ព័ត៌មានជាតិ

សម្តេចក្រឡាហោម ជំរុញឲ្យអាជ្ញាធរ ពង្រឹងសន្តិសុខ ក្នុងពេលបោះឆ្នោត ឆ្នាំ២០១៨ ខាងមុខ

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អ្នកដែលថាមិន ទទួលខុសត្រូវ គឺវា ងាយស្រួលជាងអ្នកថា ហើយទទួលខុសត្រូវ។ ការនិយាយឲ្យរួចតែពីមាត់ វាខុសពី អ្នកនិយាយហើយខំប្រឹងធ្វើ។សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ដូច្នេះ កាលព្រឹកថ្ងៃទី២៣ ខែសីហា ក្នុងដំណើរ ទស្សនកិច្ច ស្វែងយល់ អំពីកំណែទម្រង់រដ្ឋបាល ថ្នាក់ក្រោមជាតិ នៃរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ក៏បានរំលឹកពីកិច្ចការពារសុវត្ថិភាព នៅអំឡុងពេលមុនបោះឆ្នោត រហូតដល់ក្រោយបោះឆ្នោតកាលពីអំឡុងឆ្នាំ២០១៣ ដោយកាលណោះសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ បានខិតខំអស់ពី លទ្ធភាពដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ សាធារណៈឲ្យបានល្អប្រសើរ ទោះបីមានអំពើហឹង្សា នាៗកើតមាន ឡើងក៏ដោយ ក៏សមត្ថកិច្ច ទប់ស្កាត់និងបង្កាបានយ៉ាងល្អប្រសើរ ។ ដូចនេះសម្តេចក្រឡាហោម ស ខេង បានណែនាំ ឲ្យអាជ្ញាធររាជធានីភ្នំពេញ និងសមត្ថកិច្ច បន្តនូវកិច្ចការល្អ ចំពោះការថែរក្សាសុខសុវត្ថិភាព និង សណ្តាប់ធ្នាប់ជូន ប្រជាជន ដែលប្រទេសយើងឈានទៅរកការបោះឆ្នោត ឃុំសង្កាត់នាឆ្នាំ២០១៧ខាងមុខនេះ ក៏ដូចជាការបោះឆ្នោត សកលឆ្នាំ២០១៨ ។

លោកប៉ា សុវជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា វត្តមានរបស់សម្តេច ក្រឡាហោម ឧបនាយរដ្ឋមន្រ្តី ចំពោះទស្សនកិច្ច នាពេលនេះ គឺជាការលើកទឹកចិត្ត ដ៏ធំធេងដល់រដ្ឋបាលរាជធានីភ្នំ ពេញ ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង បំពេញនូវតួនាទី និងភារកិច្ចរបស់ខ្លួន ឲ្យកាន់តែសកម្មខ្លាំងក្លា ថែមទៀត សំដៅ កសាងរដ្ឋបាលឯកភាព ដើម្បីការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍក្រុង និងការ ផ្តល់សេវាសាធារណៈ ជូនបងប្អូន ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែ ល្អប្រសើរឡើង៕

photo_2016-08-23_16-15-44 photo_2016-08-23_16-15-52photo_2016-08-23_16-15-56photo_2016-08-23_16-16-00

មតិយោបល់