ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្នាដៃកូនខ្មែរ បទ”អំពើល្អ” កំពុងចាក់ដោត

ចេញបង្ហោះផ្លូវការមិនទាន់បានប៉ុន្មានម៉ោងផង បទនិពន្ធថ្មី ក្រោមចំណងជើងថា “អំពើល្អ” ដែលជាស្នាដៃតែងនិពន្ធ និង ផលិតដោយផ្ទាល់របស់ស្ថាបនិកគ្រួសារតារាកម្ពុជា ក្រោមការចូលរួមបកស្រាយ ពីតារាចម្រៀង កញ្ញា ហ៊ិន លីដា អតីត Cambodian Idol បានធ្វើឲ្យស្រទាប់មហាជន កាន់តែចាប់អារម្មណ៏ទ្វេរដង ដោយសារតែមានខ្លឹមសារចាក់ដោត។ នេះជាបទស្នាដៃកូនខ្មែរ ទាំងទំនុកច្រៀង និង សាច់ភ្លេង ដោយមានអ្នកស្គាល់ប្រមាណជិត១លាន Views រួចមកហើយ តាមរយៈការបង្ហោះ ជាទម្រង់ព័ត៌មាន នៅលើផេកគ្រួសារតារាកម្ពុជា និង ផ្ទះតារា។

បទចម្រៀងដែលមានអត្ថន័យចាក់ដោតនេះ គឺជាការនិពន្ធឡើង ដើម្បីលើកទឹកចិត្តដល់រាល់អំពើល្អ នៅក្នុងសង្គម និងដើម្បីបំផុសឲ្យកាន់តែមានអំពើល្អ នៅក្នុងបរិបទដែលមនុស្សតែឲ្យតម្លៃលើសកម្មភាព ចែករំលែកនាពេលនេះ។ បទចម្រៀងមួយបទនេះ ក៏គម្រោងផលិតជា MV ដោយឆ្លុះបញ្ចាំងពីទង្វើល្អច្រើន ទម្រង់ ក្រោមការសហការផលិតពីក្រុមហ៊ុនផលិតស្ពតធំមួយ គឺអំណាត មេឌា ផងដែរ។ ក្នុងនោះសូម្បីតែសិល្បករ សិល្បការិនីនៅក្នុងរង្វង់សិល្បៈច្រើនរូប ក៏បានប្រកាសខ្លួនថា នឹងចូលរួមសម្ដែង នៅក្នុងបទនេះ ដើម្បីធ្វើជាសារបំផុសពីអំពើល្អផងដែរ។ អ្វីដែលធ្វើឲ្យយបទនិពន្ធថ្មីនេះ ចាប់អារម្មណ៏ គឺទំនុកច្រៀង និង សាច់ភ្លេង ដែលមានភាពរស់រវើក និង ចាក់ដោត ពីអំពើល្អនោះតែម្ដង។ លោក ផាត់ តារារដ្ឋ ជាអ្នកនិពន្ធ និងជាអ្នកបកស្រាយបទនេះ ដោយផ្ទាល់ បានបង្ហាញនូវការជឿជាក់យ៉ាងខ្លាំងថា បទចម្រៀងនេះ នឹងកាន់តែបំផុសពីអំពើល្អនៅក្នុងសង្គម។

មិនខុសគ្នាដែរ កញ្ញា ហ៊ិន លីដា ក៏សម្ដែងនូវអារម្មណ៌មោទនភាពផងដែរ បន្ទាប់ពីបទ”អំពើល្អ” ដែលនាងមានឱកាសធ្វើជាម្ចាស់បទ ទទួលបានការគាំទ្រខ្លាំង តាំងពីមានបង្ហោះជាទម្រង់ព័ត៌មាន។ កញ្ញា និយាយថា សប្បាយ ដែលបទចម្រៀងមានអ្នកចាប់អារម្មណ៏ ហើយនាងក៏ត្រៀមខ្លួន ក្នុងការថតបំផុស ដើម្បីឲ្យបទចម្រៀងនេះ ក្លាយជាស្នាដៃមួយជួយដល់សង្គម ដោយមិនគិតកម្រៃផងដែរ។
ចង់ដឹងថា តើបទអំពើល្អ មានខ្លឹមសារចាក់ដោតកម្រិតណា សូមរីករាយទស្សនា៖

មតិយោបល់