ព័ត៌មានសិល្បៈ និងកម្សាន្ត

អោក សុម៉ាវត្តី ឡើងផ្ទះស្ងាត់ៗយប់នេះ

ភ្នំពេញៈ នៅយប់ថ្ងៃទី២៦ ខែឧសភានេះ តារាចម្រៀងត្រកូលអោក នាងអោក សុម៉ាវត្តី នឹងប្រារព្ធពិធីខួបកំណើតផ្គួបជាមួយពិធីឡើងផ្ទះថ្មី ដែលនាងសម្ងំទិញបាននៅបុរី លឹម ឈាងហាក់ នៅម្ដុំកៀនស្វាយ។ យ៉ាងណាក៏ដោយ ពិធីរបស់នាង ត្រូវបានបញ្ជាក់ថា គ្រាន់តែជាការជួបជុំតារាសិល្បៈ និងមិត្តភ័ក្រ្តតិចតួចប៉ុណ្ណោះ គឺមិនមានធ្វើរោងធុំដុំទទួលភ្ញៀវនោះទេ។

ប្រភពដែលបានបញ្ជាក់ឲ្យដឹងពីរឿងនេះ បានអះអាងថា អោក សុម៉ាវត្តី បានកំណត់យកថ្ងៃនេះ ជាពិធីជប់លៀងឡើងផ្ទះថ្មី ដោយសារតែក្នុងថ្ងៃនេះ ក៏ត្រូវនឹងខួបគម្រប់ម្ភៃជាងរបស់នាងនោះផង។ ប៉ុន្តែដោយសារតែនាងមិនមានពេលរៀបចំធំដុំ ទើបគ្រាន់តែហៅមិត្តភ័ក្រ្តញាំអីជុំគ្នា និងច្រៀងរាំជាលក្ខណៈគ្រួសារដែលមានអ្នកខ្លះសឹងមិនបានដឹងថា ថ្ងៃនេះនាងធ្វើពិធីខួបកំណើត និងឡើងផ្ទះនោះផង។ ប្រភពដដែលបញ្ជាក់ថា ផ្ទះដែលនាងទិញនោះជាប្រភេទផ្ទះល្វែងមួយជុងមានតម្លៃជាង៦ម៉ឺនដុល្លារ តែនាងទិញបានដោយការបង់រំលោះប៉ុណ្ណោះ គឺមិនមែនទិញផ្ដាច់នោះទេ។

នៅក្នុងបុរីនោះ ក៏មានតារាមួយចំនួនផ្សេងទៀតផងដែរ ទៅទិញផ្ទះរស់នៅដូចជាលោកយូឌីស្កូជាដើម។ តារាសិល្បៈដែលត្រូវអញ្ជើញឲ្យចូលរួមនៅល្ងាចនេះ ត្រូវបានប្រកាសថា មានមិនច្រើននោះទេ ហើយក៏ទំនងជាអ្នកត្រូវបានអញ្ជើញទាំងនោះ មិនបានចូលរួមទាំងអស់នោះដែរ ដោយសារតែតារាពីរបីដែល Post News បានសុំសម្ភាសន៍សុទ្ធតែអះអាងថា មិនទាន់ច្បាស់ថា បានទៅ ឬយ៉ាងណា?។

គួរបញ្ជាក់ថា អោក សុម៉ាវត្តី គឺជាតារាចម្រៀងត្រកូលអោក ដែលធ្លាប់លេចធ្លោខ្លាំងកាលពីប៉ុន្មានឆ្នាំមុន ជាពិសេសក្នុងពេលផលិតកម្មរ៉ៃមាសតោមាស មិនទាន់បិទទ្វារ។ កេរ្តិ៍ឈ្មោះរបស់ពួកនាង ត្រូវបានធ្លាក់ចុះ បន្ទាប់ពី អោក សុម៉ារីម៉ា បានរើបង្វេចចេញទៅរស់នៅស្រុកគេ ស្របគ្នាដែលពួកនាងផ្ទាល់ ក៏មិនសូវមានទីផ្សារឡើងឆាកដូចគ្នានឹងតារាស្រករក្រោយ។ ទំនងជាហេតុផលនេះ ទើបជំរុញឲ្យនាងសម្រេចចិត្តឡើងផ្ទះស្ងាត់នៅល្ងាចនេះ ដើម្បីកុំឲ្យប្រឈមនឹងការខាតបង់ ដោយសារតែកេរ្តិ៍ឈ្មោះស្រុត គឺតារាសិល្បៈក៏មិនសូវចង់ចូលរួមច្រើននោះ៕

 

photo_2016-05-26_17-05-12photo_2016-05-26_17-05-15photo_2016-05-26_17-05-18photo_2016-05-26_17-05-20photo_2016-05-26_17-05-24photo_2016-05-26_17-05-27photo_2016-05-26_17-05-30photo_2016-05-26_17-05-35photo_2016-05-26_17-05-37

មតិយោបល់