ភ្នំពេញៈ នៅទីបំផុតបទនិពន្ធថ្មីរបស់ក្រុមឌីជេដែលមានឈ្មោះថាក្រុមឌីជេEDM Cambodia ត្រូវបានបញ្ចេញហើយដោយបទដំបូងរបស់ក្រុមនេះគឺមានចំណងជើងថា«ឥទ្ធិពលស្នេហ៍»។ ក្នុងប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ថាបទរបស់ក្រុម EDM ទទួលបានការពេញនិយមយ៉ាងខ្លាំង ដោយសារតែអត្ថន័យ និងសាច់ភ្លេងស្ដាប់ហើយជក់ចិត្ត។
ពាក់ព័ន្ធនឹងការផលិតបទដំបូងនេះ លោកឌីជេ ណាហ្គា ដែលស្ថិតក្នុងក្រុមឌីជេ EDM បានអះអាងថាតាំងពីបានកកើតស្ទីឌីយោ ឬក្រុម EDM ក្រុមរបស់លោកទើបតែផលិតបានមួយបទប៉ុណ្ណោះ គឺបទ«ឥទ្ធិពលស្នេហ៍» ដែលទើបនឹងសម្រេចបង្ហោះនៅលើ Youtube ។ លោកថាបទនេះត្រូវបាននិពន្ធឡើងប្រមាណជាពីរខែមកហើយ ប៉ុន្តែមកពីការថត MV ទើបតែបញ្ចប់ ទើបបទដែលបាននិពន្ធឡើងទើបនឹងបានបង្ហោះឡើង។ លោកទទួលស្គាល់ថាបទនេះមានអ្នកចូលទស្សនាច្រើនចាប់តាំងពីបានបង្ហោះ ហើយលោកក៏មានគម្រោងដាក់បង្ហោះ និងចែកចាយនៅលើគណនីហ្វេសប៊ុកផងដែរ។ លោកថាបទនេះនិពន្ធដោយឌីជេហេតុអ្វី និងច្រៀងដោយឌីជេ៣នាក់ គឺលោក ឌីជេហេតុអ្វី និងកញ្ញាកាកា ដែលអ្នកទាំង៣គឺជាសុទ្ធតែឌីជេក្នុងក្រុម EDM ។ លោកថាក្រុមរបស់លោកសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីឃើញបទ«ឥទ្ធិពលស្នេហ៍»ទទួលបានការសរសើរក្រោយពេលបង្ហោះឡើង។ លោក និងឌីជេ២រូបទៀត នឹងឡើងប្រូម៉ូដបទថ្មីមួយនេះនៅក្នុងកម្មវិធីផ្សេង ដើម្បីបង្ហាញថាក្រុមរបស់លោកក៏មានសមត្ថភាពនិពន្ធបទថ្មី ដែលជាស្នាដៃកូនខ្មែរ។
ឌីជេ ណាហ្គា បន្តថាលោក និងមិត្តរួមក្រុមនឹងបន្តផលិតបទថ្មីឲ្យបានកាន់តែច្រើន ប៉ុន្តែលោកទទូចឲ្យមានបណ្ដាក្រុមហ៊ុន ឬក្រុមអ្នកមានគំនិតចង់លើកតំកើងបទOriginal ចូលរួមសហការជាមួយក្នុងការងារនេះ ទើបធ្វើឲ្យក្រុមលោកមានលទ្ធភាពផលិតបទថ្មីបានច្រើន។ លោកនិយាយថាខ្លួនមានគំនិតនិពន្ធថ្មីប៉ុណ្ណោះ ប៉ុន្តែសម្រាប់ធនធានគឺមិនមានច្រើនទេ ទើបយូរមកហើយទើបផលិតបានមួយបទគឺបទ«ឥទ្ធិពលស្នេហ៍»។ យ៉ាងណាមិញលោកថាសប្បាយចិត្ត ដោយសារតែមួយបទដែលបានរំលេចនោះទទួលបានការគាំទ្រតាមការចង់៕
https://youtu.be/oqdwR-xLkDc
មតិយោបល់