បន្ទាប់ពីបាត់មុខពីសង្វៀនសិល្បៈ មួយរយៈលើថាសស៊ីឌីរបស់រស្មីហង្សមាស សាពួន មីដាដា ថបថយនូវប្រជាប្រិយភាព មានពេលខ្លះអ្នកដែលធ្លាប់ធ្វើការគាំទ្រ សាពួន មីដាដា គិតថាលោកឈប់ពីសង្វៀនសិល្បៈ ក៏មានដែរ ។
វត្តមានសាពួន មីដាដា ក្នុងកម្មវិធីធំប្រចាំឆ្នាំរបស់ ហង្សមាស Best of The Best ទោះបីជាខិតខំលេងស្តាយពុកចង្កោ ខោ អាវក្តី តែប្រជាប្រិយភាពគាំទ្រដូចជាស្តួចស្តើងមិនដូច ភាពល្បីឈ្មោះរបស់លោក ក្នុងវ៉ុល “ដើម្បីអ្វីទៅអូន” នោះទេ ។ ម្លោះហើយមានអ្នកគាំទ្រខ្លះគិតថា សាពួន មីដាដា នឹងបាត់មុខពីពិភពសិល្បៈ ក្នុងពេលឆាប់ៗនេះ ។
ដោយហេតុផលមួយ បទចម្រៀងដែលសាពួន មីដាដា ធ្លាប់សាងកេរ្តិ៍ឈ្មោះ ឲ្យល្បីល្បាញ ស្រាប់តែត្រូវ អ្នកនាង យក់ ថិតរដ្ឋា យកទៅច្រៀងទៅវិញតាមរយៈបទ”អស់ស្នេហ៍តែមិនចង់បាត់បង់អូន” ដែលជាដើមហេតុមួយធ្វើឲ្យមជ្ឈដ្ឋានអ្នកគាំទ្រ គិតហើយគិតម្តងទៀតថា សាពួននឹងបាត់មុខ ពីមជ្ឈដ្ឋានសិល្បៈនាពេលខាងមុខនេះ ។ តាមរយៈបទនេះ ទោះបីជាខុសតុង ដើមក្តី ដែលតុងពីមុនជាសំនៀងរបស់លោក សាពួន មីដាដា តែ អ្នកនាងយក់ ថិតរដ្ឋា យកមកច្រៀងមានសំនៀងមិនចាញ់លោក សាពួន ប៉ុន្មានដែរ ទាំងការបញ្ចូល អារម្មណ៍ លេងទឹកមុខជាដើម ។
គួរបញ្ជាក់ផងដែរ យក់ ឋិត ជាអតីតតារាចមៀងដែលមានប្រភពប្រសូត្រចេញពី ក្រុម អ៊ីវី របស់ផលិតកម្ម KH Production ហើយហក់លោតផ្លោះពីផលិតកម្មមួយទៅផលិតកម្មមួយដោយសាងកេរ្តិ៍ឈ្មោះឲ្យផលិតកម្មដែលខ្លួនជ្រកកោនជានិច្ច រហូតមកដល់ឆ្នាំ ២០១១ រដ្ឋា មានវត្តមាននៅក្នុងផលិតកម្ម Bigman ហើយត្រូវបានគេស្គាល់តាមរយៈបទ “ស្រលាញ់គ្នាឲ្យស្លាប់ចុះថ្លៃ” តែក្រោយៗមកក៏បាត់វត្តមានតារារូបនេះ នៅក្នុងផលិតកម្ម Bingman Production ទើបមកដល់ឆ្នាំ ២០១២ ក្នុងការប្រគំតន្រ្តីប្រចាំឆ្នាំតែមួយគត់របស់ ហង្សមាសទើបគេដឹងជាក់ថា យក់ ថិតរដ្ឋា ពិតជានៅហង្សមាសមែន ហើយថែមទាំងដណ្តើមប្រជាប្រិយភាពតារាប្រុស សាពួន មីដាដា ទៀតផង ៕
អត្ថបទៈ បុរសដំណឹង
មតិយោបល់