ភ្នំពេញៈ យោងតាមការបញ្ជាក់របស់អ្នកនាង ស្វែង សុជាតា តារាសម្ដែងជើងចាស់ដ៏ល្បីឈ្មោះក្នុងជំនាន់អ្នកនាង អម្ពរ ទេវី គឺលោក ហង្ស ផល្លីមធុរ៉ា បានទទួលមរណៈភាពហើយ កាលពីម៉ោងជាង៦ព្រឹកថ្ងៃទី១ ខែសីហា នេះ ក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី)។
អ្នកនាងបញ្ជាក់ថា ភរិយាលោកប្រាប់ថា លោកស្លាប់ដោយសារជំងឺដុំសាច់ក្នុងខួរក្បាល បន្ទាប់ពីបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបានប៉ុន្មានម៉ោង។ អ្នកនាងថា លោកស្លាប់ក្នុងវ័យ៥២ឆ្នាំ ហើយអ្នកនាងបានដឹងដំណឹងដោយសារតែមុនបញ្ជូនទៅកាន់មន្ទីរពេទ្យ គឺភរិយារបស់លោកបានទាក់ទងមកសុំទិញថ្នាំរបស់អ្នកនាង ដែលអាចព្យាបាលជំងឺដុះសាច់ក្នុងខួរក្បាលនោះ ប៉ុន្តែចៃដន្យអ្នកនាងបែរជាអត់ថ្នាំឲ្យ ដោយសារតែលោកគ្រូដែលផ្សំថ្នាំបានឡើងទៅភ្នំគូលែន មិនទាន់ត្រលប់មកវិញ។
អ្នកនាងថា សពរបស់លោកហង្ស ផល្លីមធុរ៉ា បានបញ្ជូនចេញពីមន្ទីរពេទ្យហើយ កំពុងតម្កល់នៅវត្តទួលនៅផ្លូវជាតិលេខ៥ ដោយមិនទាន់ច្បាស់ថា នឹងត្រូវបូជានៅថ្ងៃណាទេ។ នេះគឺជាដំណឹងដ៏ភ្ញាក់ផ្អើលសម្រាប់មហាជន បន្ទាប់ពីសពរបស់លោកត្រូវបានគេបង្ហោះថា មានសភាពទ្រុឌទ្រោមខ្លាំងមុនពេលទទួលមរណភាព៕
មតិយោបល់