ភ្នំពេញៈ នៅថ្ងៃទី២៤ សីហា មានការបញ្ជាក់ថា ខ្សែរឿង «គំនុំខ្មោចក្រមុំទាំង៣» នឹងធ្វើការទម្លាក់ផ្លាកនៅគ្រប់បណ្ដារោងទាំងអស់នៅភ្នំពេញ និងសៀមរាប ដោយសារតែរឿងថ្មី គឺរឿង «សង្សារខ្ញុំក្រមុំកូន១» ប្រកាសដាក់បញ្ចាំង។ ប៉ុន្តែឆ្លើយតបនឹងព័ត៌មាននេះ តំណាងផលិតកម្មបានអះអាងថា ខ្សែរឿងរបស់ខ្លួន ត្រូវបានអនុញ្ញាតឲ្យពន្យារពេលដាក់បញ្ចាំងបន្តទៀត គឺមិនធ្វើការទម្លាក់ផ្លាកដូចការលើកឡើងឡើយ។
លោក យូ អ៊ីន ជាតារាសម្ដែងក្នុងរឿង និងជាអ្នកចាត់ការទូទៅប្រចាំផលិតកម្មបដិហារ្យបានអះអាងថា គម្រោងខ្សែរឿង «គំនុំខ្មោចក្រមុំទាំង៣» ពិតមានការប៉ាន់ស្មានថា នឹងទម្លាក់ផ្លាកទន្ទឹមគ្នានឹងរឿងដាក់ថ្មីរបស់ផលិតកម្ម Red Picture ដាក់បញ្ចាំងនៅថ្ងៃទី២៤ សីហានោះមែន។ ប៉ុន្តែដោយសារតែអ្នកទស្សនានៅច្រើននៅឡើយ ទើបរោងកុនសម្រេចឲ្យពន្យារពេល ដែលលោកយល់ថា អាចនឹងដល់អាទិត្យក្រោយ ទើបធ្វើការជជែកគ្នាម្ដងទៀតជាមួយខាងរោងថា ត្រូវបន្ត ឬទម្លាក់ចោល។ លោកនិយាយថា «ពីមុនចឹងមែន តែឥឡូវដោយអ្នកមើលយើងបុកមកច្រើនៗរាល់ថ្ងៃ អ៊ីចឹងខាងរោងគាត់អត់ឲ្យដកទេ គាត់ទុកឲ្យយើងដល់អាទិត្យក្រោយទៀត!»។
លោកថា តាំងពីរឿង «គំនុំខ្មោចក្រមុំទាំង៣» ដាក់បញ្ចាំងក្នុងខ្សែរឿងមួយនេះទទួលបានអ្នកទស្សនាកើនឡើងរាល់ថ្ងៃ ហើយបើកុំតែអ្នកទស្សនាទិញសំបុត្រចូលច្រើនបែបនេះ ប្រហែលជាខាងម្ចាស់រោងតម្រូវឲ្យដកផ្លាកចេញបាត់ទៅហើយ ដោយសារតែរឿងថ្មី គឺរឿង«សង្សារខ្ញុំក្រមុំកូន១»ក៏បានដំណើរការ។
លោកចាត់ទុកថា រឿងដំបូងរបស់ផលិតកម្មបដិហារ្យនឹងទទួលបានជោគជ័យ ដោយសារតែការដាក់បញ្ចាំងបានតែប៉ុន្មានថ្ងៃ គឺរួចខ្លួន និងការដាក់បញ្ចាំងក្នុងថ្ងៃបន្តបន្ទាប់ គឺជាគម្រោងកើបចំណេញ។ លោកថា នឹងចាំអ៊ុតមើលចំនួនអ្នកទស្សនាក្នុងប៉ុន្មានថ្ងៃមុននឹងឈានទៅដល់ចុងសប្ដាហ៍ ដើម្បីឲ្យដឹងថា តើពេលបុកគ្នាជាមួយរឿងថ្មីរបស់ផលិតកម្ម Red Picture តើមានចំនួនអ្នកទស្សនានៅតែច្រើនដដែល ឬប្រែប្រួលកម្រិតណា។
លោកទទួចឲ្យបន្តគាំទ្រស្នាដៃរឿង «គំនុំខ្មោចក្រមុំទាំង៣» ក្រោយការពន្យារពេលបញ្ចាំង ដោយសារតែរឿងមួយនេះ គឺជារឿងប្រភេទមិនចម្លង និងរឿងដែលមានខ្លឹមសារអប់រំខ្ពស់ ក្រៅពីបង្កប់នូវឈុតឆាកកំប្លែង និងភ័យរន្ធត់៕
មតិយោបល់