ព័ត៌មានសិល្បៈ និងកម្សាន្ត

ទោះមានការវាយលុក ដោយកូវីដ១៩ ក៍តារាក្លាស៊ិក តស៊ូផលិត MV ចូលឆ្នាំ

ខណៈដែលមហាជនភាគច្រើន មានការតក់ស្លុតក្នុងការចូលរួម ក្នុងកម្មវិធីជួបជុំៗនោះ តែផលិតកម្មក្លាស៊ិក នៅតែពុះពារចេញថតបទចម្រៀងអបអរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរហូតដល់២៥បទយ៉ាងជោគជ័យ កាលពីថ្ងៃទី២២ មីនា ឆ្នាំ២០២០។ ជាក់ស្តែងផលិតកម្ម Classic បានចេញបទចម្រៀងថ្មីៗ ជាច្រើនបទ នាំតារាក្នុងផលិតកម្ម ច្រៀង រាំនិងសិល្បករជាច្រើន មុននេះ ដោយមានទាំងការចូលរួមពីតារាចម្រៀង និង តារាសម្ដែងមកពីគ្រួសារតារាកម្ពុជាផង។

បរិយាកាសនេះ ត្រូវបានរៀបចំឡើងយ៉ាងអធឹកអធម រហូតដល់ពាក់កណ្ដាលអធ្រាត្រនៅខាងក្រោយផ្សារផ្អាវ ខេត្តកំពង់ចាម ដោយមានអ្នកភូមិចូលរួមទស្សនាកុះករ។ តារាប្រុសស្រីមួយចំនួន បានសម្រិតសម្រាំង សម្លៀកបំពាក់ស្អាតៗ ទុកសម្តែងរួចជាស្រេច ។ បើទោះជាមានការភិតភ័យ ជំងឺកីវីដ ម្នាក់ៗ បានរួមគ្នារក្សាអនាម័យ ដាក់ជែលសម្អាតដៃ និងអាល់កុលសម្លាប់មេរោគ ជូតសម្អាតជាប្រចាំ។

តារាដែលចូលរួមច្រៀងរាំ គឺមានទាំងតារាចម្រៀងប្រចាំផលិតកម្មក្លាស៊ិក និង តារាសម្ដែងចម្រុះអាជីព មកពីក្រុមផ្សេងៗ ដែលមានដូចជា លោក បញ្ញា សិទ្ឋិ, លោក រតនៈ ពិសិដ្ឋ, លោក រុន ណាកូ, លោក ត្រា យ៉ាកូ, កញ្ញា សម្រេចសន្យា, លោក រ័ត្ន បញ្ញា រិទ្ឋ លោក ឆាលី លោកស្រីរីយ៉ាត្រាណេ, លោក មាស សំណាង, កញ្ញា អ៊ុក ដារ៉េត, កញ្ញា មុត សុវណ្ណារិទ្ធិ, កញ្ញា រចនា វត្តី លោកសុខជន់, កញ្ញាណងខា កញ្ញា៨០គីឡូ, អ្នកនាង យិន ស្រីពៅ, អ្នកនាង ថន ចរិយា, កុមារា ប្រុសពេជ្រ និង តារាផ្សេងៗទៀត។

បើតាមលោកហួរ សុផល ម្ចាស់ផលិតកម្ម និងជាអ្នកដឹកនាំសម្តែង បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ លើបញ្ហាអនាម័យ រស់នៅស្អាត លាងដៃនឹងសាប៊ូ អាល់កុល ជែល និងណែនាំក្មេងៗតូចៗឲ្យ យល់ពីអនាម័យ។ ជាពិសេសគោរពតាមក្បួនពេទ្យជាសំខាន់។ ចំពោះបទចម្រៀង ដែលរៀបចំមានចំនួនជាង២០ បទគ្រប់ចង្វាក់។ នេះជាការរៀបចំបទថ្មី កម្សាន្តថ្ងៃចូលឆ្នាំ ដោយមិនបានទៅណាក៏ អាចស្តាប់ប្តូរអារម្មណ៏ ជាលក្ខណៈគ្រួសារបាន៕

មតិយោបល់