ព័ត៌មានសិល្បៈ និងកម្សាន្ត

រវល់ម្លឹងហើយ ម្ចាស់ផលិតកម្មមហាហង្ស និង ភិន សុដាលីស ទទួលតំណែងពីដៃគូអាមេរិកទៀត

គ្មានអ្នកណាមិនដឹងនោះទេ ថាម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន និងតួឯកស្រី គឺអ្នកនាង ភិន សុដាលីស រវល់ដកឃ្លាមិនរួច។ ប៉ុន្តែកាលពី ថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២០ ផលិតករល្បីឈ្មោះ កូនស្រីរូបនេះ បែរជាប្រកាសទទួលតំណែងពីដៃគូអាមេរិក ដែលបង្កើនបន្ទុករវល់របស់ខ្លួននាពេលនេះទៅវិញ។

លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានថ្លែងបញ្ជាក់ថា លោកមានក្រុមហ៊ុនដឹកជញ្ជូនបញ្ញើឈ្មោះ Linex Neutral Express Solution ដែលទទួលសេវាដាក់បញ្ញើទៅក្រៅប្រទេសជាយូរមកហើយ ហើយបណ្ដាលមកពីក្រុមហ៊ុននេះទទួលជោគជ័យ ទើបក្រុមហ៊ុន Kango Express ដែលជាក្រុមហ៊ុនកុម្មង់ទំនិញដោយផ្ទាល់នៅក្នុងសហរដ្ឋអាមេរិកប្រកាសចាប់ដៃ ដោយផ្ដល់សិទ្ធិអោយលោកបង្កើតក្រុមហ៊ុនមួយឈ្មោះ Kango Express Cambodia ជាតំណាងនៅកម្ពុជា។

លោកថាក្រុមហ៊ុនដែលលោកទើបទទួល នឹងមានសិទ្ធិកុម្ម៉ង់គ្រប់មុខទំនិញទាំងអស់ពីសហរដ្ឋអាមេរិក ក្នុងតម្លៃមិនចាំបាច់បង់ពន្ធ ដោយភាគីខាងអាមេរិក គឺជាចាត់ចែង និង វិចខ្ចប់របស់ដែលមានគុណភាព និងដូចរូបភាពបង្ហោះលក់ មកកាន់ក្រុមហ៊ុនរបស់លោក។ លោកថាតាមរយៈកិច្ចព្រមព្រៀង មិនថាទំនិញអ្វី ផលិតផលអ្វី គឺសូម្បីតែរថយន្ត អោយតែបងប្អូនចង់ទិញដោយផ្ទាល់នៅអាមេរិក គឺអាចកុម្ម៉ង់ទិញតាមរយៈក្រុមហ៊ុន Kango Express Cambodia របស់លោកបាន ដោយរាល់ទំនិញទាំងអស់ គឺនៅលើអនឡាញអាមេរិកប្រកាសលក់តម្លៃណា ទិញបានតម្លៃនឹង អត់ចាំបាច់បង់ពន្ធបន្ថែមដូចនៅទីផ្សារអាមេរិកនោះទេ ដោយសារតែកិច្ចសហការ។

លោកថាទំនិញដែលមានលក់ជាសាធារណៈនៅក្នុងទីផ្សារអាមេរិក គឺអាចកុម្ម៉ង់ទិញបានទាំងអស់ លើកលែងទឹកអប់ដែលរយន្តហោះមិនអាចដឹកមកច្រើន និងលើកលែងអាវុធ ឬ ផលិតផលខ្លះដែលហាមឃាត់។ ក្នុងនោះការធានាលើការយឺតយ៉ាវ ការបាត់បង់ ឬ ភាពមិនច្បាស់លាស់ ក៏លែងកើតមានទៀតហើយ ដោយសារមានក្រុមហ៊ុនលោកជាតំណាងនៅកម្ពុជាទទួលខុសត្រូវ។ លោកថាខ្លួនត្រូវបានដៃគូសហរដ្ឋអាមេរិក ផ្ដល់តំណាងអោយក្លាយជាអគ្គនាយក ហើយកូនស្រីរបស់លោក គឺ ភិន សុដាលីស គឺជាប្រធានទីផ្សារធំប្រចាំក្រុមហ៊ុន។
លោកថាជំហានជោគជ័យកើតមានរួចទៅហើយ ដោយសារតែមុនប្រកាសកាត់ខ្សែបូរដែលបានធ្វើឡើងនេះ គឺក្រុមហ៊ុនរបស់លោកក៏បានដំណើរសាកល្បងបាន៦ខែដែរ ហើយឃើញថាមានតម្រូវការកុម្ម៉ង់ច្រើន ដោយសារតែសេវានេះ ពេញនិយម ហើយមិនភ័យរឿងខាតបង់ ឬ បានរបស់មិនដូចក្នុងរូប ឬ របស់ក្លែងក្លាយ។

អ្នកនាង ភិន សុដាលីស បានអះអាងថា តួនាទីដែលអ្នកនាងទើបទទួល គឺត្រូវចំណូលចិត្តមួយ ដោយសារតែផ្នែកគ្រប់គ្រង និងផ្នែកពង្រីកទីផ្សារ អ្នកនាងមានបទពិសោធន៍តាំងពីលក់រោមភ្នែកធម្មតាៗ នៅតាមហ្វេសប៊ុកដំបូងៗ។ អ្នកនាងនឹងមាននាទីឡើងចុះអាមេរិកញឹកញាប់ ប៉ុន្តែមិនចោលការសម្ដែងនោះទេ គឺអ្នកនាងនៅតែទទួលនៅពេលមានរឿងត្រូវសម្ដែង ដែលទម្លាក់ដោយផលិតកម្មមហាហង្ស។ លោក អ៊ិន សុភិន ក៏ប្រកាសជំហរមិនកាត់បន្ថយការផលិតភាពយន្តក្នុងមួយឆ្នាំយ៉ាងតិច៤រឿង តាមផែនការដែលធ្លាប់បានធ្វើនោះផងដែរ។

នៅក្នុងពិធីកាត់ខ្សែបូរប្រកាសក្រុមហ៊ុនថ្មី និងប្រកាសតំណែងថ្មី នៅក្នុងថ្ងៃនោះ ក៏មានវត្តមានសិល្បករ និងក្រុមកីឡាករបាល់ទាត់ស្នូលរបស់ក្រុមមហាហង្សចូលរួមផងដែរ៕

មតិយោបល់