កម្មវិធីសិល្បៈនាពេលចុងក្រោយ តារាចម្រៀង និង ជាម្ចាស់ផលិតកម្ម លោក កុយ ស៊ីឌឿន បណ្ដើរកូនប្រុសច្បងដែលពេញរូបពេញរាងជារឿយៗអោយអ្នកសិល្បៈបានស្គាល់។ ដ្បិតថាកូនប្រុសរបស់លោកត្រូវបានធ្វើខ្លួនមិនខុសពីតារា ប៉ុន្តែលោកអះអាងថា អត់សង្ឃឹមរឿងកូនណាម្នាក់ជាពិសេសកូនច្បង នឹងប្រឡូកសិល្បៈនោះទេ។
លោក កុយ ស៊ីឌឿន និយាយថា សម្រាប់កូនច្បងរបស់លោក កុំថាឡើយដល់រុញ ទោះច្រានថែមទៀត ក៏ប្រហែលមិនប្រលូកសិល្បៈនោះដែរ ពោលគឺអត់ចំណូលចិត្ត។ លោកថា បើត្រឹមដើរ និងតែងខ្លួនអោយស្អាតៗ ចូលក្នុងសកម្មភាពសិល្បៈ គឺកូនអត់ប្រកែកទេ តែបើអោយជួយសម្ដែង ឬ ឡើងឆាកអីច្រៀងរាំ ដើម្បីបង្ហាញសមត្ថភាពគឺអត់តែម្ដង។
លោកបន្តថាដ្បិតតែលោកបង្ហាញមុខកូនប្រុស និងធ្វើខ្លួនអោយកូនប្រុសហើយមានគេចំអន់ថាចង់អោយកូនស្គាល់គេស្គាល់ឯងក្នុងកម្មវិធីសិល្បៈជារឿយៗ ប៉ុន្តែកូនប្រុសរបស់លោកមិនមានបំណងក្លាយជាអ្នកសិល្បៈដូចលោកទាល់តែសោះ។ ខណៈដែលខ្លួន គឺជាមនុស្សមានដុងសិល្បៈ និងមានចំណូលចិត្តសិល្បៈតាំងពីក្មេង ដោយអាចទៅរួចទាំងអស់មិនថាយីកេ ល្ខោនបាសាក់ ចម្រៀងប្រពៃណី ចម្រៀងសម័យ ពិធីករ និង មហោរីជាដើម លោកថាសម្រាប់កូនៗទាំង៤ គឺអត់មានអ្នកណាម្នាក់ចង់ដើរផ្លូវនេះឡើយ។ លោកតែងជំរុញ និងលើកទឹកចិត្តអោយកូនៗទាំង៤សម្ដែង និង អោយប្រឡូកសិល្បៈជារឿយៗ ប៉ុន្តែមកពីកូនមិនចូលចិត្ត និងមិនចង់ ទើបលោកគិតថា អាជីពសិល្បៈនឹងមិនមានកូនស្នងនោះទេ នៅពេលលោកលាឈប់។ លោកថាខ្លួនមានទាំងផលិតកម្ម មានទាំងក្រុមផលិតចម្រៀង មានក្លិបបង្ហាត់សិល្បៈ និង មានសកម្មភាពថតសម្ដែងជារឿយៗ ដោយកូនៗទាំង៤ ក៏នៅជាមួយលោក និងឃើញសកម្មភាពទាំងនេះ ស្ទើរគ្រប់ពេលផងដែរ។
យ៉ាងណាមិញគេកត់សម្គាល់ថា កូនៗទាំង៤របស់លោក កុយ ស៊ីឌឿន ជាពិសេសកូនច្បង កាន់តែមើលស្រស់សង្ហា ដោយគេជឿថា បើចូលប្រឡូកសិល្បៈ គឺមានឱកាសកសាងកេរ្តិ៍ឈ្មោះជាអ្នកសិល្បៈបានល្បីលឿនជាងឪពុកធៀបនឹងពេលប្រឡូកដំបូងៗដូចគ្នា ប៉ុន្តែអាចដូចលោកថា មិនមានចំណូលចិត្ត ទើបសូម្បីលោក កុយ ស៊ីឌឿនផ្ទាល់ក៏ថាសោកស្ដាយ។
គួរបញ្ជាក់ផងដែរថា លោក កុយ ស៊ីឌឿន ក្រៅពីជាតារាចម្រៀង និង ជាពិធីករវិទ្យុជាតិ លោកក៏ជាម្ចាស់ផលិតកម្មឌីភី ជាពិធីករក្នុងកម្មវិធីសម្ភាសន៍ របស់ទូរទស្សន៏អនឡាញ និងមានងារជាឯកឧត្តម ផងដែរ ក្រោយពីត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មាន។ លោក និង ភរិយា មានកូន៤នាក់ គឺកូនប្រុសច្បង ឈ្មោះ កុយ ស៊ីឌឿន សាមាដូ អាយុ១៥ឆ្នាំ, កូនប្រុសទី២ឈ្មោះ កុយ ស៊ីឌឿន សាមាឌី អាយុ១៤ឆ្នាំ, កូនស្រីទី៣ឈ្មោះ កុយ ស៊ីឌឿន ស៊ីលីដា អាយុ១០ឆ្នាំ, និងកូនប្រុសពៅឈ្មោះ កុយ ស៊ីឌឿន សាមាឌីន អាយុ២ឆ្នាំ។
តោះមកមើលសម្រស់កូនប្រុសស្រី របស់លោក កុយ ស៊ីឌឿន ដែលត្រូវបានឪពុកអះអាងថា គ្មានចំណូលចិត្តសិល្បៈ៖
មតិយោបល់