កាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២០ បវរកញ្ញាភពផែនដីរុស្ស៊ី ឬ Miss Planet International Russia ឆ្នាំ២០២០ បានមកកាន់ប្រទេសកម្ពុជា ដោយបានចូលសម្ដែងការគួរសម នៅកងពលតូចលេខ៧០។ អ្វីដែលគួរកត់សម្គាល់ គឺតារាហ្វេសប៊ុកអ្នកនាង Love Riya ក៏បង្ហាញខ្លួននៅថ្ងៃនោះដែរ ខណៈដែលអ្នកនាង ក៏ត្រូវបានគេប្រកាសថា គឺជាផ្នែកសំខាន់មួយ សម្រាប់ការប្រកួត បវរកញ្ញាភពផែនដីអន្តរជាតិ ក្នុងឆ្នាំ២០២០នេះ។
អ្នកស្រី ហាលី អាមីន អគ្គនាយិកា បវរកញ្ញាភពផែនដីអន្តរជាតិ បានលើកឡើងថា ដោយសារនៅខែ៥ខាងមុខកម្ពុជា នឹងបើកការប្រកួតលើកទី២ Miss Planet International ដែលមាន៦០ប្រទេសចូលរួម ទើបបេក្ខនារីដែលត្រូវប្រកួតជាហូរហែរ នឹងមកទស្សនកិច្ចនៅកម្ពុជា។ ជាក់ស្ដែងបេក្ខនារីមកពីរុស្ស៊ី បានបង្ហាញខ្លួនដូចដែលបានឃើញហើយ ដើម្បីមកស្វែងយល់ពីកម្ពុជា មុនពេលចូលរួមប្រកួត ក៏ដូចជាដើម្បី ចូលសម្ដែងការគួរសម ជាមួយថ្នាក់ដឹកនាំមន្ទីរ និងធ្វើសកម្មភាពសប្បុរសធម៌ ជួយដល់សហគមន៍ក្រីក្រផង។ អ្នកស្រីថា បវរកញ្ញារុស្សី មកកម្ពុជារយៈពេលមួយខែ ហើយគ្រប់ដំណើររបស់ស្រីស្អាតរុស្សីរូបនេះ ក៏មានអ្នកនាង Love Riya ផងដែរ ដោយសារតែអ្នកនាង គឺជាសមាជិកម្នាក់ក្នុងការរៀបចំ ពោលគឺលើកលែងតែអ្នកនាងរវល់។ ក្នុងនោះលោកជំទាវ ម៉ម ចាន់ចំប៉ា ដែលជាមន្ត្រីរាជការមួយរូប នឹងជាអ្នកឈ្មុសឈ្មុលសម្រាប់បេសកកម្មនេះ ក៏រឹតតែសំខាន់ផងដែរ។
អ្នកនាង Love Riya និយាយថា អ្នកនាងពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលបានចូលរួមក្នុងបេសកកម្ម របស់គណកម្មការបវរកញ្ញាភពផែនដី សម្រាប់ឆ្នាំ២០២០នេះ ដោយអ្នកនាង នឹងត្រូវបង្ហាញខ្លួន នូវរាល់សកម្មភាពរបស់គណកម្មការមួយនេះ នៅពេលដឹកនាំបវរកញ្ញាបរទេសណាមួយ មកបំពេញបេសកកម្មសប្បុរសធម៌ ឬ ចូលសម្ដែងការគួរសម នៅប្រទេសកម្ពុជា។ អ្នកនាងថា ហេតុផលដែលអ្នកនាងចូលខ្លួន ក្នុងតួនាទីនេះ គឺដោយសារតែអ្នកនាង ត្រូវបានស្នើឲ្យជួយជាដៃគូស្ពុនស័រ ហើយដោយមានការប្រាស្រ័យទាក់ទងគ្នាល្អ ទើប អ្នកនាងត្រូវបានស្នើ ជាសមាជិកម្នាក់សម្រាប់ការរៀបចំបវរកញ្ញាភពផែនដីអន្តរជាតិលើកទី២ ដែលនឹងធ្វើឡើង នៅកម្ពុជានាខែ៥ខាងមុខ។ អ្នកនាងកាន់តែសប្បាយចិត្ត នៅពេលបានរួមដំណើរជាមួយបវរកញ្ញាភពផែនដីរុស្ស៊ី ដែលជាបេក្ខនារីតំណាងអោយប្រទេសរុស្ស៊ី ត្រៀមមកប្រកួតនៅកម្ពុជានាពេលខាងមុខនោះ ក្នុងការចូលសម្ដែងការគួរសមថ្នាក់ដឹកនាំកងពលតូចលេខ៧០កាលពីថ្មីនោះ៕
មតិយោបល់