ភ្នំពេញៈ រយៈពេលច្រើនថ្ងៃមកហើយ ដែលតារាសម្ដែងបែបកំប្លែងល្បីឈ្មោះ អ្នកនាង សំ ប៉ូលីដា ត្រូវបានគេអះអាងថា បានគ្រោះថ្នាក់បាក់ជើងយ៉ាងធ្ងន់ធ្ងរ ដោយសូម្បីតែពេទ្យក៏មិនហ៊ានធ្វើការវះកាត់តឆ្អឹងនៅឡើយ ដោយសារតែអ្នកនាងមានជំងឺផ្សេងទៀត មិនអាចធ្វើការវះកាត់បាន។ ជាមួយនឹងគ្រោះថ្នាក់នេះ អ្នកនាងត្រូវក្រុមគ្រូពេទ្យកំណត់ឲ្យសម្រាកយូរខែ ខណៈរឿងដែលអ្នកនាងបានថតច្រើនប្លង់មកហើយ កំពុងវក់រី ពេលអ្នកនាងចុះថតក្នុងពេលនេះលែងបាន។
ឆ្លើយឆ្លងជាមួយ Post News អ្នកនាងថ្លែងថា ខ្លួនពិតជាបាក់ជើងមែន ដោយសារតែកាលពីយប់ថ្ងៃទី៣ សីហា អ្នកនាងបានរអិលជើងក្នុងពេលពាក់ស្បែកជើងខ្ពស់ បណ្ដាលឲ្យកាច់ឆ្អឹងជើងត្រង់លើ កជើងបន្តិចបាក់ឆ្អឹងខាងក្នុងតែម្ដង។ អ្នកនាងថា គ្រោះថ្នាក់នោះ កើតឡើងក្រោយពេលអ្នកនាងត្រឡប់មកពិធីជប់លៀងមួយ ក្នុងពេលអ្នកនាងទន់ខ្លួន និងស្រវឹងបន្តិចផង។ មកទល់ពេលនេះអ្នកនាងថា ឆ្អឹងខាងស្ដាំរបស់ខ្លួនបានបាក់ បន្ទាប់ពីបានទៅថត ហើយក្រុមគ្រូពេទ្យមិនហ៊ានធ្វើការវះកាត់នោះទេ ដោយសារតែអ្នកនាងក៏មានជំងឺទឹកនោមផ្អែម ដែលមិនអាចធ្វើការវះបាន។ អ្នកនាងប្រាប់ថា ពេលនេះក្រុមគ្រូពេទ្យបានប្រើបច្ចេកទេសអបឆ្អឹង ដោយរង់ចាំឲ្យមួយអាទិត្យក្រោយ ទើបធ្វើការសម្រេចថា តើត្រូវអបបន្ថែម ឬក៏វះតឆ្អឹង។
អ្នកនាងនិយាយថា «ឥឡូវនឹងពេទ្យគាត់អប(ឆ្អឹង)ឲ្យ ហើយគាត់ប្រើថ្នាំទម្លាក់ជាតិស្ករមួយខែសិន បើជាតិស្ករល្អ គឺនឹងវះតែម្ដង ព្រោះគាត់ថា ឆ្អឹងជើងនឹងបាក់ខ្លាំង បើអប គ្រាន់តែជាបានមួយរយៈទេ គឺថ្ងៃក្រោយវាអាចប្រេះវិញ!»។ អ្នកនាងថា ខ្លួនត្រូវបានសម្រាកនៅផ្ទះអស់រយៈពេលច្រើនថ្ងៃមកហើយ ដោយសារតែបាក់ជើងម្ខាង ដែលសូម្បីដើរក្នុងផ្ទះក៏មិនកើត។ អ្នកនាងថា អ្វីដែលអ្នកនាងមិនសប្បាយចិត្ត គឺរឿងចំនួន២ ដែលអ្នកនាងបានថតនៅមុនពេលរបួស គឺមិនអាចឲ្យអ្នកនាងអាចបន្តថតទៀត។ អ្នកនាងនិយាយថាយ៉ាងហោច២ខែទៀត ទើបអ្នកនាងនឹងអាចថតរឿងតាមការគ្រោងទុកទៀតបាន ដោយក្នុងពេលនោះ ក៏ប្រហែលជាថតបានត្រឹមតែប្លង់អង្គុយ ឬឈរអីតិចតួចប៉ុណ្ណោះ បើប្លង់រត់ ឬប្លង់មានចលនាខ្លាំងក៏មិនទាន់អាចដែរ ដោយសារតែបញ្ហាជើងនេះ គឺក្រុមគ្រូពេទ្យប្រាប់ថា រហូតដល់៣ទៅ៦ខែទើបជាដាច់។
អ្នកនាងសុំឲ្យមានការយោគយល់ចំពោះអ្នកនាង និងថាបើរង់ចាំឲ្យអ្នកនាងថតបន្តនៅអំឡុង២ខែក្រោយ ទើបអ្នកនាងនឹងអាចទទួលថត៕
មតិយោបល់