ព័ត៌មានសិល្បៈ និងកម្សាន្ត

អុិន សុភិន សម្រេចគោលដៅយកពាន ទៅប្រគល់ឲ្យ យស បូវណ្ណៈ

នៅទីបំផុត ផលិតករល្បីឈ្មោះលោក អ៊ិន សុភិន បានឡើងទៅជាន់ទឹកដីអាមេរិក ដើម្បីយកពាន និងប័ណ្ណសរសើររឿង”លោកឪពុក” ដែលឈ្នះក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិនៅម៉ាកាវ យកទៅប្រគល់អោយលោក យស បូវណ្ណៈហើយ។ យ៉ាងណាមិញ នោះមិនមែនជាបំណងតែម្យ៉ាង ដែលតម្រូវអោយលោកត្រូវឡើងទៅដល់អាមេរិកក្នុងប៉ុន្មានថ្ងៃនេះនោះទេ។

លោក អ៊ិន សុភិន បញ្ជាក់ពីសហរដ្ឋអាមេរិកមកថា មានហេតុផល៣ដែលលោកចំណាយពេលមកដល់អាមេរិកលើកនេះ។ ទី១ គឺមកចចារជាមួយដៃគូពាណិជ្ជកម្ម ក្នុងអាជីវកម្មដឹកជញ្ជូន ដែលជាក្រុមហ៊ុនក្រៅសិល្បៈរបស់លោក ទី២ដើម្បីយកប័ណ្ណសរសើរមកប្រគល់ជូនតារាសម្ដែង លោក យស បូវណ្ណៈ ដែលត្រូវបានមហោស្រពភាពយន្តអន្តរជាតិ នៅទីក្រុងម៉ាកាវ កន្លងទៅប្រគល់ពានអោយ និងទី៣ គឺដើម្បីយកបែបបទឯកសារមកឆ្លង ជាមួយគណកម្មការមហោស្រពភាពយន្តអាស៊ីអន្តរជាតិ នៅសហរដ្ឋអាមេរិក ដើម្បីយកភាពយន្តមួយចំនួន របស់មហាហង្ស ទៅប្រកួតប្រកួតប្រជែងនៅអាមេរិក នាពេលខាងមុខ។

ក្នុងចំណោមគោលបំណងទាំង៣ លោកបានសម្រេចរួចរាល់អស់ហើយ ដោយលោក យស បូវណ្ណៈ មិនត្រឹមតែបានទទួលប័ណ្ណសរសើរ ដែលមានឈ្មោះរបស់ខ្លួន ដែលបានពីមហោស្រពភាពយន្តនៅម៉ាកាវប៉ុណ្ណោះទេ តែក៏បានយកពានដែលពានរួមតម្កល់ទុកសម្រាប់ក្រុមហ៊ុន យកទៅអោយលោកបានថតទុកជាអនុស្សាវរីយ៍ ព្រោះតែលោកមិនអាចទៅទទួលនៅក្នុងទីក្រុងម៉ាកាវនាពេលជាប់នោះផង។

ដោយឡែកសម្រាប់ការចរចាជុំវិញការដាក់ភាពយន្តចូលប្រកួត នៅក្នុងមហោស្រពភាពយន្តអន្តរជាតិនៅសហរដ្ឋអាមេរិក ក៏សម្រេចផងដែរ បន្ទាប់ពីការជជែកយ៉ាងលម្អិតរបស់លោក ជាមួយថ្នាក់ដឹកនាំមហោស្រព គឺបានឯកភាពគ្នា និងសម្របសម្រួលគ្នាលើលក្ខខណ្ឌជាច្រើន គ្មានការខ្វែងគំនិតគ្នា។ យ៉ាងណាមិញលោកនៅមិនទាន់បង្ហើបនៅឡើយទេ ថាលោកនឹងជ្រើសភាពយន្តខ្លាំងៗរបស់មហាហង្សណាខ្លះ ចូលរួមក្នុងមហោស្រពនៅអាមេរិកនោះ៕

មតិយោបល់