ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រវត្តិកំនាព្យខ្មែរ

បើ​យើង​ពឹង​ផ្អែក​លើ​បទ​ភ្លេង និង​ទំនុក​ច្រៀង​នៃ​វង់​ភ្លេង​អារក្ស​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​ តន្រ្តីខ្មែរ​យល់​ថា ជា​វង់ភ្លេង​ខ្សែ​ដែល​កើត​មុន​គេ ដូច​គ្នា​នឹង​គ្រឿង ដំគង​កាប់​ក្របី​របស់​បង​ប្អូន​ជន​ជាតិ ដែរ​នោះ ជា​តន្ត្រី​សម្រាប់​បម្រើ​ពិធី​ផ្សេងៗ ៖ បូជា​អារក្ស​អ្នកតា ដែល​ជា​ជំនឿ​របស់​ខ្មែរដើម ហើយ​ដែល​កើត​មាន​​តាំង​ពី​មុន​សម័យ​ព្រះពុទ្ឋសាសនានិង​ព្រហ្មមញ្ញសាសនា​រហូត​ចូល​មក​កម្ពុជា “៣០៩ឆ្នាំ មុនគ.ស” នេះ….

ម្យ៉ាងទៀត បើ​យើង​ពឹង​ផ្អែក​លើ​ទំនុក​ច្រៀង បទ​ភ្លេង​នៃ​វង់​ភ្លេង​ប្រពៃណី​(ភ្លេងការ) ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​យល់​ថា​កើត​មាន​តាំង​ពី​សតវត្សរ៍​ទី១ នៃ​គ្រឹស្ត​សករាជ គឺ​ក្នុង​ពេល​ដែល​រៀប​អាពាហ៍​ពិពាហ៍ មង្គលការ ព្រះថោង​និង​នាងនាគ (ហ៊ុនទៀន និង​នាង​លីវយី ឬ​ព្រះនាង​សោមា​កូនព្រះច័ន្ទ្រ) ហើយ​ដែល​មាន​បទ​មួយ​ចំនួន​ទាក់​ទង​នឹង​ប្រវត្តិសាស្រ្ត ដូចជា​ បទព្រះថោង​នាងនាគ នាគព័ន្ធ ជាដើម យើង​ឃើញ​ថា​កំនាព្យខ្មែរដែល​កើត​មាន​មុន​គេ គឺ​បទពាក្យ ៤ ដែល​ក្នុង​មួយ​ល្បះខណ្ឌ​មាន ៤ឃ្លា និង​ក្នុង​មួយ​ឃ្លា​មាន ៤ព្យាង្គ ស្មើគ្នា។

រហូត​​មក​ដល់​ចុង​សតវត្សទី៦ ដើម​សម័យចេនឡា​ ទើប​យើង​ឃើញ​មាន​៤ទម្រង់​កំណាព្យ​មួយ​បទ​ទៀត កើត​ឡើង ៖ ឈ្មោះបទបថ្យាវត្ត​គឺ​ក្នុង​១​ល្បះ​មាន​៤​ឃ្លា និង​ក្នុង​១​ឃ្លា​មាន​៨​ព្យាង្គ… ប៉ុន្តែ​ការ​ចាប់​ចុងចួន មិន​ដូចពាក្យ​ ៨ ដែល​កើត​សម័យ​ក្រោយ​ទេ។

នៅ​ក្នុង​រឿងរាមកេរ្តិ៍ពី​ខ្សែ​១ ដល់​ខ្សែ​១០​ ដែល​កើត​មាន​នៅ​សម័យអង្គរគេ​ឃើញ​មាន​ទម្រង់​កំណាព្យ ៥បទ​ទៀត កើត​ឡើង​គឺ ៖

  • បទកាកគតិ៖ ដែល​ក្នុង​១​ល្បះ​ខណ្ឌ មាន​៧​ឃ្លា និង​ក្នុង​១​ឃ្លា​មាន​៤​ព្យាង្គ​ស្មើគ្នា។
  • បទព្រហ្មគិតិ ៖ ១​ល្បះ​មាន​៤​ឃ្លា – ឃ្លា​ទី​១​មាន​៥​ព្យាង្គ ឃ្លា​ទី​២​មាន​៦​ព្យាង្គ ឃ្លា​ទី​៣​មាន​៥​ព្យាង្គ និង​ឃ្លា​ទី​៤​មាន​៦​ព្យាង្គ។
  • បទ​ពំនោល៖ ១​ល្បះ​មាន​២​ឃ្លា​ – ឃ្លា​ទី​១​មាន​៦​ព្យាង្គ ឃ្លា​ទី​២​មាន​៤​ព្យាង្គ និង​ឃ្លា​ទី​៣មាន​៦​ព្យាង្គ។
  • បទបន្ទោលកាក ៖ ១​ល្បះ​មាន​៤​ឃ្លា – ឃ្លា​ទី​១​មាន​៤​ព្យាង្គ ឃ្លា​ទី​២​មាន​៦​ព្យាង្គ ឃ្លា​ទី​៣​មាន​៤​ព្យាង្គ ឃ្លា​ទី​៤​មាន​៦​ព្យាង្គ។
  • បទ​ភុជង្គលីលា៖ ១​ល្បះ​មាន​៣​ឃ្លា – ឃ្លា​ទី​១មាន​៦​ព្យាង្គ ឃ្លា​ទី​២​និង​ទី​៣​មាន​៤​ព្យាង្គ។

ទម្រង់កំណាព្យ​ទាំង​៥​ខាង​លើមាន​តាំង​ពី​សម័យ​អង្គរ​មក​ម្ល៉េះ ប៉ុន្តែ​គេ​ពុំ​ទាន់​ឃើញ​ប្រើ​ឈ្មោះ​នៅ​ឡើយ។ រហូត​មក​ដល់​សតវត្ស​ទី​១៥ ឆ្នាំ១៤៩៨ ក្នុង​ល្បើកអង្គររបស់អ្នកប៉ាង ទើប​កំណាព្យ​ដដែល​នេះ​មាន​ប្រើ​ឈ្មោះ​ជា កាកគតិ ព្រហ្មគីតិ ពំនោល បន្ទោលកាក និង​ភុជង្គលីលា។

នៅ​ក្នុង​រឿង​រាមកេរ្តិ៍ ពី​ខ្សែ​៧៥​ ដល់​៨០ ដែល​ជា​ស្នាដៃ​បន្ត ហើយ​ដែល​អ្នក​ស្រាវជ្រាវ​អក្សរសាស្ត្រ​ជាតិ​យល់​ថា​ជា​ស្នាដៃ​កើត​ក្រោយ​ សម័យ​អង្គរ ឬ​ក៏​ក្រោយ​ពេល​ជ្រួល​ច្របល់​ចលាចល ព្រោះ​សៀម​លុក​លុយ​ក្រុងអង្គរ​នោះ គេ​ឃើញ​មាន​កំណាព្យ​ថ្មី​មួយ​ទៀត គឺបទពាក្យ​៦ ដែល​ក្នុង​១​ល្បះ​មាន​៤​ឃ្លា ក្នុង​១​ឃ្លា​មាន​៦​ព្យាង្គ​ស្មើ​គ្នា។

មកដល់​សម័យចតុមុខ​ចាប់​ពី​ពេល​ដែលព្រះបាទពញ៉ាយ៉ាត​ប្តូរ​រាជធានី​ពី​អង្គរ​មក​តាំង​នៅ​ ស្រីសន្ឋរ រួច​មកភ្នំពេញ និង​ការ​ផ្លាស់ប្តូរ​ទីក្រុង​ចុះ​ឡើង ពី​ភ្នំពេញ​ទៅ​លង្វែក ពីលង្វែកទៅ​ឧត្តុង្គនិង​កន្លែង​ដទៃ​ជា​ច្រើន​ទៀត រហូត​ដល់​សម័យ​នរោត្តម​ប្តូរ​ទីក្រុង​ពី​ឧត្តុង្គ​មក​ភ្នំពេញ… ដល់​សព្វ​ថ្ងៃ​នេះ គេ​ឃើញ​មាន​កំណាព្យ​ជា​ច្រើន​ទៀត​បាន​កើត​ឡើង។

  • បទពាក្យ ៧ ៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៧ព្យាង្គ
  • បទពាក្យ ៨ ៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៨ព្យាង្គ
  • បទពាក្យ ៩ ៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ
  • បទពាក្យ ១០ ៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន១០ព្យាង្គ
  • បទពាក្យ ១១ ៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន១១ព្យាង្គ

ក្រៅ​ពីនេះ​នៅ​មាន​កំនាព្យ​ជា​ច្រើន​ទៀត​ដែល​ខា​គេហទំព័រ​មិនអាចរ៉ាយរ៉ាប់​រាយ​រាប់​បាន​​ ដូច​ជា គោ​ព័ន្ឋ​ស្នឹង ​​រមាំង​ដើរ​ព្រៃ ជា​ដើម ៕

ប្រភព៖ Wikipedia

មតិយោបល់