មុននេះបន្តិច អតីតតារាចម្រៀងធ្លាប់ល្បីឈ្មោះ លោក ករុណា ពេជ្រ បានបង្ហោះសារប៉ុន្មានម៉ាត់ ធ្វើឲ្យអ្នកគាំទ្ររបស់លោក មានអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង បន្ទាប់ពីលោកសរសេរថា ផ្ទះដែលលោក និង ឪពុក ធ្លាប់រស់នៅជាមួយគ្នាយ៉ាងកម្សត់កម្រ ទីបំផុតត្រូវបានរើចេញ។ សាររបស់លោក បានធ្វើឲ្យម្នាក់ៗ អានហើយ ចង់ស្រក់ទឹកភ្នែកជំនួសនោះផង។
លោក ករុណា ពេជ្រ បានប្រកាសជាចំហថា បានសម្រេចចិត្តលក់ផ្ទះវីឡាស្កឹមស្កៃ ដែលធ្លាប់រស់នៅចោលហើយ ដោយសារតែតម្រូវការព្យាបាលជំងឺឪពុក កាន់តែបន្តចំណាយខ្ពស់។ លោកក៏ប្រកាសពីការដល់កំណត់ដែលត្រូវរើចេញ ដែលធ្វើឲ្យលោកក្ដុកក្ដួល នឹងអនុស្សាវរីយ៍ផងដែរ។ ទីតាំងចាស់មួយនេះ គឺកន្លែងសាងនូវអនុស្សាវរីយ៍ដ៏ច្រើន រវាង លោក ករុណា ពេជ្រ និង តាំងពីមុនឪពុករបស់លោកធ្លាក់ខ្លួនឈឺ។ ប៉ុន្តែព្រោះបញ្ហារងនូវជំងឺ ទើប ករុណា ពេជ្រ សម្រេចដោះដូរ ដើម្បីបានទុនព្យាបាលលោកឪពុក ដែលជាបណ្តូលចិត្ត ព្រោះគ្មានគុណណាស្មើមាតាបិតា។
ក្រឡេកមើលការសរសេរ របស់ករុណា ពេជ្រ លើបណ្តាញសង្គមផ្ទាល់បាន រៀបរាប់គួរឲ្យ ចាប់អារម្មណ៏ថា «និយាយអារម្មណ៏ពិតមួយ មិនមានបំណងឲ្យប្អូនអាណិតទេ តែអារម្មណ៏ពិត មិនដឹងថា បងប្អូនធ្លាប់មានអារម្មណ៏ដូចខ្ញុំដែរទេ..??ពេលរេីផ្ទះ ដូចមានអារម្មណ៏ ចង់ហូរទឹកភ្នែកម៉េចទេ… នឹកប៉ា អាណិត ប៉ា ស្រណោះអនុស្សាវរីយ៏តស៊ូយ៉ាងច្រេីនជាមួយប៉ា ក្នុងផ្ទះមួយនេះ… ប៉ាឈឺហេីយ អញ្ចឹងប៉ាអង្គុយឲ្យស្ងៀម កូនអាចធ្វេីបាន …មួយជាតិនេះ កូននឹងចំណាយពេលវេលា រួមទាំងថវិកា ជាមួយប៉ា អស់ប៉ុន្មានក៏តាមនឹងចុះ ព្រោះប៉ាមានតែកូនមួយ គឺកូន… ទោះបីប៉ាពិការ មិនស្គាល់កូនក៏ដោយ ក៏កូននៅតែដឹកដៃប៉ា ដេីរជាមួយគ្នាបន្តទៀត….
ថ្ងៃនេះ ខ្ញុំ និង ប៉ា សូមលាពីផ្ទះមួយនេះហេីយ… អរគុណរយៈពេលជា ៥ ឆ្នាំ ដែលអ្នកបានជួយចម្រុងចម្រេីនខ្ញុំ… សូមឯងបន្តនាំលាភ ជូនដល់ម្ចាស់ឯងថ្មីផងណា… »៕
មតិយោបល់