ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតករថា រឿង «ភ្លើងឆេះក្នុងបេះដូង» ខ្លាំង

នៅក្នុងពិធីក្រុងពាលីរឿង «ភ្លើងឆេះក្នុងបេះដូង» កាលពីថ្ងៃទី១ សីហា មុននេះ ផលិតករភាពយន្តបានអះអាងថា រឿងនេះ នឹងមានកម្រិតទាក់ទាញអ្នកទស្សនាខ្លាំងជាងរឿងមុនៗ ដោយសារតែខ្លឹមសាររឿង និងឈុតឆាកដែលខ្លួនគ្រោងរៀបចំនោះតែម្ដង។ អ្វីដែលធ្វើឲ្យមានការជឿជាក់នោះ គឺកម្រិតនៃឧបករណ៍ដែលប្រើប្រាស់សម្រាប់ថត និងការជម្រើសយកតួអង្គឲ្យត្រូវនឹងសាច់រឿងតែម្ដង។

លោក ស័ក្ក ស៊ីថន អ្នកដឹកនាំសម្ដែងប្រចាំផលិតកម្ម B & S Good day Video បានអះអាងថា ក្នុងចំណោមខ្សែរឿងភាគដែលផលិតកម្មនេះ ផលិតឲ្យប៉ុស្ដិ៍លេខ៥ទាំងអស់ លោកចាត់ទុកថា នេះជារឿងខ្លាំងមួយ ដែលមានកម្រិតច្រើនយ៉ាងក្នុងការស្រូបទាញអ្នកទស្សនាមិនខុសពីរឿងបរទេស។ លោកថា ក្នុងរឿង «ភ្លើងឆេះក្នុងបេះដូង» គឺជារឿងថ្មីមួយដែលអ្នកនិពន្ធលើកឡើងពីទំនាស់បញ្ហា ដែលស្របនឹងបរិបទសង្គម ហើយបើក្រឡេកទៅមើលផ្ទៃរឿង លោកថា មានចំណុចអប់រំ និងឆ្លុះបញ្ចាំងពីចំណុចអាក្រក់តាំងពីដើមដល់ចប់ ដើម្បីឲ្យអ្នកទស្សនាទទួលបានអារម្មណ៍កំសាន្តផង និងដើម្បីបញ្រ្ចាបនូវការអប់រំផង។ លោកថា រឿងនេះចំណាយទុនអស់ច្រើនហើយ សូម្បីតួអង្គ គឺទោះជាមានលាយឡំដោយតារាក្មេងៗក៏ពិតមែន ប៉ុន្តែសុទ្ធតែបានឆ្លងកាត់នូវបទពិសោធន៍ នឹងការធ្វើតេស្ដសមត្ថភាពពេញទី។ លោកថារឿងនេះ នឹងចំណាយពេលយ៉ាងហោច៣ខែ ហើយលុះត្រាតែថតបានគ្រប់១០ភាគយ៉ាងតិច ទើបនឹងដំណើរចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥។

នេះជារឿងមួយថ្មីបន្ថែមទៀត ដែលលោកប៊ុន ស៊ា ជាផលិតកររបស់ផលិតកម្ម B & S Good Day Video បានផលិតឲ្យប៉ុស្ដិ៍លេខ៥ បន្ទាប់ពីរឿងកន្លងមកទទួលបានជោគជ័យក្នុងពេលចាក់ផ្សាយ ជាពិសេសគឺរឿង«តាមស៊ើបជួបស្នេហ៍» និងរឿង«ស្នេហ៍ចាំជាតិ»នោះ៕

S1S2S3S4S5S6S7S8S9S10S11S12S13S15S16S17S18S19S20S21S22S23S24S25S26S

មតិយោបល់