ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន ៣នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ និងមនុស្សប្រុសស្រីចំនួន ៣នាក់ ទៀតបានរងរបួសធ្ងន់ ក្នុងករណីរថយន្តបុករះកាលពីវេលាម៉ោង ១០:១៥នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅខាងលិចសួនឧស្សាហកម្មកាណាឌីយ៉ាប្រមាណ៥០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបេីយោងតាមការឱ្យដឹងពី លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។
លោក សាន សុខសីហា បានបញ្ជាក់ថា ក្រោយពីកេីតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ហេីយមិនទាន់មានរបាយការណ៍ពីការស្លាប់បន្ថែមនៅឡេីយទេ គិតត្រឹមព្រឹកថ្ងៃទី១៧ ។ ចំណែកសាកសពជនរងគ្រោះទាំង៣នាក់ និងអ្នករងរបួសធ្ងន់ស្រាលចំនួន ៣នាក់ ក៏មិនទាន់កំណត់អត្តសញ្ញាណច្បាស់លាស់នៅឡើយដែរ។ ករណី នេះក្នុងរថយន្តបង្ក មានបុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀតជាអ្នកបើករថយន្តធុនត្រា ត្រូវបានឃាត់ខ្លួនភ្លាមៗក្រោយកេីតហេតុ ហេីយនឹងត្រូវបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។
សូមបញ្ជាក់ថា យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុគេឃើញបុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀតជាអ្នកបើកបររថយន្ដធុនត្រាពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2AG-7060 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ក្នុងទិសដៅពីត្បូងទៅជើងបានប៉ះម៉ូតូមួយគ្រឿងរងការខូចខាតតិចតួច តែមិនព្រមឈប់ដោះស្រាយនោះទេ ហើយបានព្យាយាមបើករត់ទៅផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ។
លុះមកដល់កន្លែងកើតហេតុខាងលើ ខណៈមេឃកំពុងធ្លាក់ភ្លៀងផង បានរេចង្កូតមកខាងស្ដាំដៃឡើងលើចិញ្ចើមផ្លូវបុករះម៉ូតូរទេះលក់សាច់គោដុត និងផ្ទះប្រជាពលរដ្ឋក៏ដូចជាស្លាកសញ្ញាចរាចរណ៍បណ្ដាលឱ្យដួល និងបែកបាក់រាយប៉ាយពេញផ្លូវ និងសម្ភារមួយចំនួនទៀតរងការខូចខាត និងបណ្ដាលឱ្យមនុស្សប្រុសស្រីចំនួន ៣នាក់ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកប្រុសស្រី៣នាក់ទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ភ្លាមនោះម្ចាស់រថយន្តបង្ក និងអ្នករួមដំណើរបាននាំគ្នារត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋនាំគ្នាធ្វើការឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ច រួចបញ្ជូនទៅអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះដល់ចំណុចទីតាំងកើតហេតុ។ ចំណែករថយន្ត និងជនបង្ក ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញវាស់វែងរួចយកទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់