ព័ត៌មានជាតិ

អាសូរណាស់! ក្មេងសិស្សសាលាអាយុទើប ១២ឆ្នាំ ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់យ៉ាងរន្ធត់

ស្វាយរៀងៈ កាលពីវេលាម៉ោង ៤និង ៣០នាទីរសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិព្រៃតាយឹង ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ក្មេងប្រុសម្នាក់ ស្លាប់បាត់បង់ជីវិត។

ជនរងគ្រោះឈ្មោះ លី ភារុណ ភេទប្រុស អាយុ១២ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ-ឃុំកើតហេតុ មានបងប្អូន៤នាក់ ជាកូនទី៤ នៅក្នុងគ្រួសារ ពេលទំនេរ ជនរងគ្រោះ ជួយពូដើរដាក់ភ្លើង តាមរោងបុណ្យរោងការ។ ម្តាយឈ្មោះ យ៉ាន អាយុ៤៧ឆ្នាំ និងឪពុកឈ្មោះ ខុន អាយុ៤៨ឆ្នាំ ធ្វើការសំណង់នៅខេត្តកំពត។

តាមប្រភពពីសាច់ញាតិ បានឲ្យដឹងថា៖ នៅមុនកើតហេតុ ជនរងគ្រោះបានជួយរាយខ្សែភ្លើង ដាក់ក្នុងរោងការគេ ខណៈនោះ ពូជនរងគ្រោះ បានបោះខ្សែភ្លើងរំលងខ្សែភ្លើងខ្មៅ តែបែរជាធ្លាក់ទៅទើរលើខ្សែភ្លើងមេ (ខ្សែភ្លើងរដ្ឋ គឺខ្សែកាបស្រាត) បណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ជនរងគ្រោះស្លាប់មួយររំពេចតែម្តង។

ក្រោយទទួលបានដំណឹង សមត្ថកិច្ច បានចុះទៅដល់ ធ្វើការត្រួតពិនិត្យ និងកោសល្យវិច័យសព សន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយត្រូវខ្សែភ្លើងឆ្លងចរន្ត ឆក់ប្រាកដមែន រួចក៏ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់