពីខ្លួនហើយ។
ស្ថាបនិកគ្រួសារតារាកម្ពុជា លោក ផាត់ តារារដ្ឋ ដែលជាអ្នកដុតដៃដុតជើង ក្នុងការរ៉ៃអង្គាសថវិកា តាំងពីតារាសម្ដែងរូបនេះ ជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ បញ្ជាក់ថា ក្រោមការខ្នះខ្នែងរ៉ៃថវិកា រាប់ទាំងជំនួយរបស់គ្រួសារតារាកម្ពុជា និង ជំនួយពីក្លិបដែលលោកធ្វើការ សរុបបានជាង៤ពាន់ដុល្លារ។ លោកថា ក្នុងពេលទៅដល់មន្ទីរពេទ្យវៀតណាម មន្ទីរពេទ្យមួយនេះ បានតម្រូវអោយបង់ថវិកា ជំហានដំបូងគិតជាដុល្លារ ៦០០ដុល្លារ ដើម្បីស្កេន និងព្យាបាលផ្សេងៗ។ ដោយឡែកកាលពីថ្ងៃទី១៥ កុម្ភៈ មុននេះ ខាងមន្ទីរពេទ្យបានតម្រូវអោយបង់៥០លានដុង ស្មើនឹងជាង២០០០ដុល្លារទៀត តែមិនបានពន្យល់ថា ដើម្បីធ្វើការវះកាត់ ឬ ព្យាបាលបន្តបែបណានោះទេ។
លោកថាតាមការឆ្លងឆ្លើយជាមួយគ្រួសាររបស់ជនរងគ្រោះថ្នាក់ គឺស្ថានភាពជំងឺប្រសើរហើយ ដោយអ្នកជំងឺបើកភ្នែក កម្រើកដៃជើង បានតិចតួចញាំអាហារតាមច្រមុះបាន តែមិនទាន់ដឹងថា នឹងត្រូវចំណាយប៉ុន្មានទៀត ទើបអ្នកជំងឺនឹងជាសះស្បើយនោះទេ។ លោក ផាត់ តារារដ្ឋ បញ្ជាក់ថា គ្រួសារលោក មាស សៀវប៉ាយ សុទ្ធតែខ្លួនទីពឹងខ្លួន ម្ដាយស្លាប់ ឪពុកពិកាទើបដើរបានតិចៗ ហើយបងៗក៏ជាកម្មកររោងចក្រ និងធ្វើការបានប្រាក់ខែតិចៗមិនចង់រស់។
គួរបញ្ជាក់ផងដែរ ក្រោយគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរផ្នែកក្បាលដល់ថ្នាក់សន្លប់ស្ដូកស្ដឹង គ្រួសារតារាកម្ពុជា បានប្រកូកប្រកាសរកជំនួយជួយលោក មាស សៀវប៉ាយ ខណៈដែលលោកកំពុងត្រូវការការព្យាបាល។ សរុបទាំងជំនួយក្រោមការរ៉ៃអង្គាសរបស់គ្រួសារតារាកម្ពុជា និងតាមរយៈក្លិបQK ដែលលោកធ្វើការ លោក មាស សៀវប៉ាយ ទទួលបានជំនួយសរុបជាង៤០០០ដុល្លារ ដោយជំនួយនេះ ត្រូវអស់ប្រមាណ១ពាន់ដុល្លារនៅពេទ្យខ្មែរ និងអស់ប្រមាណជាង៣០០០ដុល្លារហើយ នៅពេទ្យវៀតណាម ក្នុងពេលដែលលុយបម្រុងគឺមិនមាន ដោយសង្ឃឹមលើតែក្ដីអាណិតពីសប្បុរសជន៕
មតិយោបល់