ក្នុងឱកាសបុណ្យចូលឆ្នាំនេះ តារាចម្រៀង អ្នកនាង ឈួន សុវណ្ណឆៃ បានបញ្ចេញ MV ពីរបទយ៉ាងរស់រវើក ដោយបទចម្រៀងរបស់អ្នកនាង គឺសុទ្ធតែជាប្រភេទបទ Original Song និងមានលក្ខណៈជាចង្វាក់បែបខ្មែរសប្បាយៗ សម្រាប់ការរាំលេងតែម្ដង។ យ៉ាងណាមិញ អ្នកនាង បានបង្ហាញអារម្មណ៍ខកចិត្ត ដែលអ្នកនាងត្រូវផលិតMV បួនបទនៅអំឡុងមុនចូលឆ្នាំនេះ តែដោយសារតែបញ្ហាផ្ទុះជំងឺកូវីត១៩ បានបង្ខំឲ្យអ្នកនាងសម្រេចចិត្តផ្អឹបចោល ដោយបញ្ចេញបានត្រឹមតែ២បទខុសគម្រោង។
អ្នកគាំទ្រអ្នកនាង ឈួន សុវណ្ណឆៃ មិនតិចទេ សរសើរថា តារាស្រីរូបនេះ នៅតែអាចរក្សាភាពលេចធ្លោរ នៅក្នុងវិស័យចម្រៀងបាន ខណៈដែលតារាចម្រៀងជំនាន់អ្នកនាង ចាប់ផ្ដើមធ្លាក់កូដ និងស្ទើរតែបាត់ឈ្មោះពីការគាំទ្រ នៅក្នុងវិស័យចម្រៀង បើទោះជានៅបន្តអាជីព។ អ្នកនាងនៅតែរំលេចស្ទីលទាក់ទាញ ក្នុងនាមជាតារាស្រគត់ស្រគំ និងថ្លៃថ្នូរ ព្រមជាមួយនឹងការបញ្ចេញបទចម្រៀង ដែលមានទឹកដមសំទ្បេងត្រូវត្រចៀក ស្របតាមបរិបទ នៃឱកាសបុណ្យទាន។ ជាក់ស្ដែងMV ២បទរបស់អ្នកនាង ឈួន សុវណ្ណឆៃ ក្រោមចំណងជើងថា “កន្រ្តឹមក្រមុំ” និងបទ”កូនម៉ែ” ដែលទើបតែចេញក្ដៅៗមុននេះ គឺអ្នកណាក៏សរសើរថា ទាក់ទាញទាំងចង្វាក់ ទាំងទឹកដមសំទ្បេង និងស្ទីលតុបតែងកាយ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺអ្នកនាង នៅតែមានរូបសម្រស់ក្មេងជាងវ័យ និង ពូកែលេងស្ទីលប្លែកៗ ត្រូវតាមបរិបទ។
អ្នកនាង ឈួន សុវណ្ណឆៃ បញ្ជាក់ថា អ្នកនាង បានថតចម្រៀងចំនួន៤បទ សម្រាប់អបអរចូលឆ្នាំ បើទោះជាបញ្ហាកូវីត១៩បង្កការភ័យបារម្ភ។ ប៉ុន្តែអ្នកនាងនៅតែសម្រេចចិត្តមិនផលិត២បទទៀតដែលបានគ្រោងទុកនោះដដែល ដោយសារតែក្រុមការងារ ក៏មិនចង់ប្រថុយប្រថាន នឹងជំងឺកាចសាហាវមួយនេះ ស្របគ្នាដែលអ្នកនាង ក៏ត្រូវការរក្សាសុវត្ថិភាព។ អ្នកនាងថា ២បទដែលមិនបានផលិតជា MV ដើម្បីបញ្ចេញនោះ សុទ្ធតែជាបទល្អៗ តែដោយសារតែមិនចង់ផលិត ក្នុងស្ថានភាពភ័យបារម្ភ។ អ្នកនាងថាបទ “កន្ទ្រឹមបុរាណ” និងបទ”ចង្វាក់ខម” ដែលមិនហ៊ានផលិតសុទ្ធតែជាបទល្អៗ។ អ្នកនាងបន្តថា ២បទដែលបានបញ្ចេញមុននេះ មិនត្រឹមតែមានសិល្បករល្បីៗ ចូលរួមសម្ដែងប៉ុណ្ណោះទេ តែក៏មានក្មួយស្រីរបស់អ្នកនាង២រូប ចូលរួមសម្ដែងផងដែរ៕
មតិយោបល់