ព័ត៌មានសិល្បៈ និងកម្សាន្ត

តួសម្ដែងរឿង « អន្ទាក់ស្នេហ៍» ទៅពញ្ញាក់លើអារម្មណ៍អ្នកគាំទ្រដល់រោង

ក្រោមពាក្យស្លោកថា «ខ្ញុំគាំទ្រភាពយន្ដខ្មែរ» ហាក់ក្លាយជាគន្លឹះជួយពញ្ញាក់អារម្មណ៍អ្នកគាំទ្រខ្មែរ ឲ្យងាកមកចាប់អារម្មណ៍ភាពយន្ដខ្មែរខ្នាតធំ នៅតាមរោងភាគច្រើន។ ដូច្នេះហើយទើបគេកត់សម្គាល់ថា ភាពយន្តរឿង «អន្ទាក់ស្នេហ៍ » ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមហាជន ដោយវត្តមានចុះទៅពញ្ញាក់អារម្មណ៍របស់តួអង្គសំខាន់ទៅដល់រោង កាលពីល្ងាចថ្ងៃទី២៣ កុម្ភៈ សូម្បីតែតួសម្ដែងក៏រំភើបចិត្ត។

លោក សន ពិសិដ្ឋ ជាតួអង្គឯក និង លោក វី ជីវ័ន្ដ ជាតួអង្គថ្លុក បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលពេលលោកទៅដល់រោង ហើយក៏មានអ្នកគាំទ្រភាគច្រើនសុំថត និង ឱបថើប។ អ្នកទាំងពីរថា ខ្លួនសប្បាយចិត្ត ដែលភាពយន្តខ្លួនសម្ដែង ទើបតែដាក់បញ្ចាំងបានរយៈពេល ៤ ថ្ងៃប៉ុណ្ណោះ តែភាពយន្ដខ្មែរមួយនេះ ហាក់មានសន្ទុះខ្លាំង ស្របពេលដែលភាពយន្ដបរទេសល្បីៗ កំពុងតែដាក់បញ្ចាំងទន្ទឹមថ្ងៃគ្នា។ រឿង«អន្ទាក់ស្នេហ៍ » ត្រូវបានអ្នកគាំទ្រជាច្រើនលើកសរសើរថា ប្លង់ទេសភាពស្រស់ស្អាត ជារឿងមនោសញ្ចេតនាទេ តែហួសពីការរំពឹងទុក ពោលគឺ ផ្ទុះសំណើចតាំងពីដើមរឿងរហូតដល់ចប់ បើទោះបីជាយើងមកមើលរឿងច្រើនដងក្ដី។ មានអ្នកខ្លះទៀតលើកសរសើរពីតារាសម្ដែង ជីវ័ន្ដ ដែលជាតួអង្គថ្លុកនៅក្នុងរឿងនេះទាំងមូល ថាសម្ដែងឥតខ្ចោះ។

យុវជន ព្រីកា តំណាងផលិតកម្ម Space Sp Production បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានចំណាយពេលវេលា និងថវិកាទិញសំបុត្រ ដើម្បីគាំទ្រភាពយន្ដខ្មែរ។ សូមជម្រាបថា លោក ព្រីកា គឺផលិតករដឹកនាំផលិតរឿងមួយនេះ ហើយលោកក៏ជាអតីតក្មេងរើសសំរាម នៅតំបន់ស្ទឹងមានជ័យ តែលោកត្រូវបានលោក Scott ទទួលយកមកចិញ្ចឹមជាកូនធម៌ហើយបានបណ្ដុះបណ្ដាលរហូតទទួលបានសមិទ្ធផលជាច្រើន ចំណែកឯភាពយន្តរឿង «អន្ទាក់ស្នេហ៍» នេះដែរ លោកក៏អ្នកគ្រប់គ្រងការផលិត ក្នុងរឿងទាំងស្រុងផងដែរ៕

មតិយោបល់